សហរដ្ឋអាមេរិកប្រគល់វត្ថុអនុស្សាវរីយ៍របស់យុទ្ធជនពលីនិងអតីតយុទ្ធជនវៀតណាម
កប.អនឡាញ - នាព្រឹកថ្ងៃទី៩ ខែធ្នូ គណៈកម្មការជាតិដឹកនាំលេខ៥១៥ បានសហការជាមួយស្ថានទូតអាមេរិកប្រចាំនៅទីក្រុងហាណូយ នាយកដ្ឋានទាក់ទងការបរទេស ក្រសួងការពារប្រទេសវៀតណាម និងស្ថាប័នមានសមត្ថកិច្ច បានរៀបចំពិធីប្រគល់វត្ថុអនុស្សាវរីយ៍របស់យុទ្ធជនពលី និងអតីតយុទ្ធជនវៀតណាមដែលផ្តល់ដោយសហរដ្ឋអាមេរិក។
តាមរយៈស្ថានទូតអាមេរិកប្រចាំនៅទីក្រុងហាណូយ នាថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ មជ្ឈមណ្ឌល Ash នៃសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក បានប្រគល់វត្ថុអនុស្សាវរីយ៍របស់យុទ្ធជនពលី និងអតីតយុទ្ធជនវៀតណាមដល់នាយកដ្ឋានគោលនយោបាយរបស់ការិយាល័យនៃគណៈកម្មការជាតិដឹកនាំលេខ ៥១៥។ ក្រោយពីទទួល នាយកដ្ឋានគោលនយោបាយបានបញ្ជាឲ្យស្ថាប័ន អង្គភាព និងមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានទាក់ទងនឹងសាច់ញាតិរបស់យុទ្ធជនពលី និងអតីតយុទ្ធជននៅខេត្ត Nam Dinh ខេត្ត Thai Binh ខេត្ត Hung Yen ខេត្ត Hai Duong ខេត្ត Phu Tho ខេត្ត Vinh Phuc ខេត្ត Bac Ninh ខេត្ត Nghe An។
|
|
ពីធីប្រគល់វត្ថុអនុស្សាវរីយ៍នៃយុទ្ធជនពលី និងអតីតយុទ្ធជនវៀតណាម |
ថ្លែងមតិក្នុងពិធី លោកឧត្តមសេនីយ៍ត្រី Doan Quang Hoa ប្រធាននាយកដ្ឋានគោលនយោបាយ អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម និងជាប្រធានការិយាល័យគណៈកម្មការជាតិដឹកនាំលេខ ៥១៥ បានអះអាងថា បក្ស និងរដ្ឋវៀតណាមតែងតែយកចិត្តទុកដាក់ មានគោលនយោបាយ និងគោលការណ៍ជាច្រើនសម្រាប់អ្នកមានគុណបំណាច់ចំពោះបដិវត្តន៍។ ក្នុងនោះ ការស្វែងរក និងការប្រមូលអដ្ឋិធាតុយុទ្ធជនពលីគឺជាភារកិច្ចស្នូលមួយនៃសកម្មភាពតបស្នងសងគុណ។
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី Doan Quang Hoa បានថ្លែងអំណរគុណ និងសង្ឃឹមថា ស្ថាប័នមានសមត្ថកិច្ចអាមេរិកនឹងបន្តជួយឧបត្ថម្ភវៀតណាមក្នុងការជំនះលើផលវិបាកនៃសង្គ្រាម ជាពិសេសក្នុងការស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីវៀតណាមក្នុងសម័យសង្គ្រាម... រួមចំណែកកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងវៀតណាម និងសហរដ្ឋអាមេរិក ឆ្ពោះទៅខួបលើកទី ៣០ នៃការធ្វើឲ្យទំនាក់ទំនងវៀតណាម-អាមេរិកមានប្រក្រតីភាពឡើងវិញ៕
បកប្រែដោយ Thuy Anh