កិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម
កប.អនឡាញ - នាថ្ងៃទី ២២ ឧសភា នៅទីក្រុង Son La អយ្យការប្រជាជនខេត្ត Son La និងអយ្យការប្រជាជនខេត្ត Luang Prabang (ឡាវ) រៀបចំកិច្ចប្រជុំដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។
លោក Phung Manh Hung ប្រធានអយ្យការប្រជាជនខេត្ត Son La និងលោក Khampasong Dithyavong ប្រធានអយ្យការប្រជាជនខេត្ត Luang Prabang អញ្ជើញជាអធិបតីនៃកិច្ចប្រជុំនេះ។
នៅឯកិច្ចប្រជុំនេះ អយ្យការប្រជាជននៃខេត្តទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាពសេដ្ឋកិច្ចសង្គម ការការពារជាតិ សន្តិសុខ និងសកម្មភាពរបស់អយ្យការប្រជាជនខេត្ត។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបានស្នើឱ្យបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រពៃណីឱ្យកាន់តែស៊ីជម្រៅថែមទៀត និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកំណត់ហេតុកិច្ចសហប្រតិបត្តិការ និងបង្កើនការចែករំលែកបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។
ភាគីទាំងពីរក៏បានឯកភាពគ្នាពង្រឹងការសម្របសម្រួល អនុវត្តប្រកបដោយប្រសិទ្ធភាពនូវឯកសារសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងប្រធានអយ្យការប្រជាជនជាន់ខ្ពស់នៃប្រទេសទាំងពីរវៀតណាមនិងឡាវ ផ្លាស់ប្តូរបទពិសោធន៍និងព័ត៌មានស្តីពីសកម្មភាពបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងបង្កើនការផ្លាស់ប្តូរព័ត៌មានអំពីរាល់បញ្ហាដែលកើតឡើងនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ ដើម្បីសហការគ្នា និងដោះស្រាយការលំបាកនិងបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា ព្រមទាំង លើកកំពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។
អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យរដ្ឋប្បវេណី និងព្រហ្មទណ្ឌរវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ហើយបន្តអនុវត្តតាមគោលនយោបាយការបរទេសរបស់បក្សទាំងពីរ និងរដ្ឋទាំងពីរឲ្យបានត្រឹមត្រូវ បង្កើនការផ្ដល់យោបល់ជូនគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានក្នុងការដោះស្រាយបញ្ហាសន្តិសុខព្រំដែនប្រកបដោយប្រសិទ្ធភាព រក្សាការផ្លាស់ប្ដូរគណៈប្រតិភូនិងការផ្លាស់ប្តូរបទពិសោធន៍នៅពេលដែលលក្ខខណ្ឌសមស្រប។ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ និងឯកភាពគ្នាថា អយ្យការប្រជាជនខេត្ត Luang Prabang នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សានៅឆ្នាំ ២០២៧៕
បកប្រែដោយ Pham Diep