ក្រសួងការពារប្រទេសវៀតណាម ជូនពរក្នុងឱកាសរំលឹកខួបលើកទី ៤៩ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
កប.អនឡាញ - នាព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានដឹកនាំគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមទៅកាន់ស្ថានទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំទីក្រុងហាណូយ ជូនពរក្នុងឱកាសរំលឹកខួបលើកទី ៤៩ ទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ថ្ងៃទី ២ ខែធ្នូ ឆ្នាំ១៩៧៥ / ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤)។
តាងនាមថ្នាក់ដឹកនាំក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានជូនពរឯកអគ្គរដ្ឋទូត អនុព័ន្ធយោធា និងកម្មាភិបាល បុគ្គលិកនៃស្ថានទូតក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិរបស់ឡាវ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានជូនពរចំពោះសមិទ្ធិផលសំខាន់ៗដែលឡាវសម្រេចបានក្នុងបុព្វហេតុកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសក្នុងរយៈពេល ៤៩ ឆ្នាំកន្លងមក ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សប្រជាជនបដិវត្តន៍ឡាវ; ជូនពរឡាវដែលទទួលបានជោគជ័យក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២៤ ព្រមទាំងជូនពរឱ្យទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម-ឡាវ ស្ថិតស្ថិរជារៀងរហូត។
|
|
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជូនផ្កាអបអរសាទរក្នុងឱកាសរំលឹកខួបលើកទី ៤៩ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វៀតណាម-ឡាវ បានអភិវឌ្ឍដោយឥតឈប់ឈរក្នុងរយៈពេលកន្លងមក ដែលបានអះអាងនូវតួនាទីជាសសរស្តម្ភសំខាន់មួយនៃទំនាក់ទំនងទ្វេភាគី។ លោកបានអះអាងថា នាពេលខាងមុខ សកម្មភាពសហប្រតិបត្តិការលើវិស័យការពារជាតិ វៀតណាម-ឡាវ នឹងត្រូវបានអនុវត្តតាមពិធីសារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដំណាក់កាល ឆ្នាំ២០២៥-២០២៩ និងផែនការសហប្រតិបត្តិការឆ្នាំ២០២៥ ដែលបានចុះហត្ថលេខា។ លោកបានសង្ឃឹមថា លោកស្រី Khamphao Ernthavanh ឯកអគ្គរដ្ឋទូតឡាវប្រចាំវៀតណាម នឹងគាំទ្រ សម្របសម្រួលយ៉ាងជិតស្និទ្ធ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ស្ថាប័នពាក់ព័ន្ធនៃភាគីទាំងពីរ អនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីយ៉ាងទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព។
លោកស្រី Khamphao Ernthavanh ឯកអគ្គរដ្ឋទូតឡាវប្រចាំវៀតណាមបានថ្លែងអំណរគុណចំពោះគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម ដែលបានមកជូនពរស្ថានទូតក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិរបស់ឡាវ។ លោកស្រីបានបញ្ជាក់យ៉ាងច្បាស់ថា បក្ស រដ្ឋ រដ្ឋាភិបាល កងទ័ព និងប្រជាជនឡាវ តែងតែដឹងគុណចំពោះបក្ស រដ្ឋ រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលបានប្រកៀកស្មាជាមួយឡាវក្នុងបុព្វហេតុតស៊ូដណ្តើមបានឯករាជ្យភាព និងការបង្រួបបង្រួមប្រទេសជាតិកាលពីមុន ក៏ដូចជាក្នុងបុព្វហេតុកសាង ការពារ និងអភិវឌ្ឍប្រទេសសព្វថ្ងៃនេះ។ លោកស្រីបានថ្លែងអំណរគុណចំពោះការគាំទ្រ និងការជួយឧបត្ថម្ភរបស់វៀតណាមចំពោះឡាវក្នុងឆ្នាំជាប្រធានអាស៊ានឆ្នាំ ២០២៤។ លោកស្រីឯកអគ្គរដ្ឋទូត Khamphao Ernthavanh បានវាយតំលៃខ្ពស់ចំពោះការរីកចម្រើនក្នុងទំនាក់ទំនង ឡាវ-វៀតណាម លើគ្រប់វិស័យ រួមទាំងវិស័យការពារជាតិផងដែរ។ លោកស្រីបានអះអាងថា ឡាវយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយវៀតណាម។ លោកស្រីក៏បានបញ្ជាក់ថា ក្នុងមុខតំណែងរបស់ខ្លួន លោកស្រីនឹងតែងតែគាំទ្រ និងដើរតួជាស្ពាន ដើម្បីជំរុញការអភិវឌ្ឍទំនាក់ទំនង ឡាវ-វៀតណាម លើគ្រប់វិស័យ រួមទាំងវិស័យការពារជាតិផងដែរ៕
បកប្រែដោយ Huyen Trang