វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា ដោយមានការចូលរួមពីអ្នកជំនាញមកពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការពារជាតិអន្តរជាតិអូស្ត្រាលី។ សិក្ខាកាមដែលចូលរួមវគ្គបណ្ដុះបណ្ដាលនេះ គឺជាគ្រូបង្រៀនភាសាអង់គ្លេសជាង ៤០ នាក់ មកពីវិទ្យាស្ថាន និងសាលាយោធានានាក្នុងប្រទេសវៀតណាម ឡាវ និងកម្ពុជា។

ថ្លែងមតិក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល លោកវរសេនីយ៍ឯក Michael Jansen អនុព័ន្ធយោធាអូស្ត្រាលីប្រចាំនៅវៀតណាម បានឲ្យដឹងថា អូស្ត្រាលីគឺជាដៃគូមួយក្នុងចំណោមដៃគូដែលមានកម្មវិធីសហប្រតិបត្តិការបណ្តុះបណ្តាលភាសាអង់គ្លេសធំជាងគេសម្រាប់កម្មាភិបាល និងនាយទាហានក្នុងកងទ័ពប្រជាជនវៀតណាម។ បច្ចុប្បន្ននេះ កម្មាភិបាល និងនាយទាហាននៃកងទ័ពប្រជាជនវៀតណាមជាង ៤,០០០ នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលភាសាអង់គ្លេស និងជំនាញនៅប្រទេសអូស្ត្រាលី និងនៅវៀតណាម ដែលឧបត្ថម្ភដោយប្រទេសអូស្ត្រាលី។

leftcenterrightdel
ប្រតិភូថតរូបជាមួយគ្នា

យោងតាមលោកវរសេនីយ៍ឯក Michael Jansen វគ្គបណ្តុះបណ្តាលនេះគឺជាផ្នែកមួយនៃកម្មវិធីខិតខំ ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលជាកម្មវិធីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងបណ្ដាប្រទេសក្នុងតំបន់ របស់អូស្ត្រាលី។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ អ្នកជំនាញអូស្ត្រាលីនឹងចែករំលែកវិធីសាស្រ្តបង្រៀនថ្មី រួមចំណែកក្នុងការលើកកម្ពស់ជំនាញ និងបទពិសោធន៍ក្នុងការបង្រៀនភាសាអង់គ្លេសសម្រាប់សិក្ខាកាម។ ទន្ទឹមនឹងនេះ នេះជាឱកាសសម្រាប់ភាគីនានាចែករំលែកបទពិសោធន៍ និងលើកកម្ពស់ការយល់ដឹង។

រីឯខ្លួនវិញ លោកវរសេនីយ៍ឯក Le Anh Van ប្រធាននយោបាយនៃនាយកដ្ឋានទាក់ទងបរទេស ក្រសួងការពារប្រទេសវៀតណាម បានអះអាងថា ក្នុងសកម្មភាពសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងអូស្ត្រាលី កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលតែងតែជាមូលដ្ឋានគ្រឹះដ៏រឹងមាំ។ អូស្ត្រាលីគឺជាប្រទេសនិយាយភាសាអង់គ្លេសដែលនាំមុខគេក្នុងការបណ្ដុះបណ្ដាលភាសាអង់គ្លេស និងជំនាញសម្រាប់កងទ័ពវៀតណាម។ នាយទាហានអូស្ត្រាលីជាច្រើននាក់ក៏បានចូលរួមវគ្គបណ្តុះបណ្តាលភាសាវៀតណាម និងវគ្គសិក្សាអន្តរជាតិផ្សេងទៀតនៅប្រទេសវៀតណាមផងដែរ។ លោកវរសេនីយ៍ឯក Le Anh Van បានចាត់ទុកថា វគ្គបណ្តុះបណ្តាលនេះគឺជាឱកាសដ៏ល្អសម្រាប់សិក្ខាកាមក្នុងការទទួលចំណេះដឹងថ្មីៗពីអ្នកជំនាញអូស្ត្រាលី  ដើម្បីបម្រើភារកិច្ចរបស់ពួកគេនៅអង្គភាព៕

បកប្រែដោយ Thuy Anh