ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា នាពេលកន្លងមក ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ចិនត្រូវបានជំរុញ និងអនុវត្តប្រកបដោយប្រសិទ្ធភាព។ ភាគីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូ រៀបចំការជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី៨ ដោយជោគជ័យ រក្សាប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការអនុវត្តច្បាប់ ៣ កម្រិត ក្នុងការគ្រប់គ្រងព្រំដែននៅតាមច្រកទ្វារព្រំដែន និងការគ្រប់គ្រងព្រំដែនគោក តាមរយៈជំនួបតាមព្រំដែន ការពិភាក្សា និងបណ្តាញទូរស័ព្ទទាន់ហេតុការណ៍ ការផ្លាស់ប្តូរសារលិខិតផ្លូវការ កិច្ចសហការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងសកម្មភាពខុសច្បាប់នៅតំបន់ព្រំដែន និងច្រកទ្វារព្រំដែន។ល។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ពិភាក្សាជាមួយលោក Li Jun Jie

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពការពារព្រំដែនវៀតណាម និងរដ្ឋបាលជាតិអន្តោប្រវេសន៍ចិន ដែលកំពុងរីកចម្រើនកាន់តែខ្លាំងឡើងប្រកបដោយភាពស៊ីជម្រៅ និងជាក់ស្ដែង។ នាពេលខាងមុខ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើថា ភាគីទាំងពីរបន្តសហការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានចុះហត្ថលេខា ស្ដីពីការបង្កើតយន្តការសហការអនុវត្តច្បាប់៣កម្រិត  ក្នុងការគ្រប់គ្រងច្រកព្រំដែន និងការគ្រប់គ្រងព្រំដែនគោក បង្កើនការផ្លាស់ប្តូរព័ត៌មាន និងស្ថានភាពពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ និងសកម្មភាពខុសច្បាប់នៅតាមតំបន់ព្រំដែន ពង្រីកបន្ថែមទៀតនូវសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជំនួបប្រាស្រ័យនាយទាហានវ័យក្មេង។ល។

រីឯខ្លួនវិញ លោក Li Jun Jie បានថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ដែលបានចំណោយពេលវេលាទទួលគណៈប្រតិភូ ព្រមទាំងរាយការណ៍អំពីលទ្ធផលនៃកិច្ចពិភាក្សារវាងរដ្ឋបាលអន្តោប្រវេសន៍ជាតិចិន និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម។ លោក Li Jun Jie បានអះអាងថា កងកម្លាំងទាំងពីរនឹងបន្តពង្រឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ តាមរយៈនោះចូលរួមចំណែកកសាងព្រំដែននៃប្រទេសទាំងពីរប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព៕

បកប្រែដោយ Thuy Anh