* ក្នុងជំនួបជាមួយប្រធានាធិបតីប៊ុលហ្គារី លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់ពង្រឹងថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយប៊ុលហ្គារី។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានស្នើឲ្យភាគីទាំងពីរសម្របសម្រួលដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀង EVFTA ប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឲ្យសមស្របនឹងសក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ទទួលជួបលោក Rumen Radev ប្រធានាធិបតីប៊ុលហ្គារី (រូបថត៖ vnanet.vn)

លោក Rumen Radev ប្រធានាធិបតីប៊ុលហ្គារី បានអះអាងថា ប៊ុលហ្គារី នឹងបន្តពង្រឹងទំនាក់ទំនងជាមួយវៀតណាមលើវិស័យដែលប៊ុលហ្គារីមានប្រៀបខ្លាំងដូចជា ការថែទាំសុខភាព គីមីវិទ្យា ឱសថ ជីវបច្ចេកវិទ្យា បច្ចេកវិទ្យាព័ត៌មាន កសិកម្ម បរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ព្រមទាំងត្រៀមខ្លួនជាស្រេចទទួលពលករវៀតណាមទៅធ្វើការនៅប្រទេសប៊ុលហ្គារី។ ភាគីទាំងពីរបានឯកភាពសម្របសម្រួលរៀបចំសកម្មភាពវប្បធម៌ និងសិល្បៈ ដើម្បីអបអរសាទរខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២៥។

* ក្នុងជំនួបជាមួយលោក Alexander Stubb ប្រធានាធិបតីហ្វាំងឡង់ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយហ្វាំងឡង់។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានស្នើឱ្យភាគីទាំងពីរបន្តរក្សា និងជំរុញសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ បន្តពង្រឹងប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាល និងសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងកីឡា ពង្រឹងការយោគយល់គ្នា និងពង្រឹងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ បន្តយកចិត្តទុកដាក់ចំពោះស្ថានភាពនៅសមុទ្រខាងកើត និងគាំទ្រសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសនានាស្របតាមបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។

leftcenterrightdel
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ទទួលជួបលោក Alexander Stubb ប្រធានាធិបតីហ្វាំងឡង់ (រូបថត៖ vnanet.vn)

ប្រធានាធិបតីហ្វាំងឡង់បានវាយតំលៃខ្ពស់ចំពោះការវិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក ព្រមទាំងអះអាងថា ហ្វាំងឡង់តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម ហើយនឹងបន្តលើកទឹកចិត្តសហគ្រាសហ្វាំងឡង់មកបណ្តាក់ទុននៅវៀតណាម។ លោកក៏បានសង្ឃឹមថា វៀតណាមនឹងបន្តដើរតួនាទីជាស្ពានដើម្បីជំរុញទំនាក់ទំនងហ្វាំងឡង់-អាស៊ាន។ ភាគីទាំងពីរបានឯកភាពសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីបង្កើនឱកាសពីកិច្ចព្រមព្រៀង EVFTA; បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប។

* ក្នុងជំនួបជាមួយរាជទាយាទគុយវ៉ែត Sheikh Sabah Al-Khaled Al-Sabah លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានអបអរសាទរចំពោះសមិទ្ធិផលសេដ្ឋកិច្ចសង្គមដែលគុយវ៉ែតសម្រេចបានក្នុងរយៈពេលកន្លងមក។ លោកបានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់ជំរុញទំនាក់ទំនងមិត្តភាពល្អ និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយគុយវ៉ែត។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានស្នើឱ្យភាគីទាំងពីរបន្តផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ និងអនុវត្តយន្តការសហប្រតិបត្តិការដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព។ លោកបានឲ្យដឹងថា វៀតណាមត្រៀមខ្លួនជាស្រេចស្វាគមន៍អង្គភាពអាជីវកម្មគុយវ៉ែត បង្កើនការវិនិយោគនៅវៀតណាមលើវិស័យថ្មីៗដូចជាកំណើនបៃតង ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ល។

រាជទាយាទគុយវ៉ែត Sheikh Sabah Al-Khaled Al-Sabah បានអះអាងថា គុយវ៉ែតចាត់ទុកវៀតណាមជាដៃគូឈានមុខគេនៅអាស៊ីអាគ្នេយ៍ និងត្រៀមខ្លួនជាស្រេចពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ពលកម្ម និងវិស័យអាហារហាឡាល់ជាមួយវៀតណាម ព្រមទាំងគាំទ្រវៀតណាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC)៕

បកប្រែដោយ Huyen Trang