វៀតណាមត្រៀមខ្លួនជាស្រេចគាំទ្រឡាវក្នុងការកសាងសមត្ថភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
កប.អនឡាញ - ក្នុងឱកាសអមដំណើរលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងជាសហអធិបតីនៃកិច្ចប្រជុំលើកទី ៤៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ឡាវ នាថ្ងៃទី ៩ ខែមករា នៅរដ្ឋធានីវៀងច័ន្ទ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបសម្តែងការគួរសមលោកឧត្តមសេនីយ៍ឯក Khamlieng Outhakaysone រដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ និងជួបសវនាការជាមួយលោកឧត្តមសេនីយ៍ឯក Vongkham Phommakone អនុរដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ។
នៅក្នុងជំនួប ភាគីទាំងពីរបានបន្តបញ្ជាក់ពីគោលបំណង ពង្រឹង និងរឹតបន្តឹងទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងកងទ័ពនៃប្រទេសទាំងពីរ វៀតណាម - ឡាវ។ នៅក្នុងវិស័យការពារជាតិ ភាគីទាំងពីរបានឯកភាពអនុវត្តខ្លឹមសារដែលបានអនុម័តដោយក្រសួងការពារជាតិនៃប្រទេសទាំងពីរក្នុងផែនការសហប្រតិបត្តិការនៅឆ្នាំ ២០២៥។
|
|
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជួបសម្តែងការគួរសមលោកឧត្តមសេនីយ៍ឯក Khamlieng Outhakaysone រដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ |
ដោយអបអរសាទរលោកឧត្តមសេនីយ៍ឯក Khamlieng Outhakaysone ដែលត្រូវបានតែងតាំងដោយបក្ស រដ្ឋឡាវឲ្យកាន់តំណែងជារដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សម្តែងនូវជំនឿជាក់ថា លោកឧត្តមសេនីយ៍ឯក Khamlieng Outhakaysone នឹងដឹកនាំកងទ័ពប្រជាជនឡាវ ឲ្យកាន់តែអភិវឌ្ឍថែមទៀត ទំនាក់ទំនងសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ វៀតណាម - ឡាវ ឲ្យកាន់តែជិតស្និទ្ធថែមទៀត។
តាងនាមថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ឯក Khamlieng Outhakaysone ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារជាតិឡាវ ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ដើម្បីចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម ខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល និងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមលើកទី ២ ឆ្នាំ ២០២៤ ក៏ដូចជាការបញ្ជូនអង្គភាពអាជីវកម្មការពារជាតិដើម្បីតាំងបង្ហាញផលិតផលនៅឯពិព័រណ៍; បញ្ជូនក្រុមតន្រ្តីយោធាទៅចូលរួមកម្មវិធីជួបប្រាស្រ័យតន្រ្តីយោធាឆ្នាំ ២០២៤ និងក្រុមសិល្បៈទៅសម្តែងនៅអង្គភាពក្នុងជួរកងទ័ព។
|
|
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជូនផ្កាអបអរសាទរ លោកឧត្តមសេនីយ៍ឯក Khamlieng Outhakaysone រដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ក៏បានជម្រាបជូនរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវអំពីលទ្ធផលនៃជំនួបការងារជាមួយលោកឧត្តមសេនីយ៍ឯក Vongkham Phommakone អនុរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ ដែលក្នុងនោះ ភាគីទាំងពីរបានកំណត់ទិសដៅកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ២០២៥។
* គួរបញ្ជាក់ថា នារសៀលថ្ងៃដដែល លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជួបសវនាការជាមួយលោកឧត្តមសេនីយ៍ឯក Vongkham Phommakone អនុរដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ។
នៅក្នុងជំនួប ភាគីទាំងពីរបានឯកភាពដឹកនាំស្ថាប័ន និងអង្គភាពនានាសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការអនុវត្តខ្លឹមសារនៃពិធីសារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វៀតណាម-ឡាវ ដំណាក់កាល ២០២៥-២០២៩ និងផែនការសហប្រតិបត្តិការឆ្នាំ២០២៥ និងការយល់ដឹងរួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពថា នាពេលខាងមុខ ក្រសួងការពារជាតិនៃប្រទេសទាំងពីរនឹងបន្តផ្តោតការយកចិត្តទុកដាក់លើការរក្សា និងជំរុញខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ រួមមាន៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ រក្សាប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ដូចជាកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ឡាវ ជំនួបប្រាស្រ័យនាយទាហានវ័យក្មេងនៃប្រទេសទាំងពីរ...; ជំរុញកិច្ចសហប្រតិបត្តិការលើការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា ក្រសួងការពារប្រទេសវៀតណាមគាំទ្រ និងត្រៀមខ្លួនជាស្រេចផ្លាស់ប្តូរក្រុមការងារ និងអ្នកជំនាញ ដើម្បីណែនាំអំពីការរៀបចំ និងពង្រាយកងកម្លាំង គាំទ្រការហ្វឹកហាត់ បណ្តុះបណ្តាល និងការកសាងសមត្ថភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងដាក់ពង្រាយកម្លាំងសម្រាប់ភាគីឡាវ។
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសម្តែងនូវក្តីសង្ឃឹមថា ក្រសួងការពារជាតិ និងរដ្ឋាភិបាលឡាវនឹងបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសវៀតណាម រួមទាំងសហគ្រាសយោធាមកបណ្តាក់ទុននៅឡាវលើវិស័យព័ត៌មានបច្ចេកវិទ្យា និងការធ្វើបរិវត្តកម្មឌីជីថលជាតិ ប្រៃសណីយ៍ សំណង់។ល៕
បកប្រែដោយ Huyen Trang