ពិព័រណ៍ឧស្សាហកម្មការពារជាតិទួរគីឆ្នាំ២០២៥
កប.អនឡាញ - តបតាមការអញ្ជើញរបស់ក្រសួងការពារជាតិទួរគី គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានចូលរួមពិព័រណ៍ឧស្សាហកម្មការពារជាតិទួរគីឆ្នាំ២០២៥ (IDEF-2025) ដែលធ្វើឡើងនៅទីក្រុង Istanbul។
នៅថ្ងៃទី២២ ខែកក្កដា ពិព័រណ៍ IDEF-2025 បានបើកដោយមានការចូលរួមពីលោក Recep Tayyip Erdogan ប្រធានាធិបតីទួរគី និងប្រតិភូជាង ១,០០០ នាក់មកពីប្រទេសផ្សេងៗ។
ដោយប្រារព្ធឡើងរៀងរាល់ពីរឆ្នាំម្តង ពិព័រណ៍ IDEF គឺជាពិព័រណ៍ឧស្សាហកម្មការពារជាតិមួយក្នុងចំណោមពិព័រណ៍ឧស្សាហកម្មការពារជាតិដ៏មានកិត្យានុភាពនៅលើពិភពលោក ដោយទាក់ទាញការចូលរួមពីតំណាងរដ្ឋាភិបាល ក្រសួងការពារជាតិ កងទ័ពនៃបណ្ដាប្រទេស និងសាជីវកម្មឧស្សាហកម្មការពារជាតិធំៗនៅលើពិភពលោក។ ការចូលរួមរបស់ក្រសួងការពារប្រទេសវៀតណាមក្នុងពិព័រណ៍ បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យឧស្សាហកម្មការពារជាតិ ហើយបញ្ជាក់ថា រដ្ឋាភិបាលនិងក្រសួងការពារប្រទេសវៀតណាមជានិច្ចកាលបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់បង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យឧស្សាហកម្មការពារជាតិដោយឈរលើគោលការណ៍សមភាព នាំមកនូវផលប្រយោជន៍ទៅវិញទៅមក គោរពច្បាប់របស់វៀតណាម និងការសន្យាអន្តរជាតិ។
    |
 |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងសមាជិកនៃគណៈប្រតិភូទៅទស្សនាស្តង់នានានៅពិព័រណ៍ |
ក្នុងក្របខ័ណ្ឌនៃពិព័រណ៍នេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien មានជំនួបទ្វេភាគីជាមួយលោក Vugar Mustafayev រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មការពារជាតិអាស៊ែបៃហ្សង់។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សង្ឃឹមថា ភាគីទាំងពីរនឹងសិក្សា និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មការពារជាតិ។ ក្រសួងការពារប្រទេសវៀតណាមបានត្រៀមខ្លួនជាស្រេចស្វាគមន៍គណៈប្រតិភូនៃក្រសួងឧស្សាហកម្មការពារជាតិអាស៊ែបៃហ្សង់ បំពេញទស្សនកិច្ចការងារនៅវៀតណាមនាពេលខាងមុខ ព្រមទាំងស្នើឲ្យអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ និងសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម-ទូរគមនាគមន៍យោធា (Viettel) សហការជាមួយភាគីអាស៊ែបៃហ្សង់ ដើម្បីអនុវត្តខ្លឹមសារសហប្រតិបត្តិការជាក់ស្ដែង។
លោក Vugar Mustafayev បានឯកភាពបង្កលក្ខណៈងាយស្រួលសម្រាប់ធុរកិច្ចឧស្សាហកម្មការពារជាតិនៃប្រទេសទាំងពីរជួបជុំ និងស្វែងរកឱកាសសហប្រតិបត្តិការលើវិស័យឧស្សាហកម្មការពារជាតិ ហើយសង្ឃឹមថាភាគីទាំងពីរនឹងអភិវឌ្ឍបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យនេះ។
នៅក្នុងពិព័រណ៍នេះដែរ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងគណៈប្រតិភូក៏បានទៅទស្សនាស្តង់ និងជួបជាមួយធុរកិច្ចឧស្សាហកម្មការពារជាតិនៃប្រទេសទួរគី និងប្រទេសមួយចំនួនទៀត៕
បកប្រែដោយ Thuy Anh