កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ម៉ាឡេស៊ី រួមចំណែកដល់សន្តិភាព និងសន្តិសុខក្នុងតំបន់
កប.អនឡាញ - តបតាមការអញ្ជើញរបស់លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិម៉ាឡេស៊ី ដឹកនាំដោយលោក Dato' Seri Utama Haji Mohamad Bin Haji Hasan រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែធ្នូ។
ដំណើរទស្សនកិច្ចនេះគឺជាការបង្ហាញយ៉ាងរស់រវើកនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរដែលកំពុងត្រូវបានលើកកម្ពស់ និងពង្រឹងកាន់តែខ្លាំងឡើង។ ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងវៀតណាម-ម៉ាឡេស៊ី ត្រូវបានពង្រឹង និងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាព និងជាក់ស្តែង ប្រទេសទាំងពីរបានបង្កើនទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ២០១៥។ នៅលើមូលដ្ឋាននោះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំថ្មីៗនេះទទួលបានលទ្ធផលវិជ្ជមានជាច្រើនលើគ្រប់វិស័យ រួមទាំងវិស័យសន្តិសុខការពារជាតិផងដែរ។
ទំនាក់ទំនងលើវិស័យការពារជាតិរវាងវៀតណាម និងម៉ាឡេស៊ី នាពេលថ្មីៗនេះ ទទួលបានលទ្ធផលជាក់ស្តែងលើវិស័យដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ កិច្ចសហប្រតិបត្តិការកងទ័ពជើងទឹក និងទ័ពអាកាស ការបង្វឹកបង្ហាត់ ... ជាពិសេស កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរត្រូវបានលើកកម្ពស់លើវិស័យជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលផងដែរ កងទ័ពជើងទឹកទាំងពីរសម្រេចបានទស្សនៈរួម និងការជឿជាក់គ្នាទៅវិញទៅមកកាន់តែខ្លាំងឡើង។ តាមរយៈវេទិកានានាដូចជា កិច្ចប្រជុំមេបញ្ជាការកងទ័ពជើងទឹកអាស៊ាន ឬយន្តការពិគ្រោះយោបល់កងទ័ពជើងទឹកទ្វេភាគី ភាគីទាំងពីរមានឱកាសពិភាក្សាដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការរវាងកងទ័ពជើងទឹកទាំងពីរ។
|
|
នាយទាហានកងទ័ពជើងទឹកម៉ាឡេស៊ីជួបប្រាស្រ័យជាមួយនាយទាហានកងទ័ពជើងទឹកវៀតណាម ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ច និងផ្លាស់ប្តូរជាមួយកងទ័ពជើងទឹកម៉ាឡេស៊ី តាមនាវាសំពៅលេខ២៨៦-Le Quy Don និងគណៈប្រតិភូកងទ័ពជើងទឹកប្រជាជនវៀតណាម ខែតុលា ឆ្នាំ២០២២ |
ក្រសួងការពារជាតិនៃប្រទេសទាំងពីរបន្តរក្សាទម្រង់សហប្រតិបត្តិការ ដូចជាការផ្លាស់ប្តូរគណៈប្រតិភូ ការផ្លាស់ប្តូរនាយទាហានវ័យក្មេង ការផ្លាស់ប្តូរព័ត៌មាន ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល ការចែករំលែកបទពិសោធន៍ដែលចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ការគាំទ្រគ្នាទៅវិញទៅមកលើវេទិកាពហុភាគី។
ផ្អែកលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងក្នុងវិស័យការពារជាតិនាពេលថ្មីៗនេះ ភាគីទាំងពីរកំពុងសិក្សា និងជំរុញការបង្កើតយន្តការសន្ទនាសមស្រប រួមទាំងយន្តការសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រី និងក្រុមការងាររួមស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិថ្នាក់ប្រធាននាយកដ្ឋានកិច្ចការបរទេស ដើម្បីបង្កើតមូលដ្ឋានសម្រាប់សកម្មភាពកិច្ចសហប្រតិបត្តិការជាក់ស្តែង។ ភាគីទាំងពីរក៏កំពុងជំរុញការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាថ្មីស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី បង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យការពារជាតិដែលបង្ហាញឱ្យឃើញពីតួនាទីកាន់តែសំខាន់ រួមចំណែកក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ក៏ដូចជាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។
គួរកត់សម្គាល់ថា វៀតណាមគឺជាប្រទេសតែមួយគត់ក្នុងអាស៊ាន ដែលបង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយម៉ាឡេស៊ី។ ឆ្នាំនេះ ប្រទេសទាំងពីរប្រារព្ធខួប ៥០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត។ ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងនយោបាយគួរឲ្យជឿទុកចិត្តនេះ នៅតាមវេទិកាពហុភាគី ប្រទេសទាំងពីរបានចែករំលែកនូវបញ្ហារួមដូចជាទស្សនៈរបស់អាស៊ានស្តីពីសន្តិសុខជាតិ និងពិភពលោក ក៏ដូចជាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ប្រទេសទាំងពីរបានឯកភាពដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈ ផ្លូវការទូត និងការសន្ទនាដោយសន្តិវិធី។ ក្នុងក្របខ័ណ្ឌអាស៊ាន វៀតណាម និងម៉ាឡេស៊ី គឺជាសមាជិកសកម្ម និងទទួលខុសត្រូវរបស់ប្លុក ដោយធ្វើការរួមគ្នាជាមួយប្រទេសជាសមាជិក ដើម្បីរក្សាសាមគ្គីភាព និងលើកកម្ពស់តួនាទីមជ្ឈភាពរបស់សមាគម រួមចំណែកកសាងសហគមន៍អាស៊ាន ធ្វើឲ្យសហគមន៍អាស៊ានមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា និងវិបុលភាព។ ប្រទេសទាំងពីរប្តេជ្ញាពង្រឹងសន្តិភាព និងស្ថិរភាព តាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងអាស៊ាន និងអង្គការក្នុងតំបន់ផ្សេងទៀត។
ដោយចែករំលែកភាពស្រដៀងគ្នាជាច្រើន ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងម៉ាឡេស៊ី គឺសមស្របនឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ដែលជាផលប្រយោជន៍រួមរបស់វៀតណាម និងម៉ាឡេស៊ី រួមចំណែកធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីរបស់ប្រទេសឱ្យកាន់តែស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាព ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕
បកប្រែដោយ Duy Hoan