លោកនាយឧត្តមសេនីយ៍ Phan Van Giang ជួបសំណេះសំណាលជាមួយយុទ្ធជននៃកងពលតូចលេខ១៤៤ ត្រៀមចេញពីជួរកងទ័ព
កប.អនឡាញ - នារសៀលថ្ងៃទី ៨ មករា នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានចូលរួមអបអរសាទរ និងលើកទឹកចិត្តដល់យុទ្ធជននៃកងពលតូចលេខ១៤៤ (អគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម) បានបញ្ចប់ការបំពេញកាតព្វកិច្ចយោធា ហើយត្រៀមចេញពីជួរកងទ័ពនៅឆ្នាំ ២០២៥។
អញ្ជើញចូលរួមជំនួបក៏មានលោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។
|
|
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong និងប្រតិភូនានា រួមជាមួយយុទ្ធជននៃកងពលតូចលេខ១៤៤ ត្រៀមចេញពីជួរកងទ័ព |
នៅក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានទទួលស្គាល់ និងលើកសរសើរចំពោះស្នាដៃលេចធ្លោក្នុងការសិក្សា ការលត់ដំ និងកិច្ចខិតខំប្រឹងប្រែងរបស់កម្មាភិបាល និងយុទ្ធជននៃកងពលតូចលេខ ១៤៤; ទទួលស្គាល់ជួរយុទ្ធជនដែលបានបំពេញភារកិច្ចយាម ការពារសុវត្ថិភាពជាដាច់ខាត សម្រាប់ទីស្នាក់ការនៃបញ្ជាការដ្ឋាន-ស្ថាប័ននៃក្រសួងការពារប្រទេស និងភារកិច្ចសំខាន់ៗជាច្រើនទៀតដែលសក្តិសមជាកងកម្លាំងយាមស្មោះត្រង់របស់កងទ័ព។
ដោយរំលឹកឡើងវិញនូវប្រពៃណីវីរភាពរបស់កងទ័ព លោករដ្ឋមន្ត្រី Phan Van Giang សង្ឃឹមថា យុទ្ធជនវិលត្រឡប់ទៅកាន់មូលដ្ឋានវិញនឹងរក្សា និងលើកកម្ពស់គុណសម្បត្តិដ៏ថ្លៃថ្នូររបស់កងទ័ពលោក អ៊ំ ហូ ក្នុងការងារ និងជីវភាពរស់នៅ; ជាគំរូល្អក្នុងការអនុវត្ត ផ្សព្វផ្សាយ ចលនាគ្រួសារ ញាតិមិត្ត និងប្រជាជនក្នុងតំបន់ឱ្យគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍របស់បក្ស និងគោលនយោបាយ និងច្បាប់របស់រដ្ឋ; សិក្សា លត់ដំ និងផលិត ចូលរួមក្នុងចលនាស្នេហាជាតិនៅតាមស្ថាប័ន អង្គភាព និងមូលដ្ឋាន រួមចំណែកកសាងគ្រួសារ និងមាតុភូមិឱ្យកាន់តែរីកចម្រើន ស្រស់ស្អាត និងស៊ីវិល័យ។
ក្នុងឱកាសត្រៀមរៀបចំអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ២០២៥ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានជូនពរដល់យុទ្ធជន និងក្រុមគ្រួសារ ជួបតែសេចក្តីសុខ សុភមង្គល ឆ្នាំថ្មី ប្រកបដោយភាពរីករាយ និងជោគជ័យគ្រប់ប្រការ៕
បកប្រែដោយ Huyen Trang