នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃថា ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រងនៅក្នុងប្រទេសទាំងពីរ សកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ និងយន្តការប្រចាំឆ្នាំត្រូវបានបន្ត និងរក្សាជាប្រចាំ។ តាមរយៈការជួបប្រជុំនានា ជាពិសេសនៅកម្រិតខ្ពស់ ភាគីទាំងពីរបានផ្លាស់ប្តូរបញ្ហាជាច្រើន ហើយបានរួមគ្នារិះរកវិធីដើម្បីជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ លទ្ធផលនៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមក បានបន្តរួមចំណែកលើកកម្ពស់ការជឿទុកចិត្តផ្នែកនយោបាយ ជម្រុញទំនាក់ទំនងនៃប្រទេសទាំងពីរឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយស្ថិរភាព និងនិរន្តរភាព។

leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang និងលោករដ្ឋមន្ត្រី Li Shangfu 

រដ្ឋមន្ត្រីទាំងពីរបានអះអាងសារជាថ្មីថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ គឺជាសសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងភាពជាដៃគូ សហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិន។ រដ្ឋមន្ត្រីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដើម្បីសម្រេចបាននូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដែលឯកភាពដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស ដើម្បីជម្រុញទំនាក់ទំនងរវាងវៀតណាម និងចិនមានការអភិវឌ្ឍប្រកបដោយស្ថិរភាព ក្រោមពាក្យស្លោកថា "ភាពជាអ្នកជិតខាងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិតស្ថិរយូរអង្វែង ឆ្ពោះទៅរកអនាគត" និងស្មារតី "អ្នកជិតខាងល្អ មិត្តល្អ សមមិត្តល្អ ដៃគូល្អ"។

leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang ពិភាក្សាជាមួយលោករដ្ឋមន្ត្រី Li Shangfu

អាស្រ័យលើមូលដ្ឋាននោះ រដ្ឋមន្ត្រីទាំងពីរបានឯកភាពសម្របសម្រួលយ៉ាងសកម្មដើម្បីស្តារឡើងវិញនូវសកម្មភាពសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី ដោយផ្តោតលើការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ព្រមទាំងឆាប់ឯកភាពលើការអនុវត្តកម្មវិធីផ្លាស់ប្តូរមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិន លើកទី៨ កិច្ចសន្ទនាយុទ្ធសាស្ត្រការពារជាតិវៀតណាម-ចិន លើកទី៨ ជំរុញកិច្ចសហប្រតិបត្តិការលើការងារបក្ស និងការងារនយោបាយ; ពង្រឹងកិច្ចសហប្រតិបត្តិការការពារព្រំដែន ការគ្រប់គ្រងព្រំដែនទាំងលើគោក និងនៅសមុទ្រ ជំរុញការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការការពារព្រំដែន និងកងទ័ពជើងទឹក; ថែរក្សា លើកកំពស់ និងពង្រីកកិច្ចសហប្រតិបត្តិការដែលមានសក្ដានុពលខ្លាំង ដូចជាការអប់រំ-បណ្តុះបណ្តាល ឧស្សាហកម្មការពារជាតិ និងពេទ្យយោធាជាដើម៕

បកប្រែដោយ Duy Hoan