វៀតណាមត្រៀមរៀបចំយ៉ាងម៉ត់ចត់សម្រាប់ពិធីបើកការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤
កប.អនឡាញ - នាថ្ងៃទី ៩ ខែធ្នូ លោកឧត្តមសេនីយ៍ឯក Phung Si Tan អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម ប្រធានគណៈកម្មការរៀបចំពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីត្រួតពិនិត្យការហ្វឹកហាត់របស់កងកម្លាំងត្រៀមរៀបចំសម្រាប់ពិធីបើកការតាំងពិព័រណ៍ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។
ការហ្វឹកហាត់លើកនេះបានធ្វើឡើងបន្ទាប់ពីទទួលយកបានការណែនាំពីលោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងគណៈកម្មការដឹកនាំពិព័រណ៍ក្នុងកិច្ចប្រជុំត្រួតពិនិត្យមុននេះ។
|
|
ការហ្វឹកហាត់សម្រាប់ពិធីបើកការតាំងពិព័រណ៍ |
អាស្រ័យហេតុនេះ សេណារីយូកម្មវិធីបើកការតាំងពិព័រណ៍ត្រូវបានកែសម្រួល និងបំពេញបន្ថែម ជាពិសេសមានការចូលរួមពីក្រុមតន្រ្តីយោធានារីចំនួន ៦០ នាក់។ ក្រៅពីការហោះហើរស្វាគមន៍របស់ទ័ពជើងអាកាសជាមួយនឹងយន្តហោះ SU-30MK2 និងឧទ្ធម្ភាគចក្រ នឹងមានយន្តហោះគ្មានមនុស្សបើក។ ការសម្តែងរបស់កងកម្លាំងឆ្កែយោធាក៏បានបង្កើនខ្លឹមសារមួយចំនួនផងដែរ។
ថ្លែងនៅក្នុងពិធី លោកឧត្តមសេនីយ៍ឯក Phung Si Tan បានបញ្ជាឲ្យបណ្តាកងកម្លាំងជំនះកង្វះខាតដែលបានលើកឡើងដោយលោកនាយឧត្តមសេនីយ៍ Phan Van Giang។ លោកឧត្តមសេនីយ៍ឯក Phung Si Tan បានស្នើឲ្យមេបញ្ជាការអង្គភាពនីមួយៗ និងកម្មាភិបាល យុទ្ធជនដែលចូលរួមដោយផ្ទាល់ក្នុងការសម្តែងត្រូវមានការតាំងចិត្ត ជំនះពុះពារការលំបាក និងខិតខំរៀនសូត្រពីបទពិសោធន៍ពីមួយថ្ងៃទៅមួយថ្ងៃ និងទទួលបានលទ្ធផលល្អប្រសើរ ត្រៀមរៀបចំយ៉ាងម៉ត់ចត់ រួមចំណែកដល់ជោគជ័យនៃពិធីបើក និងពិព័រណ៍និយាយរួម៕
បកប្រែដោយ Huyen Trang