leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang ប្រធានអគ្គសេនាធិការ និងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម អញ្ជើញចូលរួម ACDFIM-15 នៅសិង្ហបុរី ឆ្នាំ២០១៨

អ្នកយកព័ត៌មាន៖ តើលោកឧត្តមសេនីយ៍ឯកអាចឲ្យដឹងអំពីសារៈសំខាន់នៃប្រធានបទកិច្ចប្រជុំ ACDFM-17 ដែលត្រូវបានជ្រើសរើសគឺ “កិច្ចសហប្រតិបត្តិការយោធាដើម្បីអាស៊ានមួយដែលមានភាពស្អិតរមួត និងការឆ្លើយតប” នៅក្នុងបរិបទបច្ចុប្បន្នបានទេ?

លោកឧត្តមសេនីយ៍ឯក Phan Van Giang ៖ ស្ថានភាពបច្ចុប្បន្ននាំមកនូវបញ្ហាប្រឈមមិនតិចទេដល់អាស៊ាន ជាពិសេសក្នុងការសម្រេចឲ្យបាននូវរាល់គោលដៅនៃចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥។ ទាំងនេះរួមមានគោលដៅកសាងសមត្ថភាពដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះបញ្ហាប្រឈមនានាដែលបាន និងកំពុងកើតឡើងរួមទាំងបញ្ហាសន្តិសុខមិនមែនប្រពៃណីថែមទៀត។

ដូចដែលយើងបានដឹងស្រាប់ហើយ ការរីករាលដាលនៃជំងឺ Covid-19 គឺជាបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់នយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមនៃពិភពលោក រួមជាមួយនោះគឺបណ្តាចំណុចក្តៅគគុកអំពីបញ្ហាសន្តិសុខនៅក្នុងតំបន់ និងពិភពលោកដែលនៅតែកើនឡើងជាបន្តដូចជា ការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងប្រទេសធំៗ ជម្លោះអធិបតេយ្យភាព ការប្រែប្រួលអាកាសធាតុ ភេរវកម្ម សន្តិសុខតាមប្រព័ន្ធអ៉ីនធឺណិត... គ្រប់បញ្ហាចាស់ និងថ្មីប្រទាក់ក្រឡាគ្នា ជាពិសេសនៅក្នុងស្ថានភាពនៃការរីករាលដាលនៃ Covid-19 ដែលនៅតែមានសភាពការណ៍យ៉ាងស្មុគស្មាញនាពេលបច្ចុប្បន្នអាចប្រែក្លាយជាការគំរាមកំហែងធំជាងមុនទៀត ដូច្នេះយើងចាំបាច់ត្រូវតែមានការប្រុងប្រយ័ត្នក្នុងការឆ្លើយតបយ៉ាងសកម្ម។ ក្នុងបរិបទនោះ អាស៊ានត្រូវការសាមគ្គីភាព និងផ្សាភ្ជាប់ស្អិតរមួតគ្នាបន្ថែមទៀតដើម្បីបង្កើតឲ្យមានការមូលមតិគ្នា ការបង្រួបបង្រួមឆន្ទៈ និងបង្កើតកម្លាំងសមូហភាពដើម្បីរួមដៃគ្នាឆ្លើយតបនឹងបញ្ហាប្រឈមប្រកបដោយប្រសិទ្ធភាពបំផុត។

ជាមួយនឹងលក្ខណៈនៃរចនាសម្ពន្ធ័ ការរៀបចំកម្លាំងនោះ កងទ័ពនៃប្រទេសអាស៊ានដែលរួមទាំងប្រទេសវៀតណាមផងដែរ ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ រួមទាំងនៅក្នុងការប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19 ។ ដូច្នេះ ដោយផ្អែកលើប្រធានបទជាតិសម្រាប់ឆ្នាំជាប្រធានអាស៊ាន ២០២០ វៀតណាមបានជ្រើសរើសប្រធានបទសម្រាប់កិច្ចប្រជុំ ACDFM-17 គឺ “កិច្ចសហប្រតិបត្តិការយោធាសម្រាប់អាស៊ានមួយដែលមានភាពស្អិតរមួត និងការឆ្លើយតប” ដោយមានបំណងចង់ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការប្រែនូវការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ទៅជាសកម្មភាពជាក់ស្តែងទៅវិញ។ ខ្ញុំជឿជាក់ថា នេះនឹងនៅតែជាប្រធានបទដ៏ជាក់ស្តែង និងយូរអង្វែងនៅក្នុងដំណើរការនៃកិច្ចសហប្រតិបត្តិការរបស់អាស៊ាន។

អ្នកយកព័ត៌មានៈ តើកិច្ចប្រជុំ ACDFM-17 នឹងរៀបចំរបៀបវារៈពីអ្វីខ្លះដើម្បីគូសបញ្ជាក់ពីប្រធានបទនេះ?

លោកឧត្តមសេនីយ៍ឯក Phan Van Giang ៖ ចាប់ពីចុងឆ្នាំ ២០១៨ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស បានដឹកនាំទីភ្នាក់ងារនានាឱ្យលើកឡើងខ្លឹមសារ និងគំនិតផ្តួចផ្តើមសម្រាប់ត្រៀមរៀបចំកិច្ចប្រជុំនេះ និងសកម្មភាពការពារជាតិអាស៊ាននានាក្នុងឆ្នាំដែលវៀតណាមធ្វើជាប្រធានអាស៊ាន។ ក្នុងបរិបទនៃ Covid-19 យើងបានក្តាប់យកសភាពការណ៍យ៉ាងជិតស្និទ្ធ ហើយបានផ្លាស់ប្តូរទំរង់នៃកិច្ចប្រជុំ ACDFM-17 ទៅជាទម្រង់តាមប្រព័ន្ធវីដេអូទៅវិញ ហើយនេះជាកិច្ចប្រជុំដំបូងដែលត្រូវបានធ្វើឡើងក្នុងទម្រង់នេះ។ ការណ៍នេះបង្ហាញពីគំនិតផ្តួចផ្តើមយ៉ាងសកម្ម និងការប្តេជ្ញាចិត្តរបស់ប្រទេសម្ចាស់ផ្ទះក៏ដូចជាបណ្តាប្រទេសអាស៊ាន ដែលមិនអនុញ្ញាតឱ្យជំងឺរាតត្បាតរារាំងដំណើរការកិច្ចសហប្រតិបត្តិការរបស់កងទ័ពនៅក្នុងប្លុករបស់យើងជាដាច់ខាត។

ខ្ញុំសូមបញ្ជាក់ថា ទោះបីវាត្រូវបានរៀបចំឡើងតាមទំរង់ប្រព័ន្ធវីដេអូក៏ដោយ ក៏ខ្លឹមសារ និងរបៀបវារៈនៃកិច្ចប្រជុំទាំងអស់ត្រូវបានធានាយ៉ាងពេញលេញដូចធម្មតាដែរ។ នៅកិច្ចប្រជុំនេះ អគ្គមេបញ្ជាការកងទ័ពនៃបណ្តាប្រទេសអាស៊ាន នឹងបង្កើនការចែករំលែកទស្សនៈស្តីពីស្ថានភាពសន្តិសុខក្នុងតំបន់ដែលមានផលប៉ះពាល់ផ្ទាល់ដល់តំបន់, ពិភាក្សា និងតំរង់ទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត, ទន្ទឹមនឹងនេះពិនិត្យ និងអនុម័តលើផែនការសហប្រតិបត្តិការរបស់កងទ័ពនៃបណ្តាប្រទេសអាស៊ានក្នុងរយៈពេល ២ ឆ្នាំខាងមុខ ដែលជាមូលដ្ឋានសម្រាប់កងទ័ពនៃប្រទេសនានាត្រៀមរៀបចំធនធាន កសាងផែនការអនុវត្តសំដៅជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងបន្ថែមទៀត។ សកម្មភាពទាំងនេះនឹងចូលរួមចំណែកលើកកម្ពស់ការយល់ដឹង និងការទុកចិត្តគ្នាទៅវិញទៅមក ក៏ដូចជាសមត្ថភាពក្នុងការសម្របសម្រួលរវាងកម្លាំងយោធាអាស៊ាន និងរវាងអាស៊ានជាមួយនិងបណ្តាប្រទេសដៃគូផងដែរ។

អ្នកយកព័ត៌មានៈ លោកឧត្តមសេនីយ៍ឯក បានសង្កត់ធ្ងន់លើឱកាសសហប្រតិបត្តិការសំខាន់ៗតាមរយៈកិច្ចប្រជុំ ADCFM-17 រវាងកងទ័ពនៃបណ្តាប្រទេសអាស៊ាន។ តើលោកឧត្តមសេនីយ៍ឯកអាចចែករំលែកឲ្យកាន់តែច្បាស់អំពីរឿងនេះក្នុងឆ្នាំដែលវៀតណាមទទួលធ្វើជាប្រធានអាស៊ានបានឬទេ?

លោកឧត្តមសេនីយ៍ឯក Phan Van Giang ៖ រោគរាតត្បាត Covid-19 តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះបានជះឥទ្ធិពលជាអវិជ្ជមានដល់គ្រប់សកម្មភាពសហប្រតិបត្តិការក្នុងតំបន់ក្នុងចំណោមកងទ័ពនៃបណ្តាប្រទេសអាស៊ាន។ ខ្លឹមសារនៃសកម្មភាពខ្លះត្រូវបានលើកពេលថយក្រោយ ឬបង្ខំឱ្យលុបចោលទៅវិញ។ តាំងពីដើមខែកុម្ភៈ ឆ្នាំ ២០២០ ខណៈ Covid-19 មិនត្រូវបានអង្គការសុខភាពពិភពលោកចាត់ទុកជាជំងឺរាតត្បាតសកលនោះទេ រដ្ឋមន្ត្រីការពារជាតិអាស៊ានបានចេញសេចក្តីប្រកាសរួមមួយស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺនេះ នៅក្នុងកិច្ចប្រជុំចង្អៀត ADMM នៅទីក្រុងហាណូយហើយ។ ដោយឈរលើមូលដ្ឋាននោះ កងទ័ពនៃប្រទេសអាស៊ានបានស្នើ និងអនុវត្តគំនិតផ្តួចផ្តើមជាច្រើនក្នុងការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺ ក៏ដូចជាការអនុវត្តសកម្មភាពសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសអាស៊ានឲ្យសមស្របជាមួយនឹងបរិបទថ្មីដូចជាការចែករំលែកបទពិសោធន៍តាមប្រព័ន្ធវីដេអូស្តីពីការការពារ ការរៀបចំសិក្ខាសាលាតាមប្រព័ន្ធវីដេអូដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រក្នុងគោលបំណងគ្រប់គ្រងការផ្ទុះឡើងនៃជំងឺឆ្លងក្នុងក្របខ័ណ្ឌអាស៊ានស្តីពីជំនាញគីមីវិទ្យា ជីវវិទ្យា និងវិទ្យុសកម្មអាស៊ានជាដើម។ រហូតមកដល់ពេលនេះកិច្ចសហប្រតិបត្តិការកងទ័ពរវាងប្រទេសអាស៊ានបានធ្វើដំណើរលើប្រវែងផ្លូវដ៏វែង និងកាន់តែមានប្រសិទ្ធភាពហើយ  យើងមានមូលដ្ឋានគ្រប់គ្រាន់ដើម្បីសង្ឃឹមពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការនឹងមានលក្ខណៈវិជ្ជមានបន្ថែមទៀតនាពេលខាងមុខ។

ACDFM គឺជាយន្តការសហប្រតិបត្តិការយោធាខ្ពស់បំផុតរបស់បណ្តាប្រទេសអាស៊ាន ដែលទទួលខុសត្រូវក្នុងការដឹកនាំ និងតម្រង់ទិសដៅសកម្មភាពសហប្រតិបត្តិការយោធានៅក្នុងអាស៊ាន។ ព្រឹត្តិការណ៍ ACDFM-17 ត្រូវបានធ្វើឡើងក្នុងពេលដែលទាមទារឱ្យមានសមត្ថភាពក្នុងការសម្របសម្រួលគ្រប់សកម្មភាព មានការឆ្លើយតបយ៉ាងឆាប់រហ័ស និងភ្លាមៗចំពោះគ្រប់បញ្ហាប្រឈមរបស់កងទ័ពនៃបណ្តាប្រទេសអាស៊ាន។ ហេតុដូច្នេះ ខ្ញុំសង្ឃឹមថានៅក្នុងកិច្ចប្រជុំនេះកងទ័ពនៃប្រទេសអាស៊ាននឹងរួមគ្នា និងឯកភាពគ្នាលើទិសដៅសមស្របសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខដើម្បីរួមដៃគ្នាលុបបំបាត់ការរីករាលដាលនៃ Covid-19 ក៏ដូចជាឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកំពុងកើនឡើងប្រកបដោយប្រសិទ្ធភាព។

អ្នកយកព័ត៌មានៈ យើងអាចមើលឃើញថា រោគរាតត្បាត Covid-19 ជះឥទ្ធិពលយ៉ាងខ្លាំងដល់សកម្មភាពសហប្រតិបត្តិការទាំងឡាយ ជាពិសេសលើកិច្ចសហប្រតិបត្តិការក្នុងតំបន់រវាងកងទ័ពនៃបណ្តាប្រទេសអាស៊ាន។ តើម្ចាស់ផ្ទះ ACDFM-17 វៀតណាមនឹងលើកឡើងគំនិតអ្វីខ្លះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការយោធានៅក្នុងអាស៊ានក្នុងបរិបទបច្ចុប្បន្ន?

លោកឧត្តមសេនីយ៍ឯក Phan Van Giang ៖ វៀតណាមបានចូលរួមនៅក្នុងកិច្ចប្រជុំនេះតាំងពីដំបូងគ្រាដែលកិច្ចប្រជុំនេះបានហៅថា "កិច្ចប្រជុំក្រៅផ្លូវការរបស់អគ្គមេបញ្ជាការកងទ័ព អាស៊ាន (ACDFIM)" មកម៉្លេះ ហើយនេះគឺជាលើកទី២ ហើយដែលវៀតណាមធ្វើជាអធិបតីកិច្ចប្រជុំនេះ។

យើងបានជំរុញយ៉ាងសកម្មនូវការធ្វើឱ្យប្រសើរឡើងនូវយន្តការនៃកិច្ចសហប្រតិបត្តិការ រួមទាំងការបង្កើតកិច្ចប្រជុំក្រៅផ្លូវការប្រធាននាយកដ្ឋានប្រយុទ្ធកងទ័ពនៃបណ្តាប្រទេសអាស៊ាន (ឥឡូវនេះគឺជាកិច្ចប្រជុំនៃប្រធាននាយកដ្ឋានប្រយុទ្ធកងទ័ពនៃបណ្តាប្រទេសអាស៊ាន) នៅឆ្នាំ ២០១០ នៅពេលដែលយើងកាន់តួនាទីជាប្រធានអាស៊ាន។ ដូចដែលយើងបានដឹងហើយថា ការប្រយុទ្ធគឺជាផ្នែកមួយដ៏សំខាន់នៃសកម្មភាពយោធា។ ជាមួយនឹងវិស័យជាក់លាក់នានានៃកិច្ចសហប្រតិបត្តិការ យើងចូលរួមយ៉ាងសកម្ម និងម្ចាស់ការទាំងក្នុងការធ្វើលំហាត់សមស្តីពីការឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណីនៅក្នុងអាស៊ានក្នុងក្របខ័ណ្ឌអាស៊ាន និងរាល់សកម្មភាពដែលដឹកនាំដោយអាស៊ាន។

នៅក្នុងកិច្ចប្រជុំនេះ យើងនឹងចែករំលែកជាមួយបណ្តាប្រទេសដទៃទៀតអំពីបទពិសោធន៍របស់វៀតណាមក្នុងការដោះស្រាយបញ្ហាប្រឈមខាងសន្តិសុខមិនមែនប្រពៃណី រួមទាំងការរីករាលដាលនៃ Covid-19, ពិភាក្សាអំពីវិធានការណ៍ដើម្បីកែលំអប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់ និងពង្រឹងវិធានការកសាងទំនុកចិត្ត និងលើកកំពស់សមត្ថភាពរបស់ភាគីនីមួយៗ និងសមត្ថភាពសម្របសម្រួលរួម ...

សំណើដែលវៀតណាម និងប្រទេសដទៃទៀតលើកឡើងក្នុងវេទិកានេះនឹងរួមចំណែកដល់ការតម្រង់ទិសដៅសហប្រតិបត្តិការថ្មី កាន់តែមានប្រសិទ្ធិភាពថែមទៀតនៃកងទ័ពអាស៊ាននាពេលអនាគត រួមចំណែករក្សាសន្ទុះនៃកិច្ចសហប្រតិបត្តិការផ្ទៃក្នុងប្លុក និងរួមចំណែកដល់ការសំរេចឲ្យបានគោលដៅនៃចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥ និងរក្សាបាននូវមជ្ឈភាពរបស់អាស៊ានក្នុងយន្តការដឹកនាំអាស៊ាន។

ខ្ញុំជឿជាក់ថា នៅឯ ACDFM តាមប្រព័ន្ធវីដេអូ ដែលរៀបចំឡើងដោយប្រទេសវៀតណាមលើកនេះ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ក្នុងសកម្មភាពរបស់ខ្លួននៃអគ្គមេបញ្ជាការកងទ័ពអាស៊ាននោះ នឹងរួមចំណែកបន្ថែមទៀតក្នុងការបញ្ជាក់ពីអាស៊ានមួយប្រកបដោយភាពភាពស្អិតរមួត ស្វ័យប្រវត្តិ និងចេះសម្របខ្លួនក្នុងការលំបាក និងបញ្ហាប្រឈម ក្នុងនោះតួនាទីរបស់កងទ័ពអាស៊ានគឺដ៏មានសារៈសំខាន់។

អ្នកយកព័ត៌មានៈ សូមអរគុណលោកឧត្តមសេនីយ៍ឯក៕

បកប្រែដោយ Minh Trung