លោករដ្ឋមន្ត្រី Phan Van Giang បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អង្គការសហប្រជាជាតិ ក្នុងការកសាងប្រព័ន្ធច្បាប់អន្តរជាតិ ការរក្សាសន្តិភាព ទប់ស្កាត់ជម្លោះ និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល។ លោកបានអះអាងថា ក្នុងនាមជាប្រទេសសមាជិកនៃអង្គការសហប្រជាជាតិ វៀតណាមតែងតែគោរពតាមធម្មនុញ្ញ សេចក្តីសម្រេចចិត្ត និងកម្មវិធីសកម្មភាពរបស់អង្គការសហប្រជាជាតិ។ ក្រសួងការពារប្រទេសវៀតណាមសូមថ្លែងអំណរគុណចំពោះអង្គការសហប្រជាជាតិ ដែលបានរួមដំណើរ និងគាំទ្រវៀតណាមក្នុងរយៈពេល ៤៧ ឆ្នាំកន្លងមក។

លោករដ្ឋមន្ត្រី Phan Van Giang បានសង្កត់ធ្ងន់ថា ក្នុងវិស័យការពារជាតិ និងសន្តិសុខ វៀតណាមចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់អង្គការសហប្រជាជាតិ ក្នុងការដោះស្រាយបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណី រួមចំណែករក្សាសន្តិភាព សន្តិសុខក្នុងតំបន់ និងអន្តរជាតិ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ

ដោយសង្កត់ធ្ងន់លើការអនុវត្តយ៉ាងខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងគោលនយោបាយការបរទេសឯករាជ្យ ម្ចាស់ការ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ជាមិត្ត និងដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ លោករដ្ឋមន្ត្រី Phan Van Giang បានបញ្ជាក់ថា វៀតណាមមានបំណងចង់បន្តបង្កើនថែមទៀតនូវការចូលរួមរបស់ខ្លួនក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ; ទន្ទឹមនឹងនោះ បង្កើនចំនួនកម្មាភិបាលទៅចូលរួមក្នុងសកម្មភាពដែលរៀបចំដោយអង្គការសហប្រជាជាតិ និងបន្តទទួលបានការគាំទ្រ ជំនួយពីអង្គការសហប្រជាជាតិ សម្រាប់អនុព័ន្ធយោធា និងកម្មាភិបាលនៃកងទ័ពប្រជាជនវៀតណាមនៅអង្គការសហប្រជាជាតិ។

លោករដ្ឋមន្ត្រី Phan Van Giang ក៏សង្ឃឹមដែរថា លោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ នឹងបន្តគាំទ្រកិច្ចសន្យា និងការប្តេជ្ញាចិត្តនយោបាយរបស់វៀតណាមក្នុងការចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

លោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានវាយតំលៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពរបស់វៀតណាមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលក្នុងនោះ យោធិន និងនគរបាលវៀតណាមបានបង្ហាញពីសមត្ថភាព គុណវុឌ្ឍិ វិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវក្នុងអំឡុងពេលបំពេញភារកិច្ចនៅស្ថានបេសកកម្ម។ លោកបានសង្កត់ធ្ងន់ថា ប្រការនេះបានជួយលើកកំពស់ប្រសិទ្ធភាពប្រតិបត្តិការនៃស្ថានបេសកកម្មដែលវៀតណាមបញ្ជូនកម្លាំងទៅចូលរួម។

ដោយអះអាងនូវការយកចិត្តទុកដាក់ និងការគាំទ្រវៀតណាមពង្រឹងសមត្ថភាព និងពង្រីកការចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពនាពេលខាងមុខ លោក Jean-Pierre Lacroix ជឿជាក់ថាក្រសួងការពារប្រទេសវៀតណាមនិយាយដោយឡែក និងវៀតណាមនិយាយរួម នឹងបន្តចូលរួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងសកម្មភាពនេះ  ដោយទទួលសម្គាល់ថា ការរួមវិភាគទានទាំងនេះបញ្ជាក់ពីកាតព្វកិច្ច និងការទទួលខុសត្រូវរបស់វៀតណាមចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ ទន្ទឹមនឹងនោះពង្រឹងទំនាក់ទំនងនៃការជឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ ក៏ដូចជាដៃគូនានា៕

បកប្រែដោយ Huyen Trang