កងទ័ពបញ្ជូនកម្មាភិបាល និងយុទ្ធជនជាង ៣៤៦,០០០ នាក់ ដើម្បីឆ្លើយតបនឹងព្យុះលេខ៣
កប.អនឡាញ - នាថ្ងៃទី ២១ ខែកក្កដា យោងតាមព័ត៌មានពីគណៈកម្មការដឹកនាំការពារស៊ីវិលជាតិ ដើម្បីឆ្លើយតបនឹងព្យុះលេខ៣ (Wipha) ក្រសួងការពារប្រទេសវៀតណាមបានបញ្ជូនកម្មាភិបាល និងយុទ្ធជនជាង ៣៤៦,០០០ នាក់ ដោយមានមធ្យោបាយគ្រប់ប្រភេទ ៨,២០០ គ្រឿង។
កងទ័ពការពារព្រំដែនបណ្ដាខេត្ត ចាប់ពីខេត្ត Quang Ninh ដល់ខេត្ត Dak Lak បានសហការជាមួយមូលដ្ឋាន ម្ចាស់ទូក និងម្ចាស់កប៉ាល់ដើម្បីជូនដំណឹង និងណែនាំទូកចំនួន ៥៤.៣០០ គ្រឿងដោយដឹកមនុស្ស ២២៧,១៩៤ នាក់ ឲ្យដឹងពីការវិវត្ត និងទិសដៅនៃខ្យល់ព្យុះ ដើម្បីគេចផុតពីតំបន់គ្រោះថ្នាក់។
ដោយអនុវត្តទូរលេខ 117/CD-TTg ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៥ របស់នាយករដ្ឋមន្រ្តី ទូរលេខ 4181/CD-TM ចុះថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៥ របស់អគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម ស្តីពីការឆ្លើយតបយ៉ាងសកម្មចំពោះព្យុះលេខ៣ (Wipha) នាយកដ្ឋានជួយសង្រ្គោះ (អគ្គសេនាធិការដ្ឋាន) បន្តបញ្ជាអង្គភាពនានាក្នុងកងទ័ពក្ដាប់ឲ្យជាប់ស្ថានភាព និងទិសដៅនៃខ្យល់ព្យុះ ត្រៀមខ្លួនជាស្រេចដើម្បី ឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងចូលរួមការស្វែងរក និងជួយសង្គ្រោះ។
    |
 |
ពិនិត្យមធ្យោបាយត្រៀមទៅបំពេញភារកិច្ចជាស្រេចនៃកងនាវាលេខ២ កងទ័ពការពារព្រំដែន |
សូមរំលឹកថា នៅក្នុងទូរលេខ 4181/CD-TM អគ្គសេនាធិការដ្ឋានបានស្នើឲ្យស្ថាប័ន និងអង្គភាពនានាតាមដានយ៉ាងដិតដល់នូវការវិវត្តនៃព្យុះ។ កងទ័ពការពារព្រំដែនបានបន្តបញ្ជាកងទ័ពការពារព្រំដែននៅខេត្ត និងទីក្រុងជាប់សមុទ្រនានាពីខេត្ត Quang Ninh ដល់ ខេត្ត Ha Tinh សហការជាមួយអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ចនៅមូលដ្ឋាន ជូនដំណឹងជាបន្ទាន់ដល់ម្ចាស់កប៉ាល់ និងទូកដែលនៅតែប្រតិបត្តិការនៅសមុទ្រអំពីទិសដៅ និងការវិវត្តនៃព្យុះ ដើម្បីជម្លៀស ផ្លាស់ទីទៅកាន់ទីជម្រកសុវត្ថិភាព ឬកុំចូលទៅក្នុងតំបន់គ្រោះថ្នាក់។
អង្គភាពទាំងឡាយពិនិត្យផែនការ ពង្រឹង និងការពាររោងចក្រ សំណង់មិនទាន់បញ្ចប់ និងតំបន់សំខាន់ៗដែលមានហានិភ័យពីទឹកជំនន់ ការរអិលបាក់ដី ជួយគាំទ្រប្រជាជនក្នុងការជួសជុលផ្ទះឲ្យរឹងមាំ និងរៀបចំការជម្លៀសប្រជាជនចេញពីតំបន់គ្រោះថ្នាក់។ល៕
បកប្រែដោយ Thuy Anh