នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh និងលោកឯកអគ្គរដ្ឋទូត Konstantin Vnukov បានចាត់ទុកថា មជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី គឺជានិមិត្តរូបនៃទំនាក់ទំនងដ៏ល្អប្រសើរ និងមានប្រសិទ្ធភាព រវាងវៀតណាម និងអតីតសហភាពសូវៀត និងសហព័ន្ធរុស្ស៊ីនាបច្ចុប្បន្ន។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ពិភាក្សាជាមួយលោកឯកអគ្គរដ្ឋទូត Konstantin Vnukov

លោកអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលរុស្ស៊ី ដែលបានជួយឧបត្ថម្ភសម្ភារៈបរិក្ខារ និងបង្កើនសមត្ថភាពស្រាវជ្រាវវិទ្យាសាស្ត្រសម្រាប់មជ្ឈមណ្ឌលត្រូពិក វៀតណាម - រុស្ស៊ី ជាពិសេសរថយន្តធ្វើតេស្តចល័តដែលរដ្ឋាភិបាលរុស្ស៊ីជូនចំពោះមជ្ឈមណ្ឌលត្រូពិក វៀតណាម - រុស្ស៊ី បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។

លោកឯកអគ្គរដ្ឋទូត Konstantin Vnukov បានមានប្រសាសន៍ថា លោកនឹងស្នើជូនរដ្ឋាភិបាលរុស្ស៊ីបន្តដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូនានា យកចិត្តទុកដាក់លើការជំរុញសកម្មភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងក្របខ័ណ្ឌនៃមជ្ឈមណ្ឌលត្រូពិក វៀតណាម - រុស្ស៊ី។ លោកក៏បានអះអាងថា អ្នកជំនាញការរុស្ស៊ីនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយសហការី វៀតណាម ក្នុងការអភិវឌ្ឍកម្មវិធីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឲ្យមានប្រសិទ្ធភាពបំផុត។

ស្តីពីកិច្ចសហប្រតិបត្តិការលើការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានទទួលស្គាល់ និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់សហព័ន្ធរុស្ស៊ីចំពោះវៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ទន្ទឹមនឹងនោះ លោកបានស្នើឲ្យសហព័ន្ធរុស្ស៊ីបន្តគាំទ្រវៀតណាមទាំងអ្នកជំនាញការ ទាំងសម្ភារៈបរិក្ខារ និងជាតិគីមីសម្រាប់ស្រាវជ្រាវផង។

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Konstantin Vnukov បានប្រគល់សារលិខិតពីរដ្ឋាភិបាលរុស្ស៊ីជូនលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ស្តីពីកិច្ចសហការ និងគាំទ្រវៀតណាមក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19៕

បកប្រែដោយ Thanh Cong