កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ឥណ្ឌូណេស៊ី សម្រេចបានលទ្ធផលសំខាន់ៗជាច្រើន
កប.អនឡាញ - នាព្រឹកថ្ងៃទី ១៩ ខែឧសភា នៅទីស្នាក់ការក្រសួងការពារបរទេសវៀតណាម លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានទទួលជួបលោកនាយឧត្តមសេនីយ៍ Maruli Simanjuntak មេបញ្ជាការកងទ័ពជើងគោកឥណ្ឌូណេស៊ី។
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងក្នុងវិស័យសេដ្ឋកិច្ចសង្គម ការពារជាតិ សន្តិសុខ ក៏ដូចជាកិត្យានុភាព និងតួនាទីរបស់ឥណ្ឌូណេស៊ីក្នុងឆាកអន្តរជាតិ និងតំបន់។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong អះអាងថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ឥណ្ឌូណេស៊ី នាពេលកន្លងមកសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។
លោកនាយឧត្តមសេនីយ៍ Maruli Simanjuntak បានជម្រាបជូនលោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong អំពីលទ្ធផលនៃកិច្ចពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ឯក Nguyen Van Nghia អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម ព្រមទាំងអះអាងថានឹងខិតខំជំរុញការអនុវត្តខ្លឹមសារសហប្រតិបត្តិការដែលបានព្រមព្រៀងគ្នា។
    |
 |
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ទទួលជួបលោកនាយឧត្តមសេនីយ៍ Maruli Simanjuntak |
វាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សាការងារនេះ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានអះអាងថា នឹងគាំទ្រនិងបង្កើតលក្ខខណ្ឌសម្រាប់កងទ័ពជើងគោកនៃប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការប្របកបដោយប្រសិទ្ធភាព។
*នាព្រឹកថ្ងៃទី ១៩ ឧសភា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia បានជួបពិភាក្សាការងារជាមួយលោកនាយឧត្តមសេនីយ៍ Maruli Simanjuntak មេបញ្ជាការកងទ័ពជើងគោកឥណ្ឌូណេស៊ី។
លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia បានវាយតម្លៃថា នាពេលកន្លងមក កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរទទួលបានលទ្ធផលវិជ្ជមាន ជាពិសេសក្នុងការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាល ការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំពហុមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសសមាជិកអាស៊ាន។
    |
 |
ទិដ្ឋភាពនៃកិច្ចពិភាក្សាការងារ |
ដើម្បីឱ្យទំនាក់ទំនងសហប្រតិបត្តិការនេះអភិវឌ្ឍកាន់តែមានប្រសិទ្ធភាព នាពេលខាងមុខ លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia បានស្នើថា ភាគីទាំងពីរគួរតែបន្តសម្របសម្រួលជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់មួយចំនួនដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ការបណ្តុះបណ្តាលធនធានមនុស្ស ការរក្សាយន្តការផ្លាស់ប្តូរព័ត៌មាន ការស្រាវជ្រាវក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការចែករំលែកបទពិសោធន៍ក្នុងវិស័យជួយសង្គ្រោះ។ ព្រមទាំងភាគីទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពល ស្របតាមស្ថានភាពជាក់ស្តែងនៃកងទ័ពជើងគោកនៃប្រទេសទាំងពីរ ពិគ្រោះយោបល់យ៉ាងជិតស្និទ្ធនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីដែលដឹកនាំដោយអាស៊ាន ក៏ដូចជាព្រឹត្តិការណ៍អន្តរជាតិដែលរៀបចំដោយភាគីនីមួយៗ។
លោកនាយឧត្តមសេនីយ៍ Maruli Simanjuntak បានសម្តែងការឯកភាពខ្ពស់ចំពោះខ្លឹមសារដែលលើកឡើងដោយលោកឧត្តមសេនីយ៍ឯក Nguyen Van Nghia ទន្ទឹមនឹងនោះសង្ឃឹមថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនិយាយរួម និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរនិយាយដោយឡែកនឹងអភិវឌ្ឍកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។
នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីស្ថានភាពពិភពលោក និងតំបន់ រួមទាំងបញ្ហាដែលភាគីទាំងពីរមានការយកចិត្ដទុកដាក់ដូចគ្នា។
* នាព្រឹកថ្ងៃដដែល លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia និងលោកនាយឧត្តមសេនីយ៍ Maruli Simanjuntak បានអញ្ជើញមកដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សព និងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅវិថី Bac Son ទីក្រុងហាណូយ៕
បកប្រែដោយ Pham Diep