គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស បានរៀបចំជំនួបជាមួយអតីតយុទ្ធជនវៀតណាម ក្នុងបំណងបង្ហាញពីការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងកងទ័ពចំពោះនាយទាហានជំនាន់មុនៗ។ នេះគឺជាឱកាសមួយដើម្បីរំលឹកឡើងវិញនូវដំណើរការកសាង រីកចម្រើន ប្រយុទ្ធ និងទទួលជ័យជំនះរបស់កងទ័ពប្រជាជនវៀតណាមក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក ហើយតបស្នងសងគុណចំពោះការរួមចំណែករបស់កងទ័ព និងប្រជាជនវៀតណាម ជាពិសេសការរួមចំណែកដ៏ធំធេងរបស់អតីតយុទ្ធជនវៀតណាមក្នុងការតស៊ូដើម្បីឯករាជ្យជាតិ កសាង និងការពារមាតុភូមិ លើកទឹកចិត្តអតីតយុទ្ធជន ហើយឃោសនានិងអប់រំឲ្យកម្មាភិបាល យុទ្ធជនជំនាន់ក្រោយបន្តរក្សា និងពង្រីកប្រពៃណីបដិវត្តន៍របស់ប្រជាជាតិ ប្រពៃណីរបស់កងទ័ពលោកអ៊ំ ហូ រួមជាមួយនឹងបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល អនុវត្តប្រកបដោយជោគជ័យនូវភារកិច្ចកសាង និងការពារជាតិមាតុភូមិ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតីតយុទ្ធជនវៀតណាម

ថ្លែងមតិក្នុងជំនួបនេះ ក្នុងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសម្តែងនូវក្តីរីករាយដែលត្រូវបានទទួលស្វាគមន៍អតីតយុទ្ធជន។ លោកនាយឧត្តមសេនីយ៍ Phan Van Giang សង្កត់ធ្ងន់ថា ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក រាល់ជ័យជំនះ សមិទ្ធិផល និងការអភិវឌ្ឍរបស់កងទ័ពប្រជាជនវៀតណាមសុទ្ធតែមានការជឿទុកចិត្ត ការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ មនោសញ្ចេតនានិងការជួយគាំទ្ររបស់ប្រជាជន និងកិច្ចសហការយ៉ាងជិតស្និទ្ធរបស់ក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋាន រួមទាំងសមាគមអតីតយុទ្ធជនវៀតណាមផងដែរ។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនវៀតណាម កម្មាភិបាល និងសមាជិកសមាគមអតីតយុទ្ធជនវៀតណាម ដែលបានលះបង់ពេលវេលាស្ទើរតែពេញមួយជីវិតរបស់ពួកគេ ដើម្បីបុព្វហេតុបដិវត្តន៍ដ៏រុងរឿងរបស់បក្ស បុព្វហេតុកសាងនិងការពារមាតុភូមិ កសាងកងទ័ព និងពង្រឹងការការពារជាតិ។

លោកនាយឧត្តមសេនីយ៍ Phan Van Giang សង្ឃឹមថា អតីតយុទ្ធជននឹងបន្តយកចិត្តទុកដាក់ ហើយក្លាយជាកម្លាំងចលករ និងការលើកទឹកចិត្តដ៏ធំធេងសម្រាប់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស គណៈកម្មាធិការបក្ស និងមេបញ្ជាការអង្គភាព កម្មាភិបាល យុទ្ធជននៅក្នុងកងទ័ពទាំងមូល ក្នុងការខិតខំបំពេញភារកិច្ចប្រកបដោយជោគជ័យក្នុងឆ្នាំ២០២៥។

ថ្លែងមតិក្នុងកម្មវិធីនេះ លោកឧត្តមសេនីយ៍ឯក Be Xuan Truong ប្រធានសមាគមអតីតយុទ្ធជន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស ដែលបានយកចិត្តទុកដាក់ និងជួយឧបត្ថម្ភដល់មជ្ឈិមសមាគមអតីតយុទ្ធជនវៀតណាម អតីតយុទ្ធជនវៀតណាមគ្រប់ជំនាន់។ ក្នុងស្មារតីធ្វើយ៉ាងសកម្ម ជំនះរាល់ការលំបាក សាមគ្គី និងខិតខំប្រឹងប្រែង សមាគមអតីតយុទ្ធជនវៀតណាមបានបំពេញដោយជោគជ័យនូវភារកិច្ចដែលបានកំណត់។ សមាគមអតីតយុទ្ធជនវៀតណាមគ្រប់លំដាប់ថ្នាក់បង្ហាញការប្ដេជ្ញាចិត្តកសាងសមាគមដ៏រឹងមាំ ពង្រីកគុណសម្បត្ដិរបស់កងទ័ពលោកអ៊ំ ហូ រួមចំណែកពង្រីកប្រពៃណីដ៏រុងរឿងរបស់សមាគមអតីតយុទ្ធជនវៀតណាម និងកងទ័ពប្រជាជនវៀតណាមដ៏អង់អាចក្លាហាន៕

បកប្រែដោយ Thuy Anh