ពង្រីកកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងឥណ្ឌា

ក្នុងជំនួបជាមួយលោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានស្នើឲ្យភាគីទាំងពីរអនុវត្តប្រកបដោយប្រសិទ្ធភាពនូវលទ្ធផលនៃដំណើរទស្សនកិច្ច កិច្ចព្រមព្រៀងកម្រិតខ្ពស់ និងកម្មវិធីសកម្មភាពអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដំណាក់កាល ២០២៤-២០២៨; បន្តលើកកម្ពស់សក្ដានុពល និងប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ សន្តិសុខ-ការពារជាតិ វប្បធម៌ ទេសចរណ៍ អាកាសចរណ៍ និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។ល។ លោកសម្តែងនូវក្តីជឿជាក់ថា ប្រទេសទាំងពីរនឹងសម្រេចបាននូវគោលដៅនាំឱ្យទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ២០ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ នាពេលឆាប់ៗនេះ ហើយកើនឡើងដល់ជាង ៣០ ពាន់លានដុល្លារនៅឆ្នាំ២០៣០។

leftcenterrightdel
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam  ទទួលជួបលោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា

ស្តីពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានអះអាងថា វៀតណាមនឹងធ្វើការយ៉ាងសកម្មជាមួយបណ្តាប្រទេសសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ឥណ្ឌា ព្រមទាំងសង្ឃឹមថា ឥណ្ឌានឹងបន្តគាំទ្រគោលជំហរជាគោលការណ៍ និងតួនាទីជាមជ្ឈភាពរបស់អាស៊ាន ជួយអាស៊ានក្នុងការកសាងសហគមន៍ ក៏ដូចជាសហការដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមរួម។

លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា បានឲ្យដឹងថា ឥណ្ឌានឹងបន្តជំរុញគោលនយោបាយ "ធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើត" ជំរុញទំនាក់ទំនងជាមួយអាស៊ាន និងវៀតណាម ជាពិសេសលើវិស័យតភ្ជាប់ឌីជីថល សេដ្ឋកិច្ចឌីជីថល ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព ថាមពលកកើតឡើងវិញ និងសន្តិសុខនាវាចរណ៍។

វៀតណាមជាចំណុចភ្លឺនៃកំណើនក្នុងខឿនសេដ្ឋកិច្ចសកល

នៅក្នុងជំនួបជាមួយលោកស្រី Kristalina Georgieva អគ្គនាយិកា IMF លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានចែករំលែកថា ពី្រទេសមានខឿនសេដ្ឋកិច្ចអន់ថយ វៀតណាមឥឡូវនេះស្ថិតក្នុងក្រុមប្រទេសមានខឿនសេដ្ឋកិច្ចធំជាងគេទាំង ៤០ នៅលើពិភពលោក ហើយកំពុងប្រឈមមុខនឹងចំណុចចាប់ផ្តើមសម្រាប់យុគសម័យថ្មី ឆ្ពោះទៅរកព្រឹត្តិការណ៍សំខាន់ៗ នោះគឺការប្រារព្ធខួបលើកទី ១០០ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាមនៅឆ្នាំ ២០៣០ និងខួបលើកទី ១០០ នៃការបង្កើតប្រទេសនៅឆ្នាំ ២០៤៥។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam  បានមានបំណងថា IMF បន្តគាំទ្រវៀតណាមអនុវត្តចក្ខុវិស័យនោះ ជំរុញការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ផ្លាស់ថ្មីទម្រង់កំណើន ការធ្វើបរិវត្តកម្មឌីជីថល ការធ្វើបរិវត្តកម្មបៃតង និងការអភិវឌ្ឍបច្ចេកវិទ្យាថ្មី។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាម ក្នុងការបន្តលើកកំពស់តួនាទី និងការទទួលខុសត្រូវរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាសកលដើម្បីពិភពលោកមួយប្រកបដោយសន្តិភាព និងវិបុលភាព។

leftcenterrightdel
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam  ទទួលជួបលោកស្រី Kristalina Georgieva អគ្គនាយិកា IMF

លោកស្រីអគ្គនាយិកា IMF បានអះអាងថា វៀតណាម និងតំបន់អាស៊ីអាគ្នេយ៍គឺជាចំណុចភ្លឺនៃកំណើនក្នុងខឿនសេដ្ឋកិច្ចសកល ជាពិសេសក្នុងគ្រាលំបាក។ លោកស្រីអគ្គនាយិកា IMF សង្ឃឹមថា វៀតណាមអាចធ្វើការជាមួយ IMF ដើម្បីចែករំលែកបទពិសោធន៍ និងជោគជ័យនៃខឿនសេដ្ឋកិច្ចវៀតណាមជាមួយបណ្តាប្រទេសនានា ជាពិសេសដៃគូក្នុងតំបន់អាហ្វ្រិក។ លោកស្រីអគ្គនាយិកា IMF បានអះអាងពីការប្តេជ្ញាចិត្តបន្តជួយវៀតណាម ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍។

នារសៀលថ្ងៃទី២៣ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានចូលរួមកិច្ចពិភាក្សាធុរកិច្ចដែលរៀបចំដោយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (USABC) សភាពាណិជ្ជកម្មសហរដ្ឋអាមេរិក (USCC) ក្រុមប្រឹក្សាធុរកិច្ចសម្រាប់ការយល់ដឹងអន្តរជាតិ (BCIU) សម្របសម្រួលជាមួយក្រសួងផែនការ និងវិនិយោគ និងស្ថានទូតវៀតណាម ប្រចាំនៅសហរដ្ឋអាមេរិក។

នារសៀលថ្ងៃដដែល លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានជួបសំណេះសំណាលជាមួយសមាជិកនៃបណ្តាញនវានុវត្តន៍វៀតណាម និងអ្នកជំនាញវៀតណាមនៅសហរដ្ឋអាមេរិក។

នារសៀលថ្ងៃទី ២៣ ខែកញ្ញា (ម៉ោងក្នុងតំបន់) លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានទទួលជួបលោក Eric Schmidt អតីតនាយកប្រតិបត្តិរបស់ Google និងអ្នកដឹកនាំធុរកិច្ចមួយចំនួនក្នុងវិស័យបច្ចេកវិទ្យា និងមូលនិធិវិនិយោគឈានមុខគេរបស់សហរដ្ឋអាមេរិក និងពិភពលោកដូចជា សាជីវកម្ម Apple, Meta, Super Micro, មូលនិធិវិនិយោគពីរ Blackstone និង Warburg Pincus។

* នាល្ងាចថ្ងៃដដែល លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក៏បានជួបសំណេះសំណាល ជាមួយកម្មាភិបាល និងបុគ្គលិកនៃទីភ្នាក់ងារតំណាងវៀតណាមនៅសហរដ្ឋអាមេរិកផងដែរ៕

បកប្រែដោយ Huyen Trang