ការហាត់សមកងទ័ពជើងទឹកពហុភាគី MILAN 2024
កងទ័ពជើងទឹកនៃបណ្ដាប្រទេសបញ្ចប់ដំណាក់កាលនៅកំពង់ផែ
កប.អនឡាញ - ក្នុងក្របខណ្ឌនៃការហាត់សមកងទ័ពជើងទឹកពហុភាគី MILAN 2024 នៅថ្ងៃទី ២២ និងទី ២៣ ខែកុម្ភៈ នៅទីក្រុង Visakhapatnam ប្រទេសឥណ្ឌា បានប្រព្រឹត្តទៅសិក្ខាសាលានាវាចរណ៍អន្តរជាតិ។
ចូលរួមសិក្ខាសាលានេះមានលោក Jagdeep Dhankhar អនុប្រធានាធិបតីឥណ្ឌា តំណាងស្ថាប័នការបរទេស និងកងទ័ពជើងទឹកនៃប្រទេសចូលរួមហាត់សម។ លោកឧត្តមនាវីត្រី Pham Manh Hung មេបញ្ជាការរង នាយសេនាធិការនៃកងទ័ពជើងទឹកវៀតណាម និងក្រុមបេសកកម្មនាវាលេខ ២០ (កងវរសេនាតូចលេខ ១៣២ កងពលតូចលេខ ១៧២ កងទ័ពជើងទឹក តំបន់លេខ ៣) តំណាងឲ្យកងទ័ពជើងទឹកប្រជាជនវៀតណាមចូលរួមសិក្ខាសាលានេះ។
ដោយមានប្រធានបទ "ភាពជាដៃគូនៅលើមហាសមុទ្រទាំងអស់៖ កិច្ចសហប្រតិបត្តិការ កងកម្លាំងចម្រុះ កំណើន" វាគ្មិនមកពីប្រទេសចំនួន ១២ បានធ្វើបទបង្ហាញអំពីវិស័យសំខាន់ៗដូចជា៖ កំណើនសេដ្ឋកិច្ច សន្តិសុខនៃការធ្វើនាវាចរណ៍ ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ការកសាងសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនាវាចរណ៍ប្រកបដោយចីរភាព។ នៅក្នុងសិក្ខាសាលានេះ វាគ្មិនបានសង្កត់ធ្ងន់លើសារៈសំខាន់រយៈពេលវែងនៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រឈមដែលសហគមន៍នាវាចរណ៍ពិភពលោកកំពុងប្រឈមមុខ។ តាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការ ភាគីទាំងឡាយបានឆ្ពោះទៅការកសាងផ្នែកនាវាចរណ៍ប្រកបដោយសុវត្ថិភាព ចីរភាព និងវិបុលភាព។
* សូមរំលឹកថា នៅយប់ថ្ងៃទី ២២ ខែកុម្ភៈ កងទ័ពជើងទឹកនៃប្រទេសទាំងឡាយ បានចូលរួមក្នុងការក្បួនដង្ហែតាមដងផ្លូវប្របមាត់សមុទ្រនៃទីក្រុង Visakhapatnam។
* ថ្ងៃទី ២៣ ខែកុម្ភៈ គឺជាថ្ងៃចុងក្រោយនៃដំណាក់កាលកំពង់ផែក្នុងក្របខ័ណ្ឌនៃការសមហាត់ MILAN 2024 នៅប្រទេសឥណ្ឌា។ នាព្រឹកថ្ងៃដដែល តំណាងកងទ័ពជើងទឹកនៃប្រទេសទាំងឡាយបានបន្តពិភាក្សាអំពីផែនការហាត់សមនៅសមុទ្រ ដើម្បីត្រៀមរៀបចំដំណាក់កាលហាត់សមនៅសមុទ្រ៕
បកប្រែដោយ Thanh Cong