ទោះបីជាកំពុងផ្តោតសំខាន់លើការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត Covid-19 ក៏ដោយ ក៏កងពេទ្យកម្រិត២ លេខ២ វៀតណាមនៅតែធានាបាននូវរាល់សកម្មភាពចលនាជាលក្ខណៈសមូហភាព  និងហ្វឹកហាត់កីឡាយ៉ាងច្រើនដើម្បីលើកកម្ពស់ជីវិត និងសុខភាពខាងស្មារតីរបស់កម្មាភិបាល និងបុគ្គលិកនៃអង្គភាព។

leftcenterrightdel
យុវជនកងពេទ្យកម្រិត២ លេខ២ វៀតណាមដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋ ស៊ូដង់ខាងត្បូង បំផុសចលនាដាំដើមឈើ

 

ភ្លាមៗបន្ទាប់ពីទទួលយកទីលំនៅអង្គភាពពីកងពេទ្យកម្រិត២ លេខ១ វៀតណាមដែលបានបញ្ចប់ភារកិច្ចនៅឆ្នាំ ២០១៩ រួចមក កម្មាភិបាល និងបុគ្គលិកកងពេទ្យកម្រិត២ លេខ២ វៀតណាមបានកំណត់ថា ចាំបាច់ត្រូវផ្តោតលើការបង្កើនការដាំដុះបន្លែបៃតង ដាំផ្កា និងដើមឈើឱ្យបានច្រើននៅជុំវិញលំនៅដ្ឋានអង្គភាពដើម្បីធានាបាននូវទេសភាព និងបរិស្ថានផង ទន្ទឹមនឹងនោះរួមចំណែកធ្វើឱ្យប្រសើរឡើងនូវអាហារប្រចាំថ្ងៃផង។ កម្មាភិបាល បុគ្គលិកអង្គភាពទាំងអស់បានជំនះលើស្ថានភាពអាកាសធាតុក្តៅ និងកង្វះទឹកដើម្បីគ្របដណ្តប់អង្គភាពទាំងមូលដោយពណ៌បៃតង។

ចលនាដាំដើមឈើលើកនេះផ្តោតសំខាន់លើការដាំដើមឈើមានម្លប់មួយចំនួននៅតាមបរិវេណលំនៅដ្ឋាន និងជុំវិញអង្គភាព។ តាមលោកវរសេនីយ៍ទោ Vo Van Hien ប្រធានកងពេទ្យកម្រិត២ លេខ២ បានឲ្យដឹងថា ដើម្បីរក្សាឲ្យដើមឈើអាចរស់បានក្រោមសីតុណ្ហភាពខ្ពស់ជាង ៤០ អង្សាសេនោះគឺពិបាកហើយ ប៉ុន្តែរក្សាឲ្យដើមឈើទាំងនោះអាចរីកលូតលាស់វាពិតជាពិបាកជាងច្រើនដងទៀត។ ទោះជាយ៉ាងណាក្តីដោយមានភាពឧស្សាហ៍ព្យាយាម ការខិតខំ និងភាពប៉ិនប្រសប់របស់បុគ្គលិកកងពេទ្យកម្រិត២នោះបានជាទេសភាពជុំវិញអង្គភាពមានការកែលំអរយ៉ាងខ្លាំង និងត្រូវបានគ្របដណ្តប់ដោយពណ៌បៃតងក្រោយរយៈពេលត្រឹមតែ៦ខែប៉ុណ្ណោះ។ ទស្សនៈរបស់កម្មាភិបាល និងបុគ្គលិកអង្គភាពទាំងអស់គឺចង់បង្កើតបរិស្ថានស្អាតបៃតងមិនត្រឹមតែសម្រាប់អង្គភាពប៉ុណ្ណោះទេ ថែមទាំងសម្រាប់អង្គភាពបន្តបន្ទាប់របស់វៀតណាមទៀតផង។

នាពេលបច្ចុប្បន្ននេះ ទោះបីចំនួនកម្មាភិបាល បុគ្គលិកមិនមានគ្រប់ ៦៣ នាក់ដោយសារតែមួយចំនួនសុំច្បាប់ឈប់សម្រាកមិនអាចត្រឡប់មកវិញបានតាមពេលកំណត់ដោយសារតែការបិទជើងយន្តហោះដើម្បីការពារការរាតត្បាត Covid-19 ក្តី ប៉ុន្តែមិនមែនមូលហេតុដូច្នេះទេដែលធ្វើឲ្យបណ្តាចលនានៃអង្គភាពខ្វះភាពផុលផុស សកម្មឡើយ។ យុវជនអង្គភាពបានរៀបចំការប្រកួតកីឡាយ៉ាងជោគជ័យដោយរួមមានការប្រកួតបាល់ទាត់ បាល់ទះ ដែលទាក់ទាញបានការចូលរួមយ៉ាងច្រើនពីសំណាក់សមាជិកអង្គភាព ជាពិសេសសមាជិកវ័យក្មេងក្នុងស្មារតីមិត្តភាព សាមគ្គីភាព។

ដើម្បីឱ្យមានការប្រកួតកីឡាប្រកបដោយជោគជ័យបែបនេះ គឺតម្រូវឲ្យការរៀបចំ និងការប្រកួតត្រូវបានប្រព្រឹត្តទៅប្រកបដោយហ្មត់ចត់ ដិតដល់។ លោកវរសេនីយ៍ទោ Nguyen Quang Chien អនុប្រធានអង្គភាពហើយក៏ជាអ្នកលេងក្នុងការប្រកួតកីឡាផងដែរ បានអះអាងថា៖ “ដើម្បីពង្រឹងសាមគ្គីភាពក្នុងអង្គភាព និងជំរុញចលនាហាត់ប្រាណលេងកីឡាលើកកម្ពស់សុខភាពនោះ ថ្នាក់ដឹកនាំអង្គភាពតែងតែគាំទ្រ និងបង្កើតលក្ខខណ្ឌជាអតិបរមាសម្រាប់សមាជិកអង្គភាពទាំងអស់ឲ្យចូលរួមក្នុងរាល់ចលនាកីឡាដែលរៀបចំដោយយុវជន៕

បកប្រែដោយ Minh Trung