ប្រទេសវៀតណាមដំណើរការឆ្ពោះទៅកាន់ការថែរក្សាសន្តិភាពនៅស៊ូដង់ខាងត្បូង
ដំណើរល្បាតមួយជាមួយអ្នកសង្កេតការណ៍យោធា
កប.អនឡាញ - តើជីវិតរបស់ប្រជាជនស៊ូដង់ខាងត្បូងសព្វថ្ងៃយ៉ាងដូចម្តេច? តើការងាររបស់មន្រ្តីរក្សាសន្តិភាពនៅក្នុងប្រទេសនេះយ៉ាងដូចម្តេច? សំណួរទាំងពីរនេះតែងតែជាក្តីកង្វល់ធំបំផុតរហូតទាល់តែខ្ញុំបានដើរល្បាតជាមួយកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិទៅកាន់ Nhialdiu ជាតំបន់ដែលមានចម្ងាយជាង ៤០ គីឡូម៉ែត្រពីមូលដ្ឋាន Bentiu ។
នៅម៉ោង ៨ និង ១៥ នាទីព្រឹក ក្រុមល្បាតមានវត្តមាននៅទីកណ្តាលនៃមូលដ្ឋាន Bentiu ។ ទាហានហ្កាណា ១៨ នាក់ដែលទទួលបន្ទុកការពារសុវត្ថិភាពឲ្យក្រុមល្បាតត្រូវបានដាក់ពង្រាយនៅលើយានយន្តចំនួន៤ គ្រឿងក្នុងនោះរថពាសដែកមួយទៅខាងមុខ។ ខ្ញុំបានអង្គុយលើរថយន្តនៅចំកណ្តាលនៃក្បួនរថយន្តរួមជាមួយអ្នកសង្កេតការណ៍យោធាវៀតណាម និង Rwanda និងនាយទាហានសេនាធិការជនជាតិ Kenya រួមទាំងអ្នកបកប្រែជនជាតិស៊ូដង់ខាងត្បូងម្នាក់។ “ នេះជាក្រុម ៩១៥ យើងចាប់ផ្តើមចាកចេញពីមូលដ្ឋាន! លោកវរសេនីយ៍ត្រី Trinh Van Cuong អ្នកសង្កេតការណ៍យោធារបស់វៀតណាមបានជូនដំណឹងដល់មជ្ឈមណ្ឌលបញ្ជាការតាមទូរស័ព្ទបន្ទាប់ពីបានពិនិត្យចំនួនកងទ័ព។
    |
 |
ដំណើរល្បាតមួយជាមួយអ្នកសង្កេតការណ៍យោធា |
ក្រុមល្បាតបានចាកចេញពីខ្លោងទ្វារចម្ងាយពីរបីរយម៉ែត្របានឃើញរថពាសដែករបស់កម្លាំងសន្តិសុខម៉ុងហ្គោលីដោយមានទាហាន ៣ នាក់ ឈរនៅលើកំពូលដែលកំពុងផ្តោតអារម្មណ៍យ៉ាងខ្លាំងលើគ្រប់ចលនានៅជុំវិញ។ ពេលឃើញក្បួនរបស់អង្គការសហប្រជាជាតិទាហានទាំងនេះបានលើកដៃគោរព។ លោក Felix Zirunguye អ្នកអង្កេតការណ៍យោធារ Rwanda បញ្ជាចង្កូតរថយន្តផង និងនិយាយណែនាំផងថា កម្លាំងសន្តិសុខរបស់ម៉ុងហ្គោលី និង Ghana ស្រូបយកចំនួនពាក់កណ្តាលនៃទាហានអង្គការសហប្រជាជាតិសរុបចំនួន ១.៦០០ នាក់នៅមូលដ្ឋាន Bentiu ហើយក៏ជាអង្គភាពពីរដែលពូកែក្នុងការប្រយុទ្ធបំផុត។
នៅតាមបណ្តោយផ្លូវទៅកណ្តាល Bentiu ខ្ញុំមានអារម្មណ៍ថាខ្ញុំកំពុងអង្គុយនៅមុខអេក្រង់តូចមួយដើម្បីមើលខ្សែភាពយន្តឯកសាររស់រវើកអំពីជីវិតនៅទ្វីបអាហ្វ្រិកនេះ។ មិនសូវមានរថយន្តស៊ីវិលធ្វើដំណើរតាមផ្លូវទេពីព្រោះប្រជាជននៅទីនេះភាគច្រើនគឺថ្មើជើង។ នៅសងខាងផ្លូវប្រជាពលរដ្ឋដើរតាមក្រុមៗជាមួយនិងសម្លៀកបំពាក់ចម្រុះពណ៌ ពួកគេបែកញើសពាសពេញផ្ទៃមុខកំពុងបោះជំហានយ៉ាងប្រញាប់ប្រញាល។ ជួនកាលយើងខ្ញុំមើលឃើញស្ត្រី និងក្មេងស្រីមួយចំនួនទទូរថូទឹក និងបាច់អុសនៅលើក្បាល។ ដើរក្រោមពន្លឺថ្ងៃខ្លាំងណាស់ ប៉ុន្តែគ្មាននរណាម្នាក់ហាក់ដូចជាភាពនឿយហត់ឡើយ។
គោលដៅដំបូងនៃការល្បាតដែលយើងខ្ញុំមកកាន់គឺជាអង្គភាពមួយក្រោមឱវាតកងទ័ពរបស់រដ្ឋាភិបាល-កម្លាំងការពារជាតិប្រជាជនស៊ូដង់ខាងត្បូង (SSPDF)។ លោកអនុសេនីយ៍ឯក Gatchang Kuon មេបញ្ជាការកងអនុសេនាធំដែលមានចំណាស់ប្រហែលជាង ៣០ ឆ្នាំមានរាងខ្ពស់អមដោយទាហានមួយចំនួនបានស្វាគមន៍ក្រុមការងារ។ លោក Gatchang Kuon បានផ្តល់ព័ត៌មានយ៉ាងឆាប់រហ័សតាមការស្នើសុំរបស់អ្នកសង្កេតការណ៍យោធា៖ មូលដ្ឋានកងទ័ពឈរជើងទីនេះមានស្ថានភាពធម្មតា ប្រជាជនធ្វើដំណើរដោយសេរី ការផ្គត់ផ្គង់នូវថ្នាំពេទ្យ និងសម្ភារៈបរិក្ខារសំខាន់ៗមួយចំនួនទៀតគឺគ្រប់គ្រាន់គួរសម ប៉ុន្តែមានធុងផ្គត់ផ្គង់ទឹកនៅក្បែរនោះត្រូវបានខូចយូរមកហើយត្រូវការជួសជុលដើម្បីឱ្យប្រជាជនអាចមានទឹកសម្រាប់ជីវភាពប្រចាំថ្ងៃ។
ចាក់ចេញពីអង្គភាពរបស់ SSPDF ក្រុមល្បាតយើងខ្ញុំបានបន្តឆ្ពោះទៅកាន់ទីស្នាក់ការរដ្ឋបាល Nhialdiu ដែលនៅមិនឆ្ងាយពីនោះទេ។ បន្ទាប់ពីដើរបានមួយរយៈ លោកវរសេនីយ៍ត្រី Trinh Van Cuong បានចង្អុលទៅជួរផ្ទះក្រណាត់ធំពណ៌សដែលនៅជាប់ផ្លូវហើយនិយាយថាៈនេះគឺជាឃ្លាំងស្តុកស្បៀងអាហាររបស់កម្មវិធីស្បៀងអាហារពិភពលោក (WFP)។ កាលពីមុនប្រជាជននៅ Nhialdiu រកស៊ីដោយដាំពោត បន្លែ និងចិញ្ចឹមសត្វពាហនៈ។ ក្រោយមកស្ថានភាពសន្ដិសុខអស្ថិរភាព ហើយរួមផ្សំនឹងអាកាសធាតុមិនអំណោយផលទេ ដូច្នេះគ្រួសារភាគច្រើនត្រូវបង្ខំចិត្តបោះបង់ចោលដីស្រែរបស់ពួកគេហើយរស់នៅដោយពឹងផ្អែកលើការឧបត្ថម្ភស្បៀងអាហាររបស់អង្គការសហប្រជាជាតិ។ រីឯការចិញ្ចឹមសត្វពាហនៈនៅតែត្រូវបានរក្សាឲ្យដដែល ប៉ុន្តែវាក៏ត្រូវតែផ្លាស់ប្តូរទៅជាគំរូចិញ្ចឹមតាមក្រុមគ្រួសារ មានន័យថាគ្រួសារជាច្រើនចិញ្ចឹមសត្វរួមជាមួយគ្នា ហើយប្តូរវេនគ្នាយាមនិងការពារពីការលួចប្លន់។ ដូច្នេះនៅគ្រប់ទិសទីនៃស៊ូដង់ខាងត្បូងក៏ងាយស្រួលមើលឃើញហ្វូងសត្វគោរាប់ពាន់ក្បាលជាច្រើនដែរ។
មកដល់ទីស្នាក់ការនៃអាជ្ញាធរ Nhialdiu ក្រុមការងារទាំងមូលបានឆ្លៀតពេលទទួលទានបន្តិចដោយនំបង្អែម និងផ្លែឈើ ពីព្រោះមន្ត្រីដែនដីកំពុងជាប់រវល់ទទួលភ្ញៀវ។ បន្ទាប់មកជួបជាមួយក្រុមល្បាតលោក Dak Manyguek អនុប្រធានរដ្ឋបាល Nhialdiu បានឲ្យដឹងថា ស្ថានភាពនៅក្នុងតំបន់នេះជាទូទៅមានស្ថេរភាពទោះបីវានៅតែមានបទល្មើសតូចតាចមួយចំនួនដែលធ្វើឱ្យមនុស្សទទួលខុសត្រូវមានការព្រួយបារម្ភ។ បន្ទាប់មកដោយមិនបាច់សៀវភៅអ្វីទេ គាត់បានរៀបរាប់យ៉ាងលម្អិតអំពីឧប្បត្តិហេតុនានាដែលកើតមានឡើងនាពេលថ្មីៗនេះ... លោកវរសេនីយ៍ត្រី Trinh Van Cuong និងមន្រ្តីការបរទេស ២ រូបទៀតបានយកចិត្តទុកដាក់កត់ត្រា និងសួរមកមន្រ្តីមូលដ្ឋានរហូតដល់ព័ត៌មានត្រូវបានកត់ពេញទំព័រជាច្រើន ហើយការយាមល្បាតនេះបានបញ្ចប់នៅម៉ោងជាង ២ រសៀលនោះ។
រហូតលើផ្លូវត្រឡប់មូលដ្ឋាន Bentiu វិញ តាមរយៈកញ្ចក់រថយន្ត ខ្ញុំចាប់អារម្មណ៍លើផ្ទះ Tukun ប្រក់ស្លឹកឈើរបស់ប្រជាជនស៊ូដង់ខាងត្បូង និងរោងចក្រ រថយន្តចាស់ឡើងច្រេះជាច្រើនត្រូវបានទុកចោលនៅទីវាលដែលស្មៅខ្ពស់ជាងមនុស្ស ... ប្រហែលនេះជាភស្ដុតាងនៃទឹកដីដែលបានធ្លាប់ឆ្លងកាត់ព្រឹត្តិការណ៍ដ៏ធំសម្បើម។
រហូតមកដល់ពេលនេះខ្ញុំនៅតែចង់ថ្លែងអំណរគុណដល់អ្នកដែលបានជួយខ្ញុំឱ្យមានឱកាសចូលរួមក្នុងការល្បាតនៅថ្ងៃនោះ។ ដោយសារតែការល្បាតនេះ ខ្ញុំមានការយល់ដឹងកាន់តែច្បាស់អំពីស៊ូដង់ខាងត្បូង និងអំពីបេសកកម្មរបស់យុទ្ធជន រក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ និងតំលៃពិតៗនៃសន្តិភាព និងសុខុមាលភាព៕
បកប្រែដោយ Minh Trung