ឱកាសជាប្រវត្តិសាស្ត្រដើម្បីនាំពិភពលោកឈានចូលយុគសម័យថ្មី និងសករាជនៃការអភិវឌ្ឍន៍ថ្មី
ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់ថា ពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលផ្លាស់ប្តូរ ហើយកិច្ចប្រជុំកំពូលនេះគឺជាឱកាសដ៏សំខាន់មួយដើម្បីដាក់ចេញវិធានការឈានមុខសម្រាប់រាល់បញ្ហាដែលកំពុងកើតមានលើសពីសមត្ថភាពដោះស្រាយនាពេលបច្ចុប្បន្ន ដូចជាជម្លោះ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ ជំងឺរាតត្បាត... ទន្ទឹមនឹងនោះ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក Philemon Yang បានសង្កត់ធ្ងន់ថា៖ ក្នុងបញ្ហាប្រឈមនៅមានឱកាសជាច្រើនដើម្បីកែលម្អ និងពង្រឹងកិច្ចសហប្រតិបត្តិការជាសកលបន្ថែមទៀត ដើម្បីផលប្រយោជន៍រួមរបស់មនុស្សជាតិ និងអំពាវនាវឱ្យប្រទេសនានារួបរួមគ្នាដើម្បីអនាគតរុងរឿងសម្រាប់មនុស្សជាតិ។
    |
 |
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាមថ្លែងនៅក្នុងសម័យប្រជុំពិភាក្សាទូទៅ |
ថ្លែងនៅក្នុងសម័យប្រជុំពិភាក្សាទូទៅ លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋឲ្យដឹងថា បញ្ញារបស់មនុស្សបានជួយផ្លាស់ប្តូរពិភពលោកនិងជីវិតមនុស្ស។ ប៉ុន្តែមនុស្សក៏ជាមូលហេតុដែលបង្កឱ្យមានបញ្ហាប្រឈមជាច្រើន ដូចជាការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត ការខ្សត់ខ្សោយធនធានធម្មជាតិ ឬ ការផលិតអាវុធប្រល័យលោក...
លោក To Lam បន្ថែមថា ការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ពិភពលោក និងផលប្រយោជន៍របស់មនុស្សត្រូវតែដើរតួរជាមជ្ឈភាព និងជាគោលដៅខ្ពស់បំផុត។ តាមរយៈនោះ សមិទ្ធិផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាត្រូវបម្រើវឌ្ឍនភាពសង្គម ឆ្ពោះទៅមនុស្ស រំដោះមនុស្ស អភិវឌ្ឍមនុស្សឱ្យទូលំទូលាយ កែលំអជីវភាពរស់នៅឥតឈប់ឈរ ធានាផលប្រយោជន៍ និងសុភមង្គលរបស់មនុស្សជាតិ និងដើម្បីជំនាន់ក្រោយ ព្រមទាំងផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច កសាងសង្គមយុត្តិធម៌ និងអរិយធម៌ លើកកំពស់គុណភាពជីវិតរបស់ប្រជាជន និងកាត់បន្ថយភាពក្រីក្រ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការ មិនបានប្រែក្លាយជាឧបករណ៍ដើម្បីប្រឆាំងប្រទេសផ្សេង និងប្រឆាំងនឹងសេចក្តីប្រាថ្នាសន្តិភាព អភិវឌ្ឍន៍ យុត្តិធម៌របស់បណ្ដាប្រទេសជាតិ។
ដើម្បីធ្វើបានដូច្នេះក្នុងអំឡុងពេលដ៏សំខាន់នេះ លោក To Lam បានអំពាវនាវឱ្យពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក គោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ដោះស្រាយវិវាទដោយសន្តិវិធី; ពង្រីកការវិនិយោគនិងការស្រាវជ្រាវលើវិស័យដែលបម្រើប្រជាជន ដូចជាវេជ្ជសាស្ដ្រ ការអប់រំនិងបណ្តុះបណ្តាល ការធ្វើបរិវត្ដកម្មឌីជីថល ការផ្លាស់ប្តូរបៃតង និងដំណោះស្រាយដើម្បីបម្រើប្រជាជន។ លោក To Lam បានសង្កត់ធ្ងន់ថា ប្រទេសនានា ជាពិសេសប្រទេសធំៗ ត្រូវមានទំនួលខុសត្រូវ និងចែករំលែកសមិទ្ធិផលរួមក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍន៍រួម។ គាំទ្រតួនាទីមជ្ឈភាព និងឈានមុខរបស់អង្គការសហប្រជាជាតិ រួមជាមួយនឹងអង្គការក្នុងតំបន់ រួមទាំងអាស៊ានក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសាកល និងឆ្លៀតយកឱកាសពីវឌ្ឍនភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
លោក To Lam បានអះអាងថា វៀតណាមនឹងរួមចំណែកយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពចំពោះការខិតខំប្រឹងប្រែងរួម ដើម្បីកសាងពិភពលោកសន្តិភាព អភិវឌ្ឍន៍ប្រកបដោយសមធម៌ ដើម្បីជីវិតធូធារ និងសុភមង្គលរបស់មនុស្សជាតិ។
ក្នុងឱកាសនេះ អង្គប្រជុំបានអនុម័តជាឯកច្ឆ័ន្ទលើឯកសារសម្រាប់អនាគត ឯកសារឌីជីថលសកលនិងសេចក្តីថ្លែងការណ៍ស្តីពីគ្រប់ជំនាន់ក្រោយ។ ឯកសារទាំងនេះមានខ្លឹមសារយ៉ាងទូលំទូលាយ ដាក់ចេញគោលដៅកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៅអង្គការសហប្រជាជាតិ។
ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងវៀតណាម និងបុរីវ៉ាទីកង់
នាព្រឹកថ្ងៃដដែល លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានជួបពិភាក្សាការងារជាមួយលោក Pietro Parolin នាយករដ្ឋមន្ត្រីនៃបុរីវ៉ាទីកង់។
    |
 |
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម ជួបពិភាក្សាការងារជាមួយលោក Pietro Parolin នាយករដ្ឋមន្ត្រីនៃបុរីវ៉ាទីកង់ (រូបថត៖ vnanet.vn) |
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍន៍ជាវិជ្ជមានក្នុងទំនាក់ទំនងវៀតណាម និងបុរីវ៉ាទីកង់ ជាពិសេសគឺស្ថាប័នតំណាងបុរីវ៉ាទីកង់ប្រចាំនៅវៀតណាម និងការិយាល័យតំណាងប្រចាំនៅទីក្រុងហាណូយ បានដំណើរការក្នុងឆ្នាំ ២០២៤។
លោក To Lam បានថ្លែងអំណរគុណចំពោះសម្តេចប៉ាប Francis ដែលបានសួរសុខទុក្ខ និងលើកទឹកចិត្តប្រជាជនវៀតណាមក្នុងការជំនះផលវិបាកនៃព្យុះលេខ៣។ លោកអគ្គលេខាបក្ស និងប្រធានរដ្ឋបានវាយតម្លៃខ្ពស់ និងការយកចិត្ដទុកដាក់ពីសម្តេចប៉ាប និងលោកនាយករដ្ឋមន្ត្រីសម្រាប់ប្រទេសវៀតណាម។
លោកនាយករដ្ឋមន្ត្រី Pietro Parolin បានរំលឹកឡើងវិញនូវចំណាប់អារម្មណ៍ដ៏ល្អនៅប្រទេសវៀតណាមក្នុងដំណើរទស្សនកិច្ចលើកមុន; ព្រមទាំងអះអាងថា សមាគមកាតូលិកវៀតណាមតែងតែចង់រួមដំណើរជាមួយការអភិវឌ្ឍន៍របស់ប្រទេសវៀតណាមក្នុងស្មារតីស្មោះត្រង់ ទំនួលខុសត្រូវ និងទំនុកចិត្ត។
ថ្នាក់ដឹកនាំទាំងពីរបានចាត់ទុកថា ការរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងយន្តការនៃកិច្ចប្រជុំនៃក្រុមការងារចម្រុះវៀតណាម- បុរីវ៉ាទីកង់ ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការគោរព និងការយល់ដឹងគ្នាទៅវិញទៅមក។ លោកនាយករដ្ឋមន្រ្តី Pietro Parolin បានអះអាងថា ស្ថាប័នតំណាងប្រចាំនៅវៀតណាមរបស់បុរីវ៉ាទីកង់ នឹងសហការយ៉ាងសកម្មជាមួយវៀតណាម ហើយឲ្យដឹងថា សម្តេចប៉ាប Francis មានបំណងចង់បំពេញទស្សនកិច្ចនៅវៀតណាមនាពេលឆាប់ៗនេះ រួមចំណែកជំរុញទំនាក់ទំនងរវាងបុរីវ៉ាទីកង់ និងសមាគមកាតូលិកវៀតណាម បង្កើនបន្ថែមទៀតនូវទំនាក់ទំនងវៀតណាមនិងបុរីវ៉ាទីកង់៕
នាព្រឹកថ្ងៃទី ២២ កញ្ញា លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានជួបសំណេះសំណាលជាមួយក្រុមបញ្ញវន្តវៀតណាមដែលកំពុងរស់នៅទីក្រុង Houston (រដ្ឋ Texas សហរដ្ឋអាមេរិក)៕
បកប្រែដោយ Pham Diep