ពិព័រណ៍រូបថត៖ កងទ័ពវៀតណាមជាមួយភារកិច្ចការពារបរិស្ថាន
កប.អនឡាញ - នាព្រឹកថ្ងៃទី ២៩ ខែឧសភា អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម បានរៀបចំពិព័រណ៍រូបថតក្រោមប្រធានបទ “កងទ័ពជាមួយភារកិច្ចការពារបរិស្ថាន ឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ និងជំនះឧប្បត្តិហេតុបរិស្ថាន” ឆ្នាំ២០២៥។
ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ កងទ័ពទាំងមូលបានរៀបចំសកម្មភាពជាក់ស្តែង និងមានប្រសិទ្ធភាពជាច្រើនក្នុងការការពារបរិស្ថាន កាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុដូចជា៖ ការផ្សព្វផ្សាយ និងការអប់រំ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការការពារបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ចូលរួមយ៉ាងសកម្មហើយក្លាយជាកងកម្លាំងស្នូលក្នុងការជួយសង្គ្រោះ ជំនះផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ ដូចជាទឹកជំនន់ ការធ្លាយប្រេង ការសម្អាតគ្រាប់បែក មីន និងការសម្អាតសារធាតុគីមីពុលដែលបន្សល់ក្រោយសង្រ្គាម ការសាងសង់មន្ទីរពេទ្យយោធា...
ក្នុងបំណងជ្រោមជ្រែងទិវាបរិស្ថានពិភពលោក (ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥) អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាមបានរៀបចំពិព័រណ៍រូបថត “កងទ័ពជាមួយភារកិច្ចការពារបរិស្ថាន ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងជំនះឧប្បត្តិហេតុបរិស្ថាន” ឆ្នាំ២០២៥។
ពិព័រណ៌បានតាំងបង្ហាញរូបថតចំនួន ៨០ ស្លឹកដែលត្រូវបានជ្រើសរើសពីរូបថតចំនួន ១២០ ស្លឹកក្នុងការប្រឡងរូបថត។ នេះជាសកម្មភាពដ៏មានអត្ថន័យ ក្នុងបំណងផ្សព្វផ្សាយ និងអប់រំ លើកកម្ពស់ការយល់ដឹង និងស្មារតីទទួលខុសត្រូវរបស់កម្មាភិបាល និងយុទ្ធជនក្នុងកងទ័ពទាំងមូល ក្នុងការចូលរួមការការពារបរិស្ថាន ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងជំនះឧប្បត្តិហេតុបរិស្ថានក្នុងអង្គភាព និងមូលដ្ឋានដែលអង្គភាពឈរជើង ចូលរួមចំណែកលើកកំពស់សុខភាពនៃកងទ័ព គុណភាពនៃការហ្វឹកហ្វឺន ការត្រៀមប្រយុទ្ធជាស្រេច កសាងអង្គភាពស្អាត បៃតង។
ពិព័រណ៍បានរួមចំណែកផ្សព្វផ្សាយរូបភាពរបស់កងទ័ពលោកអ៊ំ ហូ ដែលបំពេញភារកិច្ចការពារបរិស្ថាន ឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ និងជំនះឧប្បត្តិហេតុបរិស្ថាន ឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និរន្តរភាព៕
បកប្រែដោយ Thuy Anh