ប្រទេសចិនគាំទ្រវៀតណាមក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង ផ្សារភ្ជាប់ជាមួយនឹងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព
បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាជាមួយលោក Li Qiang នាយករដ្ឋមន្ត្រីចិន។ ក្នុងបរិយាកាសនៃភាពស្មោះត្រង់ មិត្តភាព និងបើកចំហ នាយករដ្ឋមន្ត្រីទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាពរបស់បក្ស និងប្រទេសនីមួយៗ ផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅលើបញ្ហាសំខាន់ៗក្នុងទំនាក់ទំនងទ្វេភាគី និងឈានដល់ការឯកភាពទូលំទូលាយលើសមិទ្ធផលជាក់ស្តែង និងការប្តេជ្ញាចិត្តរួមកម្រិតខ្ពស់ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម នៅចុងឆ្នាំ ២០២២ ធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម និងចិន។
|
|
លោក Li Qiang នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន ទទួលបដិសណ្ឋារកិច្ចជាផ្លូវការ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម |
ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួមវៀតណាម - ចិន ស្តីពីការជំរុញ និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម - ចិន។ រក្សាការផ្លាស់ប្តូរ និងទំនាក់ទំនងគ្រប់លំដាប់ថ្នាក់ ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការតាមរយៈបណ្តាញបក្ស រវាងរដ្ឋាភិបាលទាំងពីរ រដ្ឋសភាទាំងពីរ…។ ភាគីទាំងពីប្តេជ្ញាចិត្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា ការទូត ការពារជាតិ និងសន្តិសុខ ពង្រឹងកិច្ចសហប្រតិបត្តិការសំខាន់ៗលើគ្រប់វិស័យ និងការផ្លាស់ប្តូរមិត្តភាពរវាងមូលដ្ឋាន និងអង្គការមហាជន កសាងព្រំដែនលើដីគោកប្រកបដោយសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ទន្ទឹមនោះ គ្រប់គ្រងការខ្វែងគំនិតគ្នាបានល្អ រក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រ ពង្រឹងការសម្របសម្រួលក្នុងវេទិកាអន្តរជាតិ និងតំបន់។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ភាគីទាំងពីរចាំបាច់ត្រូវលើកកំពស់គុណសម្បត្តិភូមិសាស្ត្រ និងបំពេញបន្ថែមគ្នាទៅវិញទៅមក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសំខាន់ៗលើវិស័យផ្សេងៗ។ លោកនាយករដ្ឋមន្រ្តីវៀតណាមស្នើឱ្យចិន ពន្លឿនការបើកទីផ្សារកសិផល និងផលិតផលជលផលរបស់វៀតណាម បង្កើតលក្ខណៈអំណោយផលសម្រាប់ការបង្កើតការិយាល័យជំរុញពាណិជ្ជកម្មវៀតណាម ដំបូងនៅ Chengdu (Sichuan) និង Haikou (Hainan) ដើម្បីសម្របសម្រួលលើកកំពស់ប្រសិទ្ធភាពការបោសសំអាតគយ ជៀសវាងការកកស្ទះទំនិញ នៅច្រកទ្វារព្រំដែន ការសម្របសម្រួលដោះស្រាយបញ្ហាទាំងស្រុងក្នុងគម្រោងសហប្រតិបត្តិការមួយចំនួនក្នុងស្មារតី “ផលប្រយោជន៍រួម ហានិភ័យរួម” ពន្លឿនការអនុវត្តការផ្តល់ជំនួយរបស់ចិនដល់វៀតណាម។
|
|
ទិដ្ឋភាពភាគីទាំងពីរជួបជុំពិភាក្សាគ្នា |
លោក Pham Minh Chinh បានស្នើភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ កសិកម្ម ការដឹកជញ្ជូន បរិស្ថាន សុខាភិបាល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយផ្តោតលើ៖ កិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរឌីជីថល កំណើនបៃតង សេដ្ឋកិច្ចរង្វង់ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរបទពិសោធន៍លើការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងហិរញ្ញវត្ថុ និងគោលនយោបាយរូបិយវត្ថុ កិច្ចសហប្រតិបត្តិការលើការដាំដុះ ការកែច្នៃផលិតផលកសិកម្ម ការគ្រប់គ្រងជំងឺរាតត្បាត ការការពារធនធានជលផលនៅឈូងសមុទ្រតុងកឹង។ ពង្រឹងការតភ្ជាប់ផ្លូវដែក ផ្លូវថ្នល់ និងសមុទ្រ ស្រាវជ្រាវ និងអភិវឌ្ឍទំហំផ្លូវដែកស្តង់ដារ ល្បឿនលឿនតភ្ជាប់ប្រទេសទាំងពីរ ឆាប់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើការស្វែងរក និងជួយសង្គ្រោះនៅសមុទ្រ ការស្ដារឡើងវិញយ៉ាងទូលំទូលាយនៃជើងហោះហើរពាណិជ្ជកម្ម ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងធនធានទឹកក្នុងអាងទន្លេមេគង្គ-ឡានឆាង អនុវត្តបានល្អនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការអប់រំ ពង្រាយអាហារូបករណ៍សម្រាប់វៀតណាម អនុវត្តផែនការសហប្រតិបត្តិការវប្បធម៌ និងទេសចរណ៍ឱ្យបានល្អ។
លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានអះអាង នូវឆន្ទៈរបស់ខ្លួនក្នុងការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការសំខាន់ៗជាមួយវៀតណាម និងធ្វើឱ្យខ្លឹមសារនៃទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិនកាន់តែសម្បូរបែប។ វាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់វៀតណាម និងបរិយាកាសធុរកិច្ចយ៉ាងស្វាហាប់ក្នុងតំបន់ លោក Li Qiang បានចាត់ទុកថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានកម្រិតខ្ពស់នៃការគាំទ្រគ្នាទៅវិញទៅមក និងមានសក្តានុពលខ្លាំង។ លោកបានអះអាងថា ប្រទេសចិននឹងបើកទីផ្សារបន្ថែមទៀតសម្រាប់ទំនិញវៀតណាម ជាពិសេសផលិតផលកសិកម្ម ជលផល និងផ្លែឈើរបស់វៀតណាមដែលមានគុណភាពខ្ពស់។ លោកនាយករដ្ឋមន្ត្រី Li Qiang បានមានប្រសាសន៍ថា រដ្ឋាភិបាលចិនលើកទឹកចិត្តសហគ្រាសចិន ជាពិសេសសហគ្រាសធំៗ និងសហគ្រាសបច្ចេកវិទ្យាខ្ពស់ ដើម្បីពង្រីកការវិនិយោគលើវិស័យសមស្របទៅនឹងតម្រូវការ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់វៀតណាម សមស្របនឹងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
អំពីការប្រាស្រ័យរវាងប្រជាជន និងប្រជាជន លោកនាយករដ្ឋមន្ត្រីចិន បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរប្រាស្រ័យរវាងប្រជាជន និងប្រជាជន និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនការយល់ដឹង ទំនុកចិត្ត និងមិត្តភាពរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរបានផ្លាស់ប្តូរមតិយ៉ាងស៊ីជម្រៅដោយស្មោះស្ម័គ្រអំពីបញ្ហាដែនសមុទ្រ ដោយបានឯកភាពបញ្ជាក់ពីសារៈសំខាន់នៃការគ្រប់គ្រងការខ្វែងគំនិតគ្នាឱ្យបានត្រឹមត្រូវ និងរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត។ លោក Pham Minh Chinh បានស្នើឱ្យភាគីទាំងពីរអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការប្តេជ្ញារួមកម្រិតខ្ពស់ និង “កិច្ចព្រមព្រៀងស្តីពីគោលការណ៍ជាមូលដ្ឋានណែនាំការដោះស្រាយបញ្ហាដែនសមុទ្ររវាងវៀតណាម និងចិន” គោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក ដោះស្រាយវិវាទ និងការខ្វែងគំនិតគ្នាដោយមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) 1982 លើកកំពស់ប្រសិទ្ធភាពនៃយន្តការចរចាលើបញ្ហាដែនសមុទ្រ អនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងខិតខំកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ដោយមានខ្លឹមសារជាក់ស្តែង ប្រសិទ្ធភាព និងស្របតាមច្បាប់អន្តរជាតិ ក្នុងនោះរួមទាំង UNCLOS 1982 ។
នាយករដ្ឋមន្ត្រីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ដោយយល់ព្រមរក្សាការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការនៅវេទិកាតំបន់ និងអន្តរជាតិ។
|
|
លោក Pham Minh Chinh ចូលរួមកិច្ចសន្ទនាយុទ្ធសាស្ត្រជាតិវៀតណាម |
វៀតណាមជាគោលដៅវិនិយោគ និងស្វែងរកឱកាសសហប្រតិបត្តិការរយៈពេលវែង
នារសៀលថ្ងៃទី ២៦ មិថុនា បន្ទាប់ពីមកដល់ទីក្រុង Tianjin ប្រទេសចិន លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅចូលរួម និងថ្លែងសុន្ទរកថាក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រជាតិវៀតណាម និងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្រោមប្រធានបទ៖ ជំរុញចលករកំណើនថ្មី ដើម្បីបង្កើតអនាគតរបស់ប្រទេស។
ថ្លែងសុន្ទរកថានៅសន្និសីទនេះ លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ជាមួយនឹងសេដ្ឋកិច្ចបើកចំហខ្ពស់ វៀតណាមទទួលឥទ្ធិពលយ៉ាងខ្លាំងពីឥទ្ធិពលនៃសេដ្ឋកិច្ចពិភពលោក។ ទោះបីជាស្ថិតក្នុងកាលៈទេសៈលំបាកខ្លាំងក៏ដោយ ក៏វៀតណាមបានឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះហានិភ័យ និងបញ្ហាប្រឈមខាងក្រៅ រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងធានាតុល្យភាពសំខាន់ៗ ជំរុញកំណើនសេដ្ឋកិច្ច ពង្រឹងការការពារជាតិ និងសន្តិសុខយ៉ាងរឹងមាំ បង្កើតបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍ។ វៀតណាមកំពុងបន្តការច្នៃប្រឌិតយ៉ាងខ្លាំងក្លានូវគំរូកំណើនរបស់ខ្លួន រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ជំរុញការបង្កើតថ្មី និងការផ្លាស់ប្តូរឌីជីថល ពន្លឿនការផ្លាស់ប្តូរថាមពល អភិវឌ្ឍសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចរាងជារង្វង់។ ចែករំលែកជាមួយ WEF និងសហគ្រាសអាជីវកម្មអំពីគុណសម្បត្តិរបស់វៀតណាម នាយករដ្ឋមន្ត្រីវៀតណាមបានស្នើថា WEF និងសមាជិករបស់ខ្លួនបន្តកិច្ចសហប្រតិបត្តិការ និងជួយឧបត្ថម្ភវៀតណាម ក្នុងវិស័យបច្ចេកវិទ្យា ហិរញ្ញវត្ថុ និងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព ការគ្រប់គ្រងទំនើប។
កិច្ចសន្ទនាបានធ្វើឡើងក្នុងស្មារតីបើកចំហ ស្មោះត្រង់ ខ្លឹមសារ និងប្រសិទ្ធភាព។ រាល់សហគ្រាសអាជីវកម្មបានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់វៀតណាមក្នុងសន្និសីទអ្នកត្រួសត្រាយរបស់ WEF នេះ ហើយអះអាងថានឹងមកវៀតណាមដើម្បីបន្តការពិភាក្សាជាមួយក្រសួង ស្ថាប័ន និងតំបន់ដើម្បីសម្រេចបាននូវផែនការសហប្រតិបត្តិការជាមួយវៀតណាម។
បកប្រែដោយ Minh Trung