នៅក្នុងកិច្ចសន្ទនានេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា សម័យសន្ទនានេះមានអត្ថន័យពិសេស ខណៈដែលប្រទេសទាំងពីរទើបតែលើកតម្កើងទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងលើពិភពលោក” ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុនរបស់ប្រធានរដ្ឋវៀតណាមនៅខែវិច្ឆិកា ឆ្នាំ២០២៣។ ដោយឈរលើមូលដ្ឋានដ៏ល្អនោះ ទំនាក់ទំនង វៀតណាម-ជប៉ុន កំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី បើកឱកាសសហប្រតិបត្តិការលើវិស័យជាច្រើនរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។

ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ជប៉ុន សម្រេចបានលទ្ធផលជាក់ស្តែងជាច្រើន ស្របតាមស្មារតីនៃសេចក្ដីថ្លែងការណ៍ចក្ខុវិស័យរួមស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឆ្ពោះទៅទស្សវត្សរ៍បន្ទាប់មក រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ (ចុះហត្ថលេខានៅខែមេសា ឆ្នាំ ២០១៨)។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិ វៀតណាម-ជប៉ុន ថ្នាក់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិលើកទី១០

អំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យភាគីទាំងពីរបន្តខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការដោយផ្តោតលើវិស័យដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់; កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល ឧស្សាហកម្មការពារជាតិ ពេទ្យយោធា និងការជួយសង្គ្រោះ; កងទ័ពជើងទឹក; សន្តិសុខតាមអ៊ីនធឺណិត; ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ; ការជំនះពុះពារលើផលវិបាកនៃសង្គ្រាម; ការបង្កើនសមត្ថភាពអនុវត្តច្បាប់នៅសមុទ្រ។ល។

រីឯលោកអនុរដ្ឋមន្ត្រី Serizawa Kiyoshi បានអះអាងនូវសារៈសំខាន់នៃទំនាក់ទំនងវៀតណាម-ជប៉ុន ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរបស់ប្រទេសទាំងពីរ។ លោកបានសម្តែងនូវក្តីជឿជាក់ថា កិច្ចសន្ទនានឹងរួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងបន្ថែមទៀតនាពេលខាងមុខរវាងវៀតណាម និងជប៉ុន។

លោកអនុរដ្ឋមន្ត្រី Serizawa Kiyoshi សង្ឃឹមថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរនឹងអភិវឌ្ឍបន្ថែមទៀតនាពេលខាងមុខ ដោយការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការ ដែលភាគីទាំងពីរមានប្រៀបខ្លាំង និងតម្រូវការ។ ជប៉ុនយកចិត្តទុកដាក់ជាពិសេសចំពោះរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ (WPS) ដោយហេតុនោះ បំពេញបន្ថែម និងរួមចំណែកជាក់ស្តែងដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពពិភពលោក និងតំបន់ រួមទាំងបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា វៀតណាមរក្សានូវគោលនយោបាយការបរទេសឥតងាករេ ឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព ពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្មទំនាក់ទំនង និងគោលនយោបាយការពារជាតិ “បួនសូន្យ”។ វៀតណាមមានគោលបំណងចង់ឱ្យប្រទេសនានាដោះស្រាយបញ្ហាតាមរយៈការសន្ទនា ដោយសន្តិវិធី ដោយឈរលើច្បាប់ និងកិច្ចសន្យាអន្តរជាតិ រួមគ្នាកសាងបរិយាកាសសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

នៅចុងបញ្ចប់នៃកិច្ចសន្ទនា ប្រធានគណៈប្រតិភូទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុការងារនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ជប៉ុនលើកទី១០ ឆ្នាំ២០២៤៕

បកប្រែដោយ Huyen Trang