វៀតណាមបន្តបញ្ជូននាយទាហានទៅបំពេញបេសកកម្មរក្សាសន្តិភាព
កប.អនឡាញ - នាព្រឹកថ្ងៃទី ៥ ខែមិថុនា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រធានក្រុមការងារអន្តរវិស័យស្តីពីការចូលរួមរបស់វៀតណាមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋ សេចក្តីសម្រេចចិត្តរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសស្ដីពីការបញ្ជូននាយទាហានទៅបំពេញបេសកកម្មរក្សាសន្តិភាព។
លោកវរសេនីយ៍ត្រី Tran Viet Cuong កងឯកភាពទ័ពរថក្រោះ រថពាសដែក ត្រូវបានបញ្ជូនទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដើម្បីជំនួសលោកអនុសេនីយ៍ឯក Nguyen Tien Long ជាអ្នកសង្កេតការណ៍យោធា នៃស្ថានបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS)។
    |
 |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ប្រគល់សេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋដល់លោកវរសេនីយ៍ត្រី Tran Viet Cuong |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យលោក Tran Viet Cuong ពង្រីកប្រពៃណីរបស់កងទ័ពប្រជាជនវៀតណាម និងកងកម្លាំងរបស់វៀតណាមដែលចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ប្តេជ្ញាបំពេញល្អភារកិច្ច រួមចំណែកបញ្ជាក់ពីភាពអង់អាចក្លាហាន និងបញ្ញារបស់កងទ័ពលោកអ៊ំ ហូ។ នៅស្ថានបេសកកម្ម លោក Tran Viet Cuong ត្រូវជំរុញស្មារតីសាមគ្គីភាពអន្តរជាតិ សាមគ្គីភាពផ្ទៃក្នុង សហការយ៉ាងជិតស្និទ្ធក្នុងការបំពេញភារកិច្ច និងធានាបាននូវសុវត្ថិភាពយ៉ាងដាច់ខាត។
តាងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ក្រុមការងារអន្តរវិស័យ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានទទួលស្គាល់ និងកោតសរសើរនាយកដ្ឋានរក្សាសន្តិភាពវៀតណាម និងអង្គភាពពាក់ព័ន្ធដែលបំពេញល្អនូវភារកិច្ចត្រៀមរៀបចំ បង្វឹកបង្ហាត់ និងបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ភារកិច្ចសំខាន់ ហើយជឿជាក់ថា វៀតណាមនឹងមានបុគ្គល និងកងកម្លាំងឆ្នើមបន្ថែមទៀត ដើម្បីរួមចំណែកក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ លើកកម្ពស់តួនាទី និងរូបភាពរបស់វៀតណាមក្នុងក្រសែភ្នែកមិត្តអន្តរជាតិ៕
បកប្រែដោយ Thuy Anh