leftcenterrightdel
កងពេទ្យកម្រិត២ លេខ១ វៀតណាមធ្វើការវះកាត់មួយនៅមូលដ្ឋាន Bentiu

គ្រូពេទ្យយោធាវៀតណាម និងអ្នកជំងឺពិសេស

អ្នកជំងឺនៅថ្ងៃនោះគឺជាទាហានថែរក្សាសន្តិភាពដែលបំពេញភារកិច្ចនៅក្នុងកងពេទ្យកម្រិត១ របស់ម៉ុងហ្គោលីនៅឯមូលដ្ឋាន Bentiu ។ មុនពេលត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យនៃកងពេទ្យកម្រិត២លេខ១របស់វៀតណាមនោះ អ្នកជំងឺមានអាការៈឈឺចាប់យ៉ាងខ្លាំងក្នុងរយៈពេល ៤ ម៉ោងដោយសារជំងឺរលាកខ្នែងពោះវៀនស្រួចស្រាវ។ ដោយបានកំណត់ថានេះជាករណីដែលមានអាការៈគ្លីនិកច្បាស់លាស់ វេជ្ជបណ្ឌិតបានសំរេចចិត្តធ្វើការវះកាត់ខ្នែងពោះវៀនចេញ។

ជាធម្មតាៗ អ្នកវះកាត់សំខាន់ក្នុងការវះកាត់គឺលោកវរសេនីយ៍ត្រី វេជ្ជបណ្ឌិត Lai Ba Thanh រីឯជំនួយការវះកាត់គឺលោកស្រីវរសេនីយ៍ត្រី Nguyen Thi Phuong Thao និងលោកស្រីអនុសេនីយ៍ឯក Pham Thi Thu Trang។ ដោយដឹងថាអ្នកសារព័ត៌មានកាសែតកងទ័ពប្រជាជនត្រូវការព័ត៌មានសម្រាប់សរសេរអត្ថបទនោះ បានជាប្រធានមន្ទីរពេទ្យក៏បានអនុញ្ញាតឲ្យខ្ញុំបានស្លៀកឯកសណ្ឋានវេជ្ជសាស្ត្រ និងយកកាមេរ៉ាទៅបន្ទប់វះកាត់ដែរ។

ការវះកាត់ចាប់ផ្តើមនៅវេលាម៉ោង ២៣ និង ១០នាទី ហើយបញ្ចប់នៅម៉ោង ០ និង ៣០ ។ ទោះបីខ្ញុំមិនសូវយល់ដឹងអំពីវិជ្ជាជីវៈវេជ្ជសាស្រ្តក៏ដោយតែគ្រាពេលឃើញទឹកមុខរីករាយរបស់គ្រូពេទ្យវះកាត់ Lai Ba Thanh ពេលដើរចេញពីបន្ទប់វះកាត់នោះគឺខ្ញុំដឹងថាការវះកាត់ទទួលបានជោគជ័យហើយ។ លើសពីនេះទៅទៀត នេះមិនមែនជាលើកទីមួយទេដែលមន្ទីរពេទ្យបានទទួលនិងព្យាបាលឲ្យករណីជម្ងឺរលាកខ្នែងពោះវៀនស្រួចស្រាវយ៉ាងរលូនទេ។ លោកវរសេនីយ៍ឯក វេជ្ជបណ្ឌិត Agvaan Osor នៃកងកំលាំងយោធាម៉ុងហ្គោលីបានចាប់ដៃជាមួយសមាជិកនៃក្រុមវះកាត់ម្នាក់ៗ និងនិយាយថា “សូមអរគុណចំពោះការជួយរបស់អ្នក។ ខ្ញុំនឹងរាយការណ៍ទៅមេបញ្ជាការរបស់យើងថា ការវះកាត់នេះបានជោគជ័យហើយ”។ ជិត ៤ ថ្ងៃក្រោយមក សុខភាពរបស់អ្នកជម្ងឺមានស្ថេរភាពបន្តិចម្តងៗ ហើយត្រូវបានបញ្ជូនទៅអង្គភាពវិញ។ ជាការពិតណាស់នេះគ្រាន់តែជាករណីមួយក្នុងចំណោមករណីវះកាត់ជាច្រើនដែលបានអនុវត្តដោយវេជ្ជបណ្ឌិតនៃកងពេទ្យកម្រិត២ លេខ​១​វៀត​ណាមក្នុងអំឡុងពេលបំពេញបេសកកម្មនៅស៊ូដង់ខាងត្បូងទេ។

ពីឧបសគ្គដល់ជោគជ័យ និងជាការលើកទឹកចិត្តថ្មី

នៅបញ្ជាការដ្ឋានបំពេញបេសកកម្មនៅ ស៊ូដង់ខាងត្បូង មានតែមន្ទីរពេទ្យនៃកងពេទ្យកម្រិត២ចំនួន ៥ ប៉ុណ្ណោះ ប៉ុន្តែនៅមូលដ្ឋាន Bentiu មានតែកងពេទ្យកម្រិត២របស់ប្រទេសវៀតណាមទេ។ និយាយម្យ៉ាងទៀតគឺកងពេទ្យកម្រិត២របស់វៀតណាមគឺខ្សែវេជ្ជសាស្រ្តខ្ពស់បំផុតនៅមូលដ្ឋាន   Bentiu ។ ដូច្នេះភារកិច្ច និងបន្ទុកការងាររបស់ក្រុមកងពេទ្យវៀតណាមកាន់តែធ្ងន់ធ្ងរទៅ និងពិបាកជាងមុនជាពិសេសនៅក្នុងដំណាក់កាលដែលត្រូវបានគេដាក់ពង្រាយភារកិច្ចថ្មី។

ថ្ងៃដំបូងដែលខ្ញុំទៅដល់ប្រទេសស៊ូដង់ខាងត្បូង ខ្ញុំមានឱកាសបានជួបជាមួយលោក Iqbal Mohd ប្រធានការិយាល័យវេជ្ជសាស្រ្តនៃកម្លាំងបំពេញបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូងដែលខ្ញុំធ្លាប់បានស្គាល់តាមរយៈអត្ថបទរបស់មិត្តរួមការងាររបស់ខ្ញុំ។ និយាយជាមួយអ្នកដឹកនាំផ្នែកវេជ្ជសាស្រ្តនៃបេសកកម្មនេះខ្ញុំទើបតែដឹងថា យោងតាមបទប្បញ្ញត្តិកងពេទ្យកម្រិត២របស់វៀតណាមទទួលខុសត្រូវចំពោះតែការព្យាបាលឲ្យទាហាន និងបុគ្គលិកអង្គការសហប្រជាជាតិជាង ២,៥០០ នាក់ដែលឈរជើងនៅ Bentiu ប៉ុណ្ណោះទេ រីឯអ្នកជំងឺជាប្រជាពលរដ្ឋនៅទីនេះគឺជាទំនួលខុសត្រូវរបស់ក្រុមគ្រូពេទ្យគ្មានព្រំដែន (MSF) ។ ទោះយ៉ាងណាក៏ដោយក្នុងករណីខ្លះលើសពីសមត្ថភាពដោះស្រាយរបស់ MSF ឬកងពេទ្យកម្រិត១នោះ អ្នកជំងឺនឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យនៃកងពេទ្យកម្រិត២ របស់វៀតណាមដោយមានការយល់ព្រមពីមូលដ្ឋានបំពេញបេសកម្ម។

បន្ទាប់ពីរយៈពេលជាង ១២ ខែនៃការបំពេញបេសកកម្មនៅមូលដ្ឋាន Bentiu  កងពេទ្យកម្រិត២ លេខ១ របស់វៀតណាមបានប្រមូល និងព្យាបាលអ្នកជំងឺជាង ២,០០០ នាក់ បានធ្វើការវះកាត់ចំនួន ៦២ ករណីដែលក្នុងនោះមាន ២១ ករណីនៃការវះកាត់វះកាត់ធំ និងការវះកាត់ធម្មតាចំនួន ៤១ ករណី។ គួរឲ្យរីករាយណាស់គឺករណីអ្នកជំងឺទាំងអស់ដែលត្រូវបានព្យាបាលដោយកងពេទ្យកម្រិត២របស់វៀតណាម មិនបង្កឱ្យមានបញ្ហាកើតឡើងទេ ហើយតែងតែត្រូវបានកោតសរសើរយ៉ាងខ្លាំងពីសំណាក់មិត្តរួមការងារនៅទីនេះ។

ប៉ុន្តែភាពជោគជ័យមិនងាយមកដល់ទេ។ វេជ្ជបណ្ឌិតភាគច្រើននៃកងពេទ្យកម្រិត២ លេខ១ របស់វៀតណាមនៅពេលជួបជាមួយខ្ញុំសុទ្ធតែបាន និយាយអំពីពេលវេលាដ៏លំបាក ពោលគឺគ្រាដំបូងដែលមន្ទីរពេទ្យត្រូវបានដាក់ពង្រាយថ្មីទៅស៊ូដង់ខាងត្បូងនោះ។ ជាបឋមគឺរាល់បញ្ហាដែលទាក់ទងនឹងសុខភាព ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រូវតែអនុវត្តតាមបទបញ្ញត្តិយ៉ាងតឹងរឹងរបស់ក្រសួងសុខាភិបាលវៀតណាម អង្គការសុខភាពពិភពលោក និងអង្គការសហប្រជាជាតិ។ ការធ្វើរបាយការណ៍ក៏តម្រូវឱ្យមាននីតិវិធីតឹងរឹងត្រឹមត្រូវ និងធ្វើបច្ចុប្បន្នភាពនូវគោលការណ៍ណែនាំ និងការព្យាបាលថ្មីៗដើម្បីអនុវត្តក្នុងលក្ខខណ្ឌជាក់ស្តែង។ គ្រាពេលដំបូង ការវះកាត់ទាំងអស់ច្រើនតែត្រូវបានអនុវត្តនៅក្នុងតង់លើវាល  ទោះបីអាកាសធាតុក្តៅតែមិនអាចបើកម៉ាស៊ីនត្រជាក់បានទេ ព្រោះខ្លាចភាពកខ្វក់នាំឱ្យមានហានិភ័យនៃការឆ្លងមេរោគ។ អ្វីៗទាំងនោះគឺនៅមិនទាន់លើកឡើងពីអ្នកជំងឺជាច្រើនដែលមិនចេះភាសាអង់គ្លេសដែលមកពីបណ្តាប្រទេសមានទំនៀមទម្លាប់ និងវប្បធម៌ខុសគ្នានឹងប្រទេសវៀតណាម ដូច្នេះដំណើរការនៃការពិនិត្យ និងព្យាបាលក៏ជួបប្រទះឧបសគ្គជាច្រើនដែរ ... ប៉ុន្តែយ៉ាងណាក៏ដោយបន្តិចម្តងៗយើងត្រូវចេះរបៀបសម្របខ្លួន និងបំពេញការងាររបស់យើងឱ្យបានល្អ។

ចាប់ដៃចូលរួមការរំលែកក្តីសប្បាយជាមួយលោកវរសេនីយ៍ត្រី  Lai Ba Thanh ក្នុងថ្ងៃដែលគាត់បានក្លាយជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលឆ្នើមទាំង ៤ របស់កងពេទ្យកម្រិត២ លេខ១ របស់វៀតណាមដែលបានទទួលប័ណ្ណសរសើរពីមេបញ្ជាការនៃកងកំលាំងយោធាបំពេញបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូងនោះ ស្រាប់តែក្នុងអារម្មណ៍ខ្ញុំមានលេចឡើងក្តីមោទនគ្រាបានស្តាប់ការចែករំលែករបស់វេជ្ជបណ្ឌិតវ័យក្មេងនេះថា "រាល់ការវះកាត់បានសម្រេច និងអ្នកជំងឺគ្រប់គ្នាជាសះស្បើយនោះគឺជាសេចក្តីសប្បាយរីករាយ និងជាការលើកទឹកចិត្តថ្មីសម្រាប់វេជ្ជបណ្ឌិតយោធាវៀតណាមដើម្បីបន្តបំពេញភារកិច្ចរបស់ខ្លួនដោយជោគជ័យ"៕

បកប្រែដោយ Minh Trung