នៅក្នុងកិច្ចពិភាក្សាការងារ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា ការដែលវៀតណាម និងសហរដ្ឋអាមេរិក តម្លើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព គឺជាមូលដ្ឋានអំណោយផលសម្រាប់ការអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ USAID ប្រចាំវៀតណាម ក្នុងការគាំទ្រការអនុវត្តសកម្មភាពជំនះពុះពារផលវិបាកនៃសង្គ្រាមនៅវៀតណាម ជាពិសេសការបង្កើនថវិកាជួយឧបត្ថម្ភការបន្សាបជាតិពុល dioxin នៅអាកាសយានដ្ឋាន Bien Hoa និងបំពេញបន្ថែមថវិកាជួយឧបត្ថម្ភជនពិការនៅតាមបណ្តាខេត្ត ដែលត្រូវបានបាញ់សារធាតុគីមីពុលពណ៌លឿងទុំយ៉ាងខ្លាំង។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ផ្តល់វត្ថុអនុស្សាវរីយ៍ជូនលោកស្រី Aler Grubbs នាយិកា USAID  ប្រចាំវៀតណាម

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើថា នាពេលខាងមុខ USAID ប្រចាំវៀតណាម នឹងសម្របសម្រួលជាមួយក្រសួងការពារប្រទេសវៀតណាម ផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវឯកសារនៃកិច្ចសហប្រតិបត្តិការលើការជំនះពុះពារផលវិបាកនៃសង្គ្រាមដែលបានព្រមព្រៀងដោយភាគីទាំងពីរ; បន្តផ្តល់អាទិភាពដល់ការកៀរគរធនធាន ដើម្បីពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការសម្អាតដីដែលជ្រាបជាតិគីមីពុល dioxin  នៅអាកាសយានដ្ឋាន Bien Hoa; សម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំការអនុវត្តគម្រោងជួយលើកកំពស់គុណភាពជីវភាពរស់នៅរបស់ជនពិការក្នុងខេត្តចំនួន ៨ ដែលត្រូវបានបាញ់សារធាតុគីមីពុលពណ៌លឿងទុំយ៉ាងខ្លាំងនៅវៀតណាម; សហការរៀបចំសកម្មភាពផ្សព្វផ្សាយអំពីការជំនះពុះពារផលវិបាកនៃគ្រាប់មីន និងសារធាតុគីមីពុលក្រោយសង្គ្រាម។

លោកស្រី Aler Grubbs នាយិកា USAID  ប្រចាំវៀតណាម បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសហរដ្ឋអាមេរិកក្នុងការជំនះពុះពារផលវិបាកនៃសង្គ្រាមក្នុងរយៈពេលកន្លងមក។ លោកស្រី Aler Grubbs បានអះអាងថា USAID នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងការពារប្រទេសវៀតណាមក្នុងគម្រោងជួយជនពិការនៅបណ្តាខេត្ត ដែលត្រូវបានបាញ់សារធាតុគីមីពុលពណ៌លឿងទុំយ៉ាងខ្លាំង និងពិចារណាពង្រីកការគាំទ្រដល់មូលដ្ឋានផ្សេងទៀត; ទន្ទឹមនឹងនោះ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវលិខិតសម្តែងបំណងសម្រាប់កិច្ចសហប្រតិបត្តិការផ្សព្វផ្សាយ រវាងការិយាល័យលេខ ៧០១ (ក្រសួងការពារប្រទេស - ទីភ្នាក់ងារអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិដឹកនាំដើម្បីជំនះពុះពារផលវិបាកនៃគ្រាប់មីន និងសារធាតុគីមីពុលក្រោយសង្គ្រាមនៅវៀតណាម) ដែលហៅកាត់ថា គណៈកម្មាធិការដឹកនាំ ៧០១) និង USAID ដែលបានចុះហត្ថលេខានៅខែមករា ឆ្នាំ ២០២១ រួមទាំងការកែលម្អកន្លែងតាំងបង្ហាញនៅសារមន្ទីរស្លាកស្នាមសង្គ្រាមនៃទីក្រុងហូជីមិញ។ លោកស្រី Aler Grubbs បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសវៀតណាម និង USAID ក្នុងសកម្មភាពទាំងនេះនឹងរួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ និងក្រសួងការពារជាតិទាំងពីរ ឲ្យកាន់តែស៊ីជម្រៅថែមទៀត៕

បកប្រែដោយ Huyen Trang