បន្ទាប់ពីត្រូវបានបង្កើតឡើងភ្លាមៗ តំបន់ឆ្នេរសមុទ្រលេខ៥ បានធ្វើការកសាង ពង្រឹងកម្លាំងរបស់ខ្លួន និងរៀបចំឲ្យមានការប្រយុទ្ធ និងត្រៀមប្រយុទ្ធជាស្រេចយ៉ាងឆាប់រហ័ស ព្រមទាំងបានសម្របសម្រួលជាមួយកម្លាំងនានាធ្វើឲ្យបរាជ័យនូវការប៉ុនប៉ងរបស់ពួកខ្មែរក្រហមរំលោភទន្ទ្រានយកទឹកដីរបស់វៀតណាមយើង និងរំដោះកោះ Tho Chu ការពារបានយ៉ាងរឹងមាំនូវដែនទឹក និងកោះផ្សេងៗទៀតដែលបានប្រគល់ទៅឲ្យ។

leftcenterrightdel
តំបន់កងទ័ពជើងទឹកលេខ ៥ ត្រៀមប្រយុទ្ធជាស្រេច

ប្រកាន់ខ្ជាប់មាគ៌ា និងគោលការណ៍របស់បក្ស និងឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅខែធ្នូ ឆ្នាំ១៩៧៨ អង្គភាពនេះបានទទួលភារកិច្ចចូលរួមក្នុងការការពារព្រំដែនភាគនិរតីតាមទិសសមុទ្រ។ នៅគ្រាដើមដំណាក់កាលនេះ អង្គភាពបានសម្របសម្រួលជាមួយកងកំលាំងផ្សេងទៀតដើម្បីអនុវត្ត “យុទ្ធនាការបុកច្រាំងឡើងគោកតាមផ្លូវសមុទ្រ Ta Lon”។ នេះជាយុទ្ធនាការបុកច្រាំងឡើងគោកតាមផ្លូវសមុទ្រលើកដំបូងបង្អស់របស់កងទ័ពវៀតណាម ហើយជ័យជំនះនៃយុទ្ធនាការនេះពិតជាមានអត្ថន័យយ៉ាងធំធេងដោយសារវាមានលក្ខណៈជាយុទ្ធសាស្ត្រយ៉ាងសំខាន់ៗ រួមចំណែកការពារអធិបតេយ្យភាពដែនសមុទ្រ និងកោះនៅភាគនិរតីនៃប្រទេសជាតិ។ ទន្ទឹមនឹងនេះ បង្កើតទៅបានឈ្នាន់សម្រាប់ជួយពង្រឹងជំហរ និងកម្លាំងក្នុងរាល់ប្រតិបត្តិការប្រយុទ្ធរបស់យើងនៅសមរភូមិ​​​​​​​​​​កម្ពុជា។ ក្នុងអំឡុងពេលនៃយុទ្ធនាការទាំងមូល តំបន់កងទ័ពជើងទឹកលេខ ៥ បានធ្វើការបុកច្រាំងឡើងគោកវាយលុកជាច្រើនលើក បានជួយរំដោះ និងការពារយ៉ាងរឹងមាំនូវដែនសមុទ្រភាគនិរតីនៃប្រទេស និងជួយឲ្យប្រទេសកម្ពុជារំដោះបានកោះជាច្រើន និងជួយបញ្ជូនប្រជាជនកម្ពុជារាប់ពាន់នាក់ឲ្យត្រឡប់មកជួបជុំគ្រួសាររបស់ពួកគេឡើងវិញ។ អង្គភាពក៏បានជួយប្រទេសកម្ពុជាក្នុងការពង្រីកកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនទាំងអំពីចំនួន គុណភាព និងសមត្ថភាពក្នុងការទទួល និងធ្វើជាម្ចាស់លើដែនទឹក និងកោះរបស់ប្រទេសកម្ពុជា។

អស់រយៈពេលជាង ១០ ឆ្នាំនៃការបំពេញបេសកកម្មអន្តរជាតិប្រកបដោយភាពរុងរឿង និងខ្ពង់ខ្ពស់បំផុតនោះនៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ១៩៨៩ យុទ្ធជនតំបន់កងទ័ពជើងទឹកលេខ ៥ បានវិលត្រឡប់ទៅកាន់មាតុភូមិជាទីស្រឡាញ់វិញ។ បន្ទាប់នោះ អង្គភាពបានរួសរាន់ធ្វើគ្រប់យ៉ាងដើម្បីជីវភាពកងទ័ពមានភាពលំនឹងយ៉ាងឆាប់រហ័សបំផុត ព្រមទាំងដាក់ពង្រាយកងទ័ពនៅតាម ៩ ទីតាំងឆ្ងាយពីគ្នាក្នុងខេត្តចំនួន ២ គឺខេត្ត Kien Giang, Ca Mau និងទីក្រុង Can Tho។ អង្គភាពទាំងមូលបានពង្រឹងកម្លាំង និងថែទាំជីវភាពរស់នៅរបស់កម្មាភិបាល និងយុទ្ធជនយ៉ាងឆាប់រហ័ស បង្កើនការហ្វឹកហ្វឺនធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពត្រៀមប្រយុទ្ធជាស្រេច ផ្តោតលើការកសាងផែនការប្រយុទ្ធ កសាងសំណង់សម្រាប់ការប្រយុទ្ធ និងកសាងមូលដ្ឋានភ័ស្តុភារ សម្ភារៈបច្ចេកទេស បង្កើតប្រៀបការពាររឹងមាំតាមទិសដៅសមុទ្រ និងកោះនៅភាគនិរតី។

ចាប់តាំងពីឆ្នាំ ២០១១ អនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ខភាគកងទ័ពលើកទី៩ ដោយទទួលបានការចាប់អារម្មណ៍ ការយកចិត្តទុកដាក់ពីបក្ស និងរដ្ឋ កងទ័ពជើងទឹកប្រជាជនវៀតណាម ត្រូវបានវិនិយោគ និងកសាងឲ្យឆ្ពោះទៅរកទំនើបកម្មតែម្តង។ ហើយដើម្បីបំពេញឲ្យបាននូវតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី គណៈកម្មាធិការបក្ស និងមេបញ្ជាការអង្គភាពបានដឹកនាំ  ណែនាំ និងផ្តោតលើការកសាងអង្គភាពរឹងមាំផ្នែកនយោបាយ ដើម្បីធ្វើជាមូលដ្ឋានក្នុងការកសាងអង្គភាពរឹងមាំ និងទូលំទូលាយ។

អង្គភាពបានពង្រឹង និងជំរុញនូវរាល់សកម្មភាពល្បាត ស៊ើបការណ៍ វិភាគស្ថានភាព និងដោះស្រាយបញ្ហាកើតមានឡើងឱ្យបានត្រឹមត្រូវ ទាន់ពេលវេលា មិនទុកឲ្យបាត់ភាពម្ចាស់ការដោយមិនក្តាប់បានសភាពការណ៍ឡើយ។  រៀបចំការហ្វឹកហ្វឺនតាមបាវចនាថា "មូលដ្ឋាន ជាក់ស្តែង រឹងមាំ" ហ្វឹកហ្វឺនព្រមៗគ្នា ប្រកាន់ខ្ជាប់នូវភារកិច្ចការពារអធិបតេយ្យភាពដែនសមុទ្រ កោះ និង ខ្ពង់រាបបាតសមុទ្រដ៏ពិសិដ្ឋនៃមាតុភូមិជាគោលដៅហ្វឹកហ្វឺន។ ក្រៅពីនោះជំរុញការកសាងសណ្តាប់ធ្នាប់ ការគ្រប់គ្រងកងទ័ព និងការធានាសុវត្ថិភាពក្នុងគ្រប់សកម្មភាព ក្នុងការស្វែងរក និងជួយសង្គ្រោះគ្រោះមហន្តរាយ  និងរាល់សកម្មភាពកិច្ចការបរទេស ឃោសនាអំពីសមុទ្រ  កោះ, ផ្សព្វផ្សាយអំពីច្បាប់ដល់ប្រជាជន និងអនុវត្តកម្មវិធី “កងទ័ពជើងទឹកវៀតណាមជាទីបង្អែកសម្រាប់អ្នកនេសាទប្រតិបត្តិនៅលើសមុទ្រ”។

នៅក្នុងស្ថានភាពណាក្តី និងកាលៈទេសៈណាក៏ដោយ ទោះបីមានការលំបាក និងងាយជួបគ្រោះថ្នាក់ជាប្រចាំក៏ដោយ ក៏អង្គភាពតែងតែលើកកម្ពស់វីរភាពបដិវត្តន៍  ប្តេជ្ញាចិត្តការពារអធិបតេយ្យភាពលើសមុទ្រ កោះ និងដែនទឹក ដ៏ពិសិដ្ឋរបស់ប្រទេសជាតិ។ ក្នុងដំណើរការកសាង ប្រយុទ្ធ និងរីកលូតលាស់ កម្មាភិបាល កងទ័ពនៃអង្គភាពបានកសាងប្រពៃណីដ៏រុងរឿង៖ “ប្រយុទ្ធដោយវីរភាព, ជួយមិត្តអស់ពីចិត្ត  រួបរួមគ្នា ធ្វើជាម្ចាស់សមុទ្រ”។ អង្គភាពត្រូវបានផ្តល់កិត្តិយសដោយទទួលបានគ្រឿងឥស្សរិយយសពីថ្នាក់ដឹកនាំបក្ស រដ្ឋ និងគ្រឿងឥស្សរិយយសមិត្តភាពពីព្រះរាជាណាចក្រកម្ពុជា។

ដោយមានមោទនភាពចំពោះប្រពៃណីដ៏រុងរឿងរបស់ខ្លួនរហូតក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមកនេះ កម្មាភិបាល និងយុទ្ធជនអង្គភាពនឹងបន្តលើកកំពស់ស្មារតីសាមគ្គីភាព ឯកភាព និងសម្រេចបានភារកិច្ចទាំងអស់យ៉ាងជោគជ័យ។ អង្គភាពខិតខំហ្វឹកហ្វឺន លត់ដំភាពក្លាហាននយោបាយ បង្កើនឆន្ទៈប្តេជ្ញាចិត្ត ម្ចាស់ការក្នុងការផ្តួចផ្តើមគំនិតច្នៃប្រឌិតដើម្បីជំនះរាល់ការលំបាក និងបញ្ហាប្រឈម។ ត្រៀមខ្លួនទទួលយកភារកិច្ច ប្តេជ្ញាចិត្តការពាររឹងមាំ អធិបតេយ្យភាព និងថែរក្សាបរិស្ថានសន្តិភាព និងស្ថិរភាពនៅសមុទ្រ  កោះ នៅភាគនិរតីនៃប្រទេសវៀតណាម៕

បកប្រែដោយ Minh Trung