នៅក្នុងកិច្ចសន្ទនានេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា បន្ទាប់ពីវៀតណាម និងកូរ៉េខាងត្បូងលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ (ខែធ្នូ ឆ្នាំ២០២២) ទំនាក់ទំនងរវាងប្រទេសទាំងពីរបានបន្តពង្រឹង និងអភិវឌ្ឍលើវិស័យជាច្រើន រួមទាំងវិស័យការពារជាតិផងដែរ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា នាពេលកន្លងនេះ ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-កូរ៉េខាងត្បូង ត្រូវបានជំរុញដោយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួងការពារជាតិនៃប្រទេសទាំងពីរ ហើយសម្រេចបានលទ្ធផលជាក់ស្តែង។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនា

ចំពោះទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើថា ភាគីទាំងពីរបន្តខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការដោយផ្តោតលើវិស័យជាច្រើន ដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់; ការអប់រំ និងបណ្ដុះបណ្ដាល; កិច្ចសន្ទនា កិច្ចពិគ្រោះយោបល់ និងការផ្លាស់ប្តូរ; ឧស្សាហកម្មការពារជាតិ ពាណិជ្ជកម្មយោធា; ជំនះផលវិបាកនៃសង្គ្រាម; ការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនោះ លោកបញ្ជាក់ថា ក្រសួងការពារប្រទេសវៀតណាមបានត្រៀមខ្លួនជាស្រេចទទួលនាយទាហានជាន់ខ្ពស់កូរ៉េខាងត្បូងទៅកាន់វៀតណាម ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលកម្មាភិបាលការពារជាតិជាន់ខ្ពស់នៅបណ្ឌិតសភាការពារជាតិ និងវគ្គសិក្សាភាសាវៀតណាមនៅបណ្ឌិតសភាវិទ្យាសាស្ត្រយោធា។

លោក Kim Seon Ho បានឲ្យដឹងថា កិច្ចសន្ទនានេះគឺជាឱកាសល្អសម្រាប់ភាគីទាំងពីរពិនិត្យលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនាពេលកន្លងមកនេះ និងពិភាក្សាអំពីទិសដៅសហប្រតិបត្តិការនាពេលខាងមុខ។ លោក Kim Seon Ho ក៏បានអះអាងដែរថា កូរ៉េខាងត្បូងមានបំណងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយវៀតណាម ហើយស្នើឲ្យភាគីទាំងពីររក្សាកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ព្រមទាំងអភិវឌ្ឍលើវិស័យថ្មីនៃកិច្ចសហប្រតិបត្តិការដោយផ្អែកលើទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោក Kim Seon Ho ចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កូរ៉េខាងត្បូងលើកទី១១

នៅក្នុងកិច្ចសន្ទនានេះដែរ ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពពិភពលោក និងតំបន់ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា វៀតណាមមានគោលនយោបាយដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចសន្យាក្នុងតំបន់ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) សេចក្តីថ្លែងការណ៍រួមស្ដីពីគោលការណ៍ណែនាំ ៦ ចំណុចរបស់អាស៊ានអំពីសមុទ្រខាងកើត សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងជំរុញការចរចាអំពីក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព។ល។

នៅចុងបញ្ចប់នៃកិច្ចសន្ទនា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោក Kim Seon Ho បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កូរ៉េខាងត្បូង លើកទី១១៕

បកប្រែដោយ Thuy Anh