ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអបអរសាទរចំពោះលោក Aleksander Surdej ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប៉ូឡូញប្រចាំនៅវៀតណាម។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានចែករំលែកថា ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ប៉ូឡូញ ត្រូវបានអនុវត្តកាន់តែជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសម្តែងនូវក្តីសង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួនដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; ពង្រឹងក្របខណ្ឌ និងយន្តការនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសការពារជាតិនៃប្រទេសទាំងពីរជួបជុំ និងស្រាវជ្រាវលទ្ធភាពសហប្រតិបត្តិការ ក្នុងនោះមានការចូលរួមពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤; ប៉ូឡូញបន្តគាំទ្រសកម្មភាពសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាមនិងសហភាពអឺរ៉ុប។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ទទួលជួបលោក Aleksander Surdej ឯកអគ្គរដ្ឋទូតប៉ូឡូញប្រចាំនៅវៀតណាម

ក្នុងឱកាសនេះ តាងនាមក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអញ្ជើញរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងការពារជាតិប៉ូឡូញមកទស្សនា និងចូលរួមពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ក៏បានស្នើឱ្យភាគីទាំងពីរចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាថ្មីស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ បន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល ព្រមទាំងស្នើឱ្យប៉ូឡូញជួយឧបត្ថម្ភការបណ្តុះបណ្តាលវិស័យសន្តិសុខតាមអ៊ីនធឺណិត និងពេទ្យយោធាសម្រាប់វៀតណាម។

លោកឯកអគ្គរដ្ឋទូត Aleksander Surdej បានស្នើឲ្យក្រសួងការពារប្រទេសវៀតណាមបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អនុព័ន្ធការពារជាតិប៉ូឡូញ បំពេញភារកិច្ចប្រកបដោយជោគជ័យក្នុងអាណត្តិបេសកកម្មការទូតនៅវៀតណាម។ លោកឯកអគ្គរដ្ឋទូត Aleksander Surdej បានសង្កត់ធ្ងន់ថា ប៉ូឡូញត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមក្នុងការបណ្តុះបណ្តាលសិក្ខាកាមនៅបណ្តាសាលាយោធានៅប៉ូឡូញ និងត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍របស់ប៉ូឡូញក្នុងវិស័យរក្សាសន្តិភាពជាមួយវៀតណាម។ លោកឯកអគ្គរដ្ឋទូត Aleksander Surdej ក៏បានបញ្ជាក់ថា លោកនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីរួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ស៊ីជម្រៅ និងជាក់ស្តែង៕

បកប្រែដោយ Huyen Trang