ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក នាយទាហាន និងយោធិនវៀតណាមដែលចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ  រួមទាំងយោធិនស្ត្រីនៃកងទ័ពប្រជាជនវៀតណាម តែងតែខិតខំនាំមកនូវអនាគតល្អសម្រាប់ប្រជាជននៃបណ្តាប្រទេសដែលកំពុងជួបប្រទះសង្គ្រាមស៊ីវិល ដូចជា សាធារណរដ្ឋអាហ្វ្រិកកណ្តាល សាធារណរដ្ឋស៊ូដង់ខាងត្បូងឬ តំបន់ Abyei។

leftcenterrightdel
ប្រជាជននៅមូលដ្ឋានផ្ដល់មនោសញ្ចេតនាពិសេសដល់នាយទាហានស្រី្តវៀតណាម (រូបថត៖ NVCC)

នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល លោកស្រីវរសេនីយ៍ទោ Vu Thi Lien ដែលជានាយទាហានមួកខៀវវៀតណាម កំពុងបង្រៀនភាសាបារាំងសម្រាប់កងទ័ពរបស់ប្រទេសម្ចាស់ផ្ទះ។ លោកស្រី Lien គឺជានាយទាហានវៀតណាមដំបូងគេដែលបំពេញភារកិច្ចបណ្តុះបណ្តាលសម្រាប់កងទ័ពជាតិនៅបេសកកម្មបង្វឹកបង្ហាត់របស់សហភាពអឺរ៉ុបប្រចាំនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (EUTM RCA) ចាប់ពីខែធ្នូ ឆ្នាំ២០២២ ដល់បច្ចុប្បន្ន។ ចែករំលែកអំពីការងាររបស់ខ្លួន លោកស្រីវរសេនីយ៍ទោ Vu Thi Lien បានឲ្យដឹងថា៖ "នេះជាលើកដំបូងហើយដែលខ្ញុំធ្វើការក្នុងបរិយាកាសអន្តរជាតិ។ ខ្ញុំបានជួបប្រទះការលំបាកជាច្រើន។ ទីមួយគឺភាពខុសគ្នានៃអាកាសធាតុ។ នៅទីនេះមានតែ ២ រដូវប៉ុណ្ណោះ ខណៈវៀតណាមមាន ៤ រដូវផ្សេងគ្នា។ នេះតម្រូវឲ្យខ្ញុំសម្របខ្លួន។ ទន្ទឹមនឹងនោះ ខ្ញុំក៏ព្រួយបារម្ភអំពីជំងឺរាតត្បាតផងដែរ។ ទីពីរ ការដែលធ្វើការក្នុងបរិយាកាសមានវប្បធម៌ផ្សេងៗគ្នា តម្រូវឲ្យខ្ញុំសម្របខ្លួនជានិច្ច។ ជួលកាលវាមិនមែនជារឿងងាយស្រួលនោះទេ។ ប៉ុន្តែភាសា ជាពិសេសភាសាបារាំង បានក្លាយជាស្ពានតភ្ជាប់ ជួយយើងឲ្យកាន់តែជិតស្និទ្ធជាមួយគ្នា។ អាស្រ័យភាសាបារាំង ខ្ញុំក៏មានភាពងាយស្រួលក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកតំបន់ផងដែរ"។

ក៏នៅអាហ្វ្រិកកណ្តាលដែរ លោកស្រីអនុសេនីយ៍ឯក Vu Nhat Huong ដែលជានាយទាហានស្រី្តទី ៧ របស់វៀតណាម កំពុងបំពេញភារកិច្ចផ្សព្វផ្សាយនៅស្ថានបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (MINUSCA) អាណត្តិ ២០២១-២០២២ ក៏ជួបប្រទះនឹងអាកាសធាតុដ៏អាក្រក់នៃអាហ្វ្រិកផងដែរ។ លោកស្រី Huong បានរំលឹកថា៖ "នៅក្នុងការិយាល័យផ្សព្វផ្សាយព័ត៌មានរបស់ស្ថានបេសកកម្ម យើងតែងតែទទួលភារកិច្ចដែលមិននឹកស្មានដល់។ ភាគច្រើនគឺអមដំណើរក្រុមបេសកកម្មពិសេសរបស់មេបញ្ជាការ ឬមេបញ្ជាការរងនៃបេសកកម្ម ដើម្បីចុះទៅតំបន់ ឬកន្លែងដែលកំពុងមានបញ្ហាដើម្បីដោះស្រាយ។ ភារកិច្ចរបស់ខ្ញុំគឺថតនិងផ្សាយព័ត៌មាននៅលើទស្សនាវដ្ដីនៃបេសកកម្ម។ ខ្ញុំត្រូវចេញទៅក្រៅក្រោមពន្លឺថ្ងៃច្រើន មានកន្លែងដែលមានសីតុណ្ហភាពខ្ពស់ខ្លាំងណាស់ បើអ្នកមិនមានសុខភាពល្អក៏ពិបាកធ្វើដែរ។ នៅទីនេះក៏មានភារកិច្ចដែលយើងមិនធ្លាប់ជួបនៅវៀតណាម ដូចជាការជិះឧទ្ធម្ភាគចក្រដោយគ្មានខ្សែក្រវ៉ាត់សុវត្ថិភាព គ្មានទ្វារ និងការថតជាមួយក្រុមយាមល្បាតនៅលើលំហអាកាស។ នោះជាអនុស្សាវរីយ៍ដែលខ្ញុំមិនអាចបំភ្លេចបាន"។

leftcenterrightdel
ក្រៅម៉ោងបំពេញភារកិច្ច លោកស្រីអនុសេនីយ៍ឯក Vu Nhat Huong បង្រៀនឲ្យកុមារនៅមូលដ្ឋាន (រូបថត៖ NVCC)

នៅខែមករា ឆ្នាំ២០១៨ វៀតណាមបានចាប់ផ្តើមបញ្ជូននាយទាហានស្រី្តដំបូងទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ រហូតមកដល់ពេលនេះ វៀតណាមមាននាយទាហាននិងយោធិនស្រី្តចំនួន ១១៤ នាក់បានចេញដំណើរទៅបំពេញភារកិច្ចនៅតំបន់ Bentiu នៃស៊ូដង់ខាងត្បូង តំបន់ Abyei និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

ក្រោមអាកាសធាតុក្រៅខ្លាំងនៅទ្វីបអាហ្រ្វិក ក្រៅម៉ោងបំពេញកាតព្វកិច្ច នាយទាហានស្រី្តវៀតណាមក៏ជួយប្រជាជនមូលដ្ឋានដាំដំណាំ ណែនាំឲ្យស្ត្រីនៅតំបន់អំពីការដេរសម្លៀកបំពាក់ បង្រៀនឲ្យកុមារ ពិនិត្យនិងព្យាបាលជំងឺសម្រាប់ប្រជាជននៅជុំវិញតំបន់នោះ។

ដោយមានជំនាញល្អ ស្មារតីត្រៀមខ្លួនជាស្រេចក្នុងជំនះការលំបាក និងអស្ថិរភាពនៅតំបន់ នាយទាហាន និងយោធិនស្រ្តីវៀតណាមបំពេញភារកិច្ចរក្សាសន្តិភាពអន្តរជាតិដោយទឹកចិត្តសប្បុរសធម៌ និងស្មារតីអន្តរជាតិដ៏ថ្លៃថ្នូ។ ពួកគេបានបំពេញល្អភារកិច្ចដែលត្រូវបានប្រគល់ តាមនោះជួយមិត្តអន្តរជាតិកាន់តែយល់ច្បាស់អំពីវៀតណាមដែលជាប្រទេសស្រឡាញ់សន្តិភាព ហើយប្រជាជនវៀតណាមមានទឹកចិត្តសប្បុរសធម៌៕

បកប្រែដោយ Thuy Anh