ពេលនោះគឺនាចុងឆ្នាំ២០១៩ នៅគ្រាពេលដែលខ្ញុំត្រូវបានចាត់តាំងដោយកាសែតកងទ័ពប្រជាជនឲ្យចូលរួមគណៈប្រតិភូនៃនាយកដ្ឋានរក្សាសន្តិភាពវៀតណាមទៅកាន់ប្រទេសស៊ូដង់ខាងត្បូងដើម្បីជួយធ្វើមាតុភូមិនិវត្តកងពេទ្យកម្រិត ២ លេខ ១ ហើយបញ្ជូនកងពេទ្យកម្រិត២ លេខ២ មកបំពេញបេសកកម្មជំនួសទៅវិញនៅប្រទេសនេះ។

leftcenterrightdel
ផលដំណាំដែលត្រូវដាំដុះដោយកងពេទ្យកម្រិត២ លេខ១ វៀតណាមនៅមូលដ្ឋាន Bentiu

 

ជ្រុងពណ៌បៃតងដ៏កម្រមួយនៅក្នុងមូលដ្ឋាន

ចំណាប់អារម្មណ៍ដំបូងបង្អស់ដែលខ្ញុំបានកត់សម្គាល់នៅមូលដ្ឋាន Bentiu នោះគឺថាមូលដ្ឋាននេះត្រូវបានតភ្ជាប់គ្នាដោយផ្លូវបត់ចុះបត់ឡើងក្រវិកក្រវក់ ហើយគ្រប់ពេលម្តងៗឡានធ្វើដំណើរឆ្លងកាត់នោះនាំឲ្យហុយធូលីដីពាសពេញគ្រប់ផ្លូវ។ យើងបានដឹងថា Bentiu គឺជាមូលដ្ឋានសំខាន់មួយនៃកម្លាំងបេសកកម្មនៃអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូងដែលមានកម្លាំងនៃប្រទេសជាច្រើនមានចំនួនសរុបជាង ១,៦០០ នាក់ដោយមិនរាប់បញ្ចូលបុគ្គលិកនៃអង្គការស៊ីវិលផ្សេងទៀត។

ប្រសិនបើមិនបានឃើញទង់ជាតិក្រហមដែលមានផ្កាយពណ៌លឿងបក់រវិចក្បែ និងផ្លាក់សញ្ញាថា “កងពេទ្យកម្រិត២ របស់វៀតណាមនៅ Bentiu” នៅខ្លោងទ្វារនោះទេ វានឹងពិបាកមើលឃើញកន្លែងណាដែលជាកន្លែងឈរជើងរបស់កងពេទ្យកម្រិត២វៀតណាម ពីព្រោះភាគច្រើននៃអង្គភាពនៅមូលដ្ឋាននេះគឺប្រហាក់ប្រហែលនឹងគ្នាដោយមានផ្ទះកុងតឺន័ររាងចតុកោណកែងឬផ្ទះក្រណាត់ដែលបានរៀបតៗគ្នាជាជួរ។ មន្ទីរពេទ្យនៃកងពេទ្យកម្រិត២ វៀតណាមស្ថិតក្នុងទីកណ្តាលនៃមូលដ្ឋានដោយមានអង្គភាពជាច្រើនត្រូវបានដាក់ពង្រាយនៅជុំវិញនោះជាប់នឹងអង្គភាពយោធាអង់គ្លេស និងឥណ្ឌា។

លុះត្រាតែឈានជើងចូលទៅក្នុងលំនៅដ្ឋានរបស់កម្មាភិបាលបុគ្គលិកវៀតណាមដែលយើងទើបមើលឃើញនូវមានភាពខុសគ្នាយ៉ាងច្បាស់។ ពោលគឺកន្លែងនេះប្រៀបដូចជាវាលខ្សាច់ពណ៌បៃតងនៅចំកណ្តាលនៃតំបន់ក្តៅ Bentiu។ លោកវរសេនីយ៍ទោ Tran Xuan Thao ប្រធានផ្នែកភស្តុភារនិងវិស្វកម្មកងពេទ្យកម្រិត២លេខ១បាននាំក្រុមការងារទៅជុំវិញអង្គភាព និងណែនាំពួកយើងខ្ញុំអំពីសួនបន្លែធំទូលាយ ៣០០ ម៉ែត្រការេនេះ ដែលត្រូវបានធ្វើដោយបងប្អូនវៀតណាមផ្ទាល់។ ទាំងអស់នេះបង្កើតបានជាទីធ្លាបៃតងដ៏កម្រមួយនៅចំកណ្តាលនៃតំបន់ស្ងួតពេញមួយឆ្នាំនេះ។

ផ្តើមចេញពីបទបញ្ជាពិសេស

មិនយូរប៉ុន្មានទេបន្ទាប់ពីកងពេទ្យកម្រិត២ លេខ១ របស់វៀតណាមត្រូវបានដាក់ពង្រាយនៅមូលដ្ឋាន Bentiu លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសបានធ្វើទស្សនកិច្ចនៅប្រទេសស៊ូដង់ខាងត្បូង ហើយបានដាក់ចេញនូវបទបញ្ជាពិសេសមួយសម្រាប់ក្រុមធានាភ័ស្តុភាររបស់កងពេទ្យកម្រិត២ លេខ១ថា "មិនអនុញ្ញាតឱ្យបងប្អូនឃ្លានជាដាច់ខាត"។

លោកវរសេនីយ៍ទោ Bui Duc Thanh ប្រធានកងពេទ្យកម្រិត២លេខ១បានរៀបរាប់ឡើងវិញថា៖ ពេលវេលាដំបូងដែលទទួលយកមន្ទីរពេទ្យពីចក្រភពអង់គ្លេសនោះ ទំនិញដែលត្រូវបានដឹកជញ្ជូនតាមផ្លូវសមុទ្រមិនទាន់មកដល់ទេ ខ្វះសម្ភារៈបរិក្ខារគ្រប់យ៉ាង សូម្បីតែមានពេលខ្លះខ្វះទាំងទឹកស្អាតសម្រាប់បរិភោគ និងសកម្មភាពប្រចាំថ្ងៃទៀតផង។ រហូតក្នុងរយៈពេល ៣ ខែនោះ រាល់សកម្មភាពពិនិត្យ និងព្យាបាលរបស់មន្ទីរពេទ្យច្រើនតែបានកើតឡើងនៅក្នុងផ្ទះតង់ដោយមិនមានគ្រប់គ្រាន់នូវសម្ភារៈ បរិក្ខារទេ និយាយរួមគឺខ្វះចុងខ្វះដើម…។ ដូច្នេះផ្តើមចេញពីបទបញ្ជាពិសេសរបស់លោកឧត្តមសេនីយ៍ Nguyen Chi Vinh ក្រៅពីបំពេញភារកិច្ចពិនិត្យ និងព្យាបាលឲ្យអ្នកជំងឺ គ្រូពេទ្យនិងបុគ្គលិកទាំងអស់នៃកងពេទ្យកម្រិត២លេខ១ក៏បានចាប់ផ្តើមបង្កបង្កើនផលដាំដុះបន្លែដើម្បីមានអាហារប្រចាំថ្ងៃបន្ថែមឲ្យបងប្អូន ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័នដូចជាលំនៅដ្ឋាន និងផ្លូវ ... ។

ឥឡូវនេះអ្វីៗទាំងអស់បានផ្លាស់ប្តូរទាំងស្រុង។ មន្ទីរពេទ្យមានផ្ទះបាយធំទូលាយទំហំ ១២០ ម៉ែត្រការេ ដែលងាយស្រួលសម្រាប់ការកែច្នៃ ចម្អិនអាហារទទួលទានរាល់ថ្ងៃ និងទទួលភ្ញៀវអន្តរ។ លោកវរសេនីយ៍ទោ Bui Duc Thanh បានរៀបរាប់ដោយមោទនភាពថា រាល់របស់របរផ្ទាល់ខ្លួន និងប្រដាប់ប្រដាប្រើប្រាស់សម្រាប់សកម្មភាពប្រចាំថ្ងៃដូចជាតុ កៅអី ទូដាក់ស្បែកជើង … ទាំងអស់ត្រូវបានធ្វើដោយ “ជាងឈើមិនអាជីព” របស់កងពេទ្យកម្រិត២លេខ១វៀតណាមផ្ទាល់តែម្តង។  "ស្នាដៃ" ជាច្រើនបន្ទាប់ពីបានបញ្ចប់រួចរាល់ អង្គភាពរបស់មិត្តមកទស្សនាក៏ត្រូវកោតសរសើរភាពប៉ិនប្រសប់របស់វេជ្ជបណ្ឌិត បុគ្គលិកវៀតណាមដែរ។ យើងក៏ត្រូវតែនិយាយបន្ថែមផងដែរថា ក្រៅពីការបំពេញភារកិច្ចផ្នែកវេជ្ជសាស្រ្ត និងគោរពតាមបទប្បញ្ញត្តិរបស់អង្គការសហប្រជាជាតិនោះ កម្មាភិបាល បុគ្គលិករបស់វៀតណាមក៏អនុវត្តនូវរបបជាច្រើនទៀតដូចគ្នាជាអង្គភាពយោធានៅក្នុងប្រទេស ដូចជាការយាម ការចូលរួមក្នុងកិច្ចការភស្តុភារ ការសំអាតជំរំជាដើម... 

មានគ្រូពេទ្យម្នាក់នៅកងពេទ្យកម្រិត២បានសួរខ្ញុំថា តើអ្នកកាសែតទៅយូរអញ្ចឹងមាននឹកផ្ទះទេ? ពិតជានឹកហើយ ប៉ុន្តែក្តីនឹកផ្ទះបានធូរស្បើយមួយផ្នែកព្រោះអស់រយៈពេលជាងមួយខែដែលធ្វើការនៅ Bentiu ខ្ញុំដូចជានៅតែអាចមើលឃើញរូបភាពនៃក្រុមគ្រួសារ អង្គភាព និងប្រទេសរបស់ខ្ញុំ៕

បកប្រែដោយ Minh Trung