លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស Bui Thanh Son និងលោក David Lammy រដ្ឋមន្ត្រីការបរទេសអង់គ្លេស បានឯកភាពបន្តជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអង់គ្លេស-វៀតណាម (UKVFTA) ដោយទាញយកផលប្រយោជន៍ពេញលេញពីកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ព្រមទាំងអះអាងពីការគាំទ្រចំពោះការរក្សាសន្តិភាព ស្ថិរភាព សេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ ដោះស្រាយបញ្ហាសមុទ្រខាងកើតដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និង UNCLOS ឆ្នាំ១៩៨២។

leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស Bui Thanh Son ទទួលជួបលោក David Lammy រដ្ឋមន្ត្រីការបរទេសអង់គ្លេស (រូបថត៖ dangcongsan.vn)

ក្នុងជំនួបជាមួយលោក Ahmed Attaf រដ្ឋមន្ត្រីការបរទេសអាល់ហ្សេរី លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស Bui Thanh Son បានអះអាងថា វៀតណាមជានិច្ចកាលវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពប្រពៃណីជាមួយអាល់ហ្សេរី។ លោក Bui Thanh Son បានស្នើឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ និងចលនាមិនចូលបក្សសម្ព័ន្ធ ព្រមទាំងស្នើឱ្យអាល់ហ្សេរីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មវៀតណាមមកបណ្តាក់ទុន និងធ្វើអាជីវកម្មនៅវៀតណាម។

leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស Bui Thanh Son ទទួលជួបលោក Ahmed Attaf រដ្ឋមន្ត្រីការបរទេសអាល់ហ្សេរី (រូបថត៖ dangcongsan.vn)

រីឯលោករដ្ឋមន្ត្រី Ahmed Attaf បានចែករំលែកមតិរបស់លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស Bui Thanh Son ស្តីពីការដែលភាគីទាំងពីរពង្រីក និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ពាណិជ្ជកម្ម វិនិយោគ ថាមពល និងប្រេង និងឧស្ម័ន ការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជនឲ្យកាន់តែស៊ីជម្រៅថែមទៀត។ លោកបានសម្តែងនូវគោលបំណងចង់បំពេញទស្សនកិច្ចនៅវៀតណាមនាពេលឆាប់ៗ។

leftcenterrightdel
ពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសម៉ាឡាវី (រូបថត៖ dangcongsan.vn)

នាថ្ងៃដដែល នៅទីស្នាក់ការនៃស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស Bui Thanh Son និងលោកស្រី Nancy Tempo រដ្ឋមន្ត្រីការបរទេសម៉ាឡាវី បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមដើម្បីបង្កើតទំនាក់ទំនងការទូត។ ជាមួយនឹងការបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសម៉ាឡាវី វៀតណាមមានទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ១៩៤៕

បកប្រែដោយ Huyen Trang