នៅក្នុងជំនួប ភាគីទាំងពីរបានបន្តអះអាងនូវបំណងចង់ពង្រឹង និងរឹតបន្តឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងកងទ័ពនៃប្រទេសទាំងពីរ វៀតណាម-ឡាវ។ ក្នុងវិស័យការពារជាតិ ភាគីទាំងពីរបានឯកភាពអនុវត្តខ្លឹមសារដែលបានអនុម័តដោយក្រសួងការពារជាតិនៃប្រទេសទាំងពីរក្នុងផែនការសហប្រតិបត្តិការឆ្នាំ ២០២៤។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានជម្រាបជូនលោកនាយឧត្តមសេនីយ៍ Chansamone Chanyalath អំពីខ្លឹមសារដែលបានពិភាក្សា និងឯកភាពជាមួយលោកឧត្តមសេនីយ៍ឯក Vongkham Phommakone អនុរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ ក្នុងជំនួបធ្វើការនាព្រឹកថ្ងៃទី៩ ខែតុលា រួមទាំងការត្រៀមរៀបចំជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវលើកទី២ នៅខេត្ត Son La (ប្រទេសវៀតណាម) និងខេត្ត Houaphanh (ប្រទេសឡាវ) ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែតុលា។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកនាយឧត្តមសេនីយ៍ Chansamone Chanyalath

លោកនាយឧត្តមសេនីយ៍ Chansamone Chanyalath បានលើកសរសើរចំពោះស្ថាប័នមានសមត្ថកិច្ចនៃក្រសួងការពារជាតិនៃប្រទេសទាំងពីរ ដែលបានត្រៀមរៀបចំព្រឹត្តិការណ៍នានា ព្រមទាំងឯកភាពថា ក្រសួងការពារជាតិនៃប្រទេសទាំងពីរនឹងចុះត្រួតពិនិត្យចុងក្រោយនៅថ្ងៃទី ២១ ខែតុលា ដើម្បីធានាសកម្មភាពប្រព្រឹត្តទៅតាមផែនការ។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ក៏បានពិភាក្សាអំពីសកម្មភាពសំខាន់ៗមួយចំនួនដែលនឹងអនុវត្តនាពេលខាងមុខ រួមមាន៖ កិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា និងសកម្មភាពពាក់ព័ន្ធមួយចំនួននៅកម្ពុជាក្នុងខែវិច្ឆិកា; ដំណើរទស្សនកិច្ចនៅប្រទេសឡាវ ការចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) របស់លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមក្នុងខែវិច្ឆិកា ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល និងការផ្លាស់ប្តូររវាងនាយទាហានវ័យក្មេងនៃភាគីទាំងពីរ។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យភាគីឡាវបន្តគាំទ្រខ្លឹមសារសហប្រតិបត្តិការនៃសាជីវកម្មឧស្សាហកម្ម និងទូរគមនាគមន៍យោធា (Viettel) ជាមួយស្ថាប័នរបស់រដ្ឋាភិបាល និងក្រសួងការពារជាតិឡាវ រួមទាំងបរិវត្តកម្មឌីជីថល៕

បកប្រែដោយ Huyen Trang