ក្នុងក្របខ័ណ្ឌនៃពិធីដែលបានប្រារព្ធនៅតំបន់ X16  នោះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញជួបជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិព្រះរាជាណាចក្រកម្ពុជា។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ជួបជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់

ក្នុងឱកាសនេះ ភាគីទាំងពីរបានរំលឹកឡើងវិញនូវរបត់ប្រវត្តិសាស្ត្រកាលពី ៤៣ ឆ្នាំមុន ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំយុទ្ធមិត្តមួយចំនួនចាកចេញពីទឹកដីកម្ពុជាឆ្ពោះទៅកាន់វៀតណាមដើម្បីស្វែងរកវិធីជួយសង្គ្រោះប្រទេសជាតិ ហើយទទួលបានជំនួយគាំទ្រយ៉ាងសកម្មពីសំណាក់អាជ្ញាធរ និងប្រជាជនវៀតណាម។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ការសម្រេចចិត្ដដ៏ត្រឹមត្រូវដោយចេញទៅប្រទេសវៀតណាម និងស្នើឲ្យរដ្ឋាភិបាលវៀតណាមជួយគាំទ្ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នោះ បាននាំឲ្យមានជ័យជំនះរំដោះកម្ពុជាពីរបប ប៉ុល ពត។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានស្នើឲ្យរដ្ឋាភិបាល និងកងទ័ពប្រជាជនវៀតណាមបង្កលក្ខណៈងាយស្រួលក្នុងការសាងសង់នូវសិលាមួយកត់ត្រាពីព្រឹត្តិការណ៍ដែលសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នាក់នៅពេលយប់ដំបូងមុនពេលបន្តចូលជ្រៅក្នុងទឹកដីប្រទេសវៀតណាមនោះ។ សិលានេះនឹងមានអត្ថន័យសំខាន់ៗក្នុងការកត់ត្រាអំពីដំណើរដើម្បីសង្គ្រោះប្រទេសជាតិ និងបញ្ជាក់ពីទំនាក់ទំនងសាមគ្គីភាព សន្តិភាព មិត្តភាពរវាងរដ្ឋទាំងពីរ កងទ័ពទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម-កម្ពុជា។

ក្នុងជំនួប តាងនាមឲ្យថ្នាក់ដឹកនាំបក្ស រដ្ឋ និងថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានផ្តាំផ្ញើការអបអរសាទរជូនដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាល កងយោធពលខេមរភូមិន្ទក្នុងឱកាសពិធី​រំឭក​ខួប​លើក​ទី​៤៣ ​នៃ​ទិវា​ចងចាំ​ពី​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។ ព្រមទាំង លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ក៏បានបញ្ជាក់ថា រយៈពេលដែលរដ្ឋទាំងពីរ ប្រជាជាតិទាំងពីរពួតដៃគ្នាដើម្បីវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារមាតុភូមិគឺជារយៈពេលកំពូលនៃទំនាក់ទំនងល្អប្រសើររវាងវៀតណាម និងកម្ពុជា។ ទំនាក់ទំនងមិត្តភាពល្អប្រសើរនេះនឹងត្រូវបានពូនជ្រំឲ្យកាន់តែស៊ីជម្រៅថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃនៅពេលខាងមុខ។ វៀតណាមតែងតែជាមិត្តជិតស្និទ្ធ និងត្រៀមខ្លួនជាស្រេចជួយឧត្ថម្ភប្រទេសកម្ពុជាជានិច្ចមិនថានៅដំណាក់កាលដែលកម្ពុជាជួបការលំបាកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសហប្រតិបត្តិការដើម្បីនាំមកការអភិវឌ្ឍប្រកបដោយស្ថិរភាព វិបុលភាពសម្រាប់ប្រទេសទាំងពីរទៀតផង៕

បកប្រែដោយ Thuy Anh