ជំរុញទំនាក់ទំនងវៀតណាម-សហរដ្ឋអាមេរិក ឱ្យកាន់តែអភិវឌ្ឍប្រកបដោយស្ថិរភាព និងជាក់ស្តែង
កប.អនឡាញ - នាយប់ថ្ងៃទី ២២ ខែកញ្ញា តាមម៉ោងក្នុងតំបន់ នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក លោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍អបអរសាទរខួបមួយឆ្នាំ នៃការដំឡើងទំនាក់ទំនងវៀតណាម-សហរដ្ឋអាមេរិក ជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (២០២៣-២០២៤) ឆ្ពោះទៅខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម-សហរដ្ឋអាមេរិក (១៩៩៥-២០២៥)។
នៅក្នុងពិធីនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានពិនិត្យឡើងវិញនូវប្រវត្តិនៃទំនាក់ទំនងវៀតណាម-សហរដ្ឋអាមេរិក ហើយចាត់ទុកថា នេះគឺជាគំរូក្នុងទំនាក់ទំនងអន្តរជាតិនៃការផ្សះផ្សារ និងកសាងទំនាក់ទំនងក្រោយសង្គ្រាមឡើងវិញ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានមានប្រសាសន៍ថា៖ “កាលពី ៣០ ឆ្នាំមុន ប្រហែលជាមនុស្សដែលមានសុទិដ្ឋិនិយមបំផុត ក៏មិនអាចនឹកស្មានថា វៀតណាមនិងសហរដ្ឋអាមេរិកអាចជំនះពុះពារលើការឈឺចាប់នៃសង្គ្រាម ដើម្បីកសាងនិងអភិវឌ្ឍទំនាក់ទំនងដ៏រឹងមាំ និងវិជ្ជមានដូចបច្ចុប្បន្ននេះឡើយ។ យើងបានឃើញការរីកចម្រើនដ៏ខ្លាំងក្លាដែលមិនធ្លាប់មានពីមុនមក គេប្តូរអតីតសត្រូវមកជាមិត្ត បន្ទាប់មកជាដៃគូគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០១៣។ បន្ទាប់ពីរយៈពេល ១០ ឆ្នាំនៃការអនុវត្តភាពជាដៃគូគ្រប់ជ្រុងជ្រោយ ប្រទេសទាំងពីរសម្រេចបាននូវវឌ្ឍនភាពសំខាន់ៗជាច្រើនក្នុងការបង្កើនការយល់ដឹងគ្នាទៅវិញទៅមក កសាងទំនុកចិត្ត និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ”។
    |
 |
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam និងលោកជំទាវ រួមជាមួយប្រតិភូនានា ចូលរួមពិធីរំលឹកខួបមួយឆ្នាំ នៃការដំឡើងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-សហរដ្ឋអាមេរិក (រូបថត៖ vnanet.vn) |
ឆ្ពោះទៅរកការរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម-សហរដ្ឋអាមេរិក (១៩៩៥-២០២៥) នៅឆ្នាំ២០២៥ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានស្នើឲ្យភាគីទាំងពីរបន្តពង្រឹងការសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍រួម វៀតណាម-សហរដ្ឋអាមេរិក កាលពីឆ្នាំមុន ប្រកបដោយប្រសិទ្ធភាព។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ គឺជាវិស័យសំខាន់ និងកម្លាំងចលករនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ ហើយទន្ទឹមនឹងនោះ លោកបានសម្តែងនូវគោលបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ដែលជាវិស័យឈានមុខគេរបស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឡើងកម្រិតកម្ពស់ថ្មីមួយ។
ថ្លែងក្នុងព្រឹត្តិការណ៍នេះ លោក John Kerry អតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ថា អាស្រ័យដោយកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងប្រជាជននៃភាគីទាំងពីរ នាពេលបច្ចុប្បន្ននេះ វៀតណាម និងសហរដ្ឋអាមេរិកមិនត្រឹមតែរកឃើញរូបមន្តដើម្បីលើកកម្ពស់ការផ្សះផ្សារប៉ុណ្ណោះទេ ថែមទាំងរួមគ្នាបង្កើតឱកាសដែលមនុស្សជំនាន់មុននឹកស្មានមិនដល់សម្រាប់យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ព្រឹទ្ធសមាជិក Dan Sullivan បានអះអាងថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហរដ្ឋអាមេរិក ទទួលបានការគាំទ្ររបស់គណបក្សនយោបាយចំនួនពីរនៅសហរដ្ឋអាមេរិក ដោយមានសក្ដានុពលអភិវឌ្ឍន៍យ៉ាងធំធេង និងការរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក។
នាព្រឹកថ្ងៃទី២៣ ខែកញ្ញា (តាមម៉ោងក្នុងតំបន់) លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានទៅទស្សនា និងថ្លែងសុន្ទរកថានៅសាកលវិទ្យាល័យ Columbia។
    |
 |
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ថ្លែងសុន្ទរកថានៅសាកលវិទ្យាល័យ Columbia |
ក្នុងបរិបទនៃស្ថានការណ៍ពិភពលោកប្រែប្រួលយ៉ាងឆាប់រហ័ស លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានអះអាងថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ម្ចាស់ការ ការធ្វើពហុភាវូបនីយកម្ម និងពិពិធកម្ម ជាមិត្ត និងដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកយ៉ាងសកម្ម និងមានការទទួលខុសត្រូវនៃសហគមន៍អន្តរជាតិ។
ស្តីពីទំនាក់ទំនង វៀតណាម-សហរដ្ឋអាមេរិក លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានអះអាងថា ដើម្បីឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរឈានចូលទំព័រថ្មី និងអភិវឌ្ឍយ៉ាងល្អដូចសព្វថ្ងៃនេះ កត្តាសំខាន់បំផុតគឺប្រពៃណីនៃមនុស្សធម៌ និងសេចក្តីត្រាប្រណីរបស់ប្រជាជនវៀតណាម គឺជាការដឹកនាំដ៏ប៉ិនប្រសប់របស់បក្សកុម្មុយនិស្តវៀតណាម ជាមួយនឹងចក្ខុវិស័យ បញ្ញា ការប្ដេជ្ញាចិត្ត និងសេចក្តីក្លាហាន ដើម្បីនាំប្រទេសវៀតណាមធ្វើសមាហរណកម្មទៅក្នុងលំហូរអន្តរជាតិ។ ក្រៅពីនោះ យើងត្រូវតែលើកឡើងអំពីមិត្តភ័ក្តិ និងដៃគូអាមេរិកជាច្រើន ជាពិសេសការគាំទ្រយ៉ាងខ្លាំងនៃគណបក្សនយោបាយចំនួនពីរនៅសហរដ្ឋអាមេរិកសម្រាប់ទំនាក់ទំនងវៀតណាម-សហរដ្ឋអាមេរិក។
ដោយសង្កត់ធ្ងន់លើបាវចនារបស់វៀតណាម នោះគឺទុកអតីតកាលនៅមួយឡែក ឆ្ពោះទៅរកអនាគត លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានសង្ឃឹមថា ជាមួយនឹងវិធីសាស្រ្តដែលលើកតម្កើងសាមគ្គីភាពអន្តរជាតិ ឆ្ពោះទៅអនាគត ក៏ដូចជាជោគជ័យនៃទំនាក់ទំនងវៀតណាម-សហរដ្ឋអាមេរិក ពិភពលោកនឹងប្រែក្លាយភាពមិនអាចទៅរួចទៅជាអាចធ្វើទៅបាន បន្តកសាងអរិយធម៌រីកចម្រើនប្រកបដោយនិរន្តរភាពសម្រាប់មនុស្សជាតិទាំងអស់។ល។
* នាព្រឹកថ្ងៃទី២៣ ខែកញ្ញាដដែល តាមម៉ោងក្នុងស្រុក លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានទទួលជួបអ្នកជំនាញ និងអ្នកប្រាជ្ញមួយចំនួនអំពីវៀតណាមផងដែរ។
គួរបញ្ជាក់ថា នាថ្ងៃទី ២២ ខែកញ្ញា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានចូលរួមកិច្ចពិភាក្សាក្រោមប្រធានបទ “ពង្រឹងកិច្ចសហប្រតិបត្តិការ វៀតណាម-សហរដ្ឋអាមេរិក ក្នុងការអភិវឌ្ឍឧស្សាហកម្ម semiconductor និងបញ្ញាសិប្បនិម្មិត”; ទទួលជួប និងពិភាក្សាជាមួយថ្នាក់ដឹកនាំបក្សកុម្មុយនិស្ត អង្គការឆ្វេងនិយម និងមិត្តភក្តិសហរដ្ឋអាមេរិកនៅទីក្រុងញូវយ៉ក ព្រមទាំងទទួលជួបលោក Brendan Nelson ប្រធានសាជីវកម្ម Boeing សកល៕
បកប្រែដោយ Huyen Trang