កិច្ចប្រជុំមានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិ តំណាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសអាស៊ាន និងប្រទេសដៃគូចំនួន ៨ រួមមាន៖ អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន នូវែលសេឡង់ កូរ៉េខាងត្បូង រុស្ស៊ី និងសហរដ្ឋអាមេរិក។ លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារប្រទេសវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ថ្លែងប្រសាសន៍នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី១២ (ADMM+)

កិច្ចប្រជុំបានស្តាប់របាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ានបូក (ADSOM+) ធ្វើបច្ចុប្បន្នភាពស្ថានភាពសហប្រតិបត្តិការនាពេលថ្មីៗនៅក្នុងអាស៊ាន និងពិភាក្សាអំពីបញ្ហាសន្តិសុខក្នុងតំបន់ និងពិភពលោក ហើយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ កិច្ចសន្ទនា សន្តិភាព និងស្ថិរភាព។ កិច្ចប្រជុំក៏បានអនុម័តលើសេចក្តីថ្លែងការណ៍រួមមួយស្តីពីខួបលើកទី១៥ នៃការបង្កើត ADMM+។

នៅក្នុងសុន្ទរកថាក្រោមប្រធានបទ "ការក្រឡេកមើលឡើងវិញនូវដំណើររយៈពេល ១៥ ឆ្នាំរបស់ ADMM+ និងទិសដៅសហប្រតិបត្តិការនាពេលអនាគត" លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា ADMM+ លើកទី ១២ មានសារៈសំខាន់ពិសេស ដែលជារបត់នៃការអភិវឌ្ឍក្នុងដំណើររយៈពេល ១៥ ឆ្នាំ។ បន្ទាប់ពីរយៈពេល ១៥ ឆ្នាំ ADMM+ បានបង្ហាញពីតម្លៃ និងតួនាទីរបស់ខ្លួនក្នុងការគ្រប់គ្រងសន្តិសុខក្នុងតំបន់ ដោយរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅអាស៊ីអាគ្នេយ៍ ហើយក្លាយជាសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការការពារជាតិ-សន្តិសុខនៅក្នុងនិម្មាបនកម្មសន្តិសុខក្នុងតំបន់។

យោងតាមលោកនាយឧត្តមសេនីយ៍ Phan Van Giang ពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលនៃការផ្លាស់ប្តូរដ៏ធំធេង។ ក្នុងបរិបទនោះ ADMM+ ត្រូវខិតខំប្រឹងប្រែងកាន់តែខ្លាំង និងតភ្ជាប់ដើម្បីឆ្លើយតបកាន់តែមានប្រសិទ្ធភាពចំពោះបញ្ហាដែលមានស្រាប់ និងបញ្ហាប្រឈមដែលកំពុងលេចចេញ។ ទីមួយ បន្តពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្រ ដែលជាមូលដ្ឋានគ្រឹះសម្រាប់សកម្មភាពសហប្រតិបត្តិការទាំងអស់។ ប្រទេសទាំងឡាយគប្បីបង្កើនកិច្ចសន្ទនាដោយបើកចំហ គោរពច្បាប់អន្តរជាតិ ឯករាជ្យភាព អធិបតេយ្យភាព និងផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក។

ទីពីរ ពង្រឹងសាមគ្គីភាពនៅក្នុងអាស៊ាន ក៏ដូចជារវាងអាស៊ាននិងដៃគូ ព្រមទាំងលើកកម្ពស់តួនាទីមជ្ឈភាពរបស់អាស៊ាន។ លោកនាយឧត្តមសេនីយ៍ Phan Van Giang សង្ឃឹមថា ប្រទេសដៃគូនឹងបន្តគាំទ្រតួនាទីមជ្ឈភាពរបស់អាស៊ាន រួមដំណើរជាមួយអាស៊ានក្នុងការបង្កើតរបៀបវារៈរួម នាំមកនូវផលប្រយោជន៍ទៅវិញទៅមក និងចូលរួមចំណែកយ៉ាងសកម្មក្នុងការរក្សាបរិយាកាសសន្តិសុខរួម។

ទីបី ចាំបាច់ត្រូវបន្តលើកកម្ពស់ប្រសិទ្ធភាពនៃក្រុមអ្នកជំនាញដែលមានស្រាប់ ព្រមទាំង ស្រាវជ្រាវកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខតាមអ៊ីនធឺណិត ការធ្វើបរិវត្តកម្មឌីជីថល ការគ្រប់គ្រងបញ្ញាសិប្បនិម្មិតក្នុងវិស័យយោធា-ការពារជាតិ ដោយធានាថាបច្ចេកវិទ្យាទាំងនេះត្រូវបានប្រើប្រាស់ដោយមានការទទួលខុសត្រូវ។

ទីបួន តភ្ជាប់ការលើកកម្ពស់សមត្ថភាពក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខរួមជាមួយនឹងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល ការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់។ លោកនាយឧត្តមសេនីយ៍ Phan Van Giang សង្ឃឹមថាប្រទេសដៃគូ នឹងចែករំលែកបទពិសោធន៍ និងជួយគាំទ្រអាស៊ានក្នុងការលើកកម្ពស់សមត្ថភាពរួម។

ទីប្រាំ លើកកម្ពស់ស្មារតីនៃការទទួលខុសត្រូវរួមដើម្បីសន្តិភាព និងវិបុលភាពរួម។ នេះទាមទារឲ្យខឿនសេដ្ឋកិច្ចទាំងអស់គ្នាចែករំលែកព័ត៌មាន បទពិសោធន៍ និងធនធានដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមប្រកបដោយប្រសិទ្ធភាព។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានបញ្ជាក់ថា វៀតណាមប្តេជ្ញាបន្តជាសមាជិកសកម្ម និងមានការទទួលខុសត្រូវ រួមជាមួយប្រទេសអាស៊ាន និងប្រទេសដៃគូ កសាងតំបន់មួយប្រកបដោយសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍។

leftcenterrightdel
ពិធីប្រគល់តំណែងប្រធាន ADMM និង ADMM+

* នៅថ្ងៃដដែលនោះ ពិធីប្រគល់តំណែងប្រធាន ADMM និង ADMM+ ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅទីក្រុងគូឡាឡាំពួរ។ តាមនោះ ក្រសួងការពារជាតិហ្វីលីពីន គឺជាប្រធាន ADMM និង ADMM+ នៅឆ្នាំ ២០២៦។

* ក្នុងឱកាសចូលរួមកិច្ចប្រជុំ ADMM+ លើកទី១២ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានជួបពិភាក្សាខាងក្រៅផ្លូវការជាមួយលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក លោក Shri Rajnath រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា លោក Richard Marles ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី លោក Ahn Gyuback រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Koizumi Shinjiro រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោកឧត្តមនាវីត្រី Donaciano Da Costa Gomes រដ្ឋមន្ត្រីក្រសួងការពារជាតិទីម័រឡេស្តេ និងលោក Oleg Saveliev អនុរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី។ ក្នុងជំនួបទាំងឡាយ លោកនាយឧត្តមសេនីយ៍ Phan Van Giang និងថ្នាក់ដឹកនាំនៃក្រសួងការពារជាតិនៃប្រទេសនានា បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី។

* នៅថ្ងៃទី១ ខែវិច្ឆិកា នៅទីក្រុងកូឡាឡាំពួរ កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ាន-ជប៉ុន បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក Dato' Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី និងលោក Koizumi Shinjiro រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន។ គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Phan Van Giang បានចូលរួមជំនួបនេះ។

រដ្ឋមន្ត្រីទាំងឡាយបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងទូលំទូលាយ និងស្វាហាប់នៃកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែលក្លាយជាគំរូនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងនាំមកនូវផលប្រយោជន៍ទៅវិញទៅមកនៅក្នុងតំបន់។ ដោយចាត់ទុកថា សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការការពារជាតិនៅតែជាច្រើន រដ្ឋមន្ត្រីទាំងឡាយបានបញ្ជាក់ពីការប្តេជ្ញាចិត្តពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ។

នៅក្នុងជំនួប លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាន-ជប៉ុន កំពុងបង្ហាញពីតួនាទីកាន់តែសំខាន់ក្នុងនិម្មាបនកម្មសន្តិសុខក្នុងតំបន់ ដែលអាស៊ានដើរតួនាទីមជ្ឈភាព។ លោកវាយតម្លៃថា ជប៉ុនតែងតែជាសមាជិកសកម្ម និងមានទំនួលខុសត្រូវនៅក្នុងក្របខ័ណ្ឌ ADMM+។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានចាត់ទុកថា នាពេលខាងមុខ កិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាន-ជប៉ុន គប្បីផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ (HADR) កិច្ចសហប្រតិបត្តិការលើវិស័យនាវាចរណ៍ ការឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសន្តិសុខមិនមែនប្រពៃណី។

លោកនាយឧត្តមសេនីយ៍ Phan Van Giang ជឿជាក់ថា ដោយមានមូលដ្ឋានគ្រឹះនៃទំនាក់ទំនងមិត្តភាព ការជឿទុកចិត្តជាយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តរបស់ភាគីទាំងឡាយ កិច្ចសហប្រតិបត្តិការការពារជាតិរវាងអាស៊ាន និងជប៉ុន នឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងពិភពលោក។

* នៅថ្ងៃដដែល នៅទីក្រុងកូឡាឡាំពួរ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានចូលរួមកម្មវិធីផឹកតែរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក។

leftcenterrightdel
ទិដ្ឋភាពនៃកម្មវិធី

លោក Pete Hegseth បានបញ្ជាក់ថា សហរដ្ឋអាមេរិកយកចិត្តទុកដាក់ចំពោះ ADMM+ ដែលជាយន្តការសហប្រតិបត្តិការដ៏សំខាន់មួយនៃនិម្មាបនកម្មសន្តិសុខក្នុងតំបន់។ លោកបានសម្តែងបំណងប្រាថ្នាចង់ជម្រុញកិច្ចសហប្រតិបត្តិការការពារជាតិជាមួយអាស៊ានឱ្យកាន់តែមានប្រសិទ្ធភាព និងជាក់ស្តែង ដើម្បីសន្តិភាព និងសន្តិសុខនៅក្នុងតំបន់។ រដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសអាស៊ានបានចាត់ទុកថា តំបន់កំពុងប្រឈមមុខនឹងបញ្ហាប្រឈមសន្តិសុខជាច្រើន ទាំងប្រពៃណី និងមិនមែនប្រពៃណី។ ដោយមានគោលការណ៍គោរពតួនាទីមជ្ឈភាពរបស់អាស៊ាន អាស៊ានត្រៀមខ្លួនសហការជាមួយសហរដ្ឋអាមេរិក ក៏ដូចជាដៃគូដទៃទៀត ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាន-អាមេរិក ត្រូវបានពង្រឹងឲ្យកាន់តែប្រសិទ្ធភាពនាពេលកន្លងមកនេះ។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានបញ្ជាក់ថា វៀតណាមគាំទ្រការជម្រុញកិច្ចសហប្រតិបត្តិការយ៉ាងជាក់ស្ដែង និងកសាងទំនុកចិត្តរវាងអាស៊ាន និងសហរដ្ឋអាមេរិក។ លោកជឿជាក់ថា ដោយមានសុច្ឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា កិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាន-អាមេរិក នឹងបន្តអភិវឌ្ឍយ៉ាងស៊ីជម្រៅ និងជាក់ស្ដែង ដោយរួមចំណែកប្រកបដោយប្រសិទ្ធភាពដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរួមនៅក្នុងតំបន់៕

បកប្រែដោយ Thuy Anh