បន្ទាប់ពីចូលរួមពិធីបើកពិព័រណ៍នេះ គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមបានជួបពិភាក្សាការងារជាមួយលោកនាយឧត្តមសេនីយ៍ Metin Gurak ប្រធានអគ្គសេនាធិការកងទ័ពទួរគី និងលោក Yasar Guler រដ្ឋមន្ត្រីក្រសួងការពារជាតិទួរគី។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សាការងារជាមួយលោក Yasar Guler រដ្ឋមន្ត្រីក្រសួងការពារជាតិទួរគី

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងទ័ពទួរគីបានសម្តែងការពេញចិត្តចំពោះក្រសួងការពារប្រទេសវៀតណាមដែលបានចាត់តាំងគណៈប្រតិភូជាន់ខ្ពស់មកចូលរួមពិព័រណ៍ SEDEC លើកនេះ រួមចំណែកយ៉ាងសំខាន់ដល់ភាពជោគជ័យនៃពិព័រណ៍នេះ ក៏ដូចជាជំរុញទំនាក់ទំនងសហប្រតិបត្តិការតាមស្មារតីដែលបានឯកភាពដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ភាគីទួរគីបានថ្លែងអំណរគុណចំពោះវៀតណាមដែលបានបញ្ជូនក្រុមជួយសង្គ្រោះទៅចូលរួមក្នុងការជួយសង្គ្រោះ និងគាំទ្រក្នុងការពុះពារផលវិបាកនៃការរញ្ជួយដីក្នុងខែកុម្ភៈ ឆ្នាំ២០២៣ នៅភាគខាងត្បូងទួរគី។ ភាគីទួរគីបានអះអាងថា ភាគីទាំងពីរនៅតែមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ និងសម្តែងនូវគោលបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រួមទាំងឧស្សាហកម្មការពារជាតិ ការបណ្តុះបណ្តាល និងការចែករំលែកបទពិសោធន៍។

លោកឧត្តមសេនីយ៍ទោ Pham Truong Son បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងប្រពៃណីល្អរវាងប្រទេសទាំងពីរ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាកសាងតំបន់រងគ្រោះរញ្ជួយដីឡើងវិញនៅដើមឆ្នាំ ២០២៣។ លោកឧត្តមសេនីយ៍ទោ Pham Truong Son បានស្នើឲ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងទ័ពទួរគី បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសឧស្សាហកម្មការពារជាតិទួរគី ចូលរួមការតាំងបង្ហាញផលិតផលនៅពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ២០២៤។

ក្នុងឱកាសនេះ គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមបានទៅទស្សនាស្តង់នានានៅឯពិព័រណ៍ និងជួបធ្វើការជាមួយសហគ្រាសឧស្សាហកម្មការពារជាតិមួយចំនួន៕

បកប្រែដោយ Huyen Trang