អនុវត្តឱ្យបានល្អនូវបាវចនា "៤ ភារកិច្ចនៅមូលដ្ឋាន"
អញ្ជើញចុះពិនិត្យស្ថានភាពការងារបង្ការ ទប់ទល់នឹងគ្រោះធម្មជាតិ ស្វែងរកនិងជួយសង្គ្រោះគ្រោះមហន្ដរាយរបស់កងពលតូចវិស្វកម្មលេខ ២៧០ លោកឧត្តមសេនីយ៍ទោ Thai Dai Ngoc មេបញ្ជាការយោធភូមិភាគទី ៥ បានកត់សម្គាល់ការអនុវត្ដល្អនូវបាវចនា "៤ ភារកិច្ចនៅមូលដ្ឋាន" របស់អង្គភាព ។ បញ្ហានេះត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈសំឡេងរោទិ៍ហ្វឹកហាត់ទប់ទល់នឹងគ្រោះធម្មជាតិ ស្វែងរកនិងជួយសង្គ្រោះគ្រោះមហន្ដរាយ និងការចុះត្រួតពិនិត្យឧបករណ៍ មធ្យោបាយ សង្គ្រោះគ្រោះមហន្ដរាយរបស់កងពលតូចវិស្វកម្មលេខ ២៧០។
ធ្វើដំណើរទៅត្រួតពិនិត្យកងពលធំលេខ ៣១៥ លោកឧត្តមសេនីយ៍ទោ Thai Dai Ngoc បានពិភាក្សាអំពីបទពិសោធន៍អនុវត្តបាចវចនា “៤ ភារកិច្ចនៅមូលដ្ឋាន” របស់បណ្ដាអង្គភាពក្រោមឱវាទនៃកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៥។ ពីបទពិសោធន៍ជាក់ស្តែង ទីភ្នាក់ងារ អង្គភាព និងគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានបានចាត់ទុកភារកិច្ច “ភស្ដុភានៅមូលដ្ឋាន” រួមមានអាហារ បរិក្ខារពេទ្យ ... ត្រូវបានអង្គភាពត្រៀមរៀបចំពីមុន។ បណ្ដាមូលដ្ឋាននៅតាមដងទន្លេ និងឆ្នេរសមុទ្រក៏បានទិញមីកញ្ចប់ អង្ករ ទឹកដប... ដើម្បីត្រៀមទប់ទល់នឹងទឹកជំនន់ និងខ្យល់ព្យុះ…។ យោធភូមិភាគមាន "មូលនិធិទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ" ដែលបានស្រង់ចេញពីមូលនិធិសុខុមាលភាពការពារជាតិ ឬ ពីប្រភពបង្កបង្កើនផលចិញ្ចឹមសត្វ... ព្រមទាំងអំពាវនាវឱ្យសប្បុរសជនជួយឧត្ថម្ភ ចលនាកម្មាភិបាល និងយុទ្ធជនបរិច្ចាគប្រាក់បៀវត្សរ៍ដោយស្ម័គ្រចិត្ត និងប្រាក់ឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រនៅតំបន់ដែលរងគ្រោះធម្មជាតិ ទឹកជំនន់ និងខ្យល់ព្យុះ។
|
|
ក្រុមការងារចុះត្រួតពិនិត្យឧបករណ៍ និងមធ្យោបាយជួយសង្គ្រោះមហន្ដរាយនៅកងពលតូចវិស្វកម្មលេខ២៧០ |
ដោយផ្អែកលើស្ថានភាពជាក់លាក់ យោធភូមិភាគបានកំណត់ថា "កងកម្លាំងឈរជើងនៅមូលដ្ឋាន" ភាគច្រើនជាកងជីវពល យុវជនស្ម័គ្រចិត្ត និងកងទ័ពនៅមូលដ្ឋាន ព្រោះកងកម្លាំងទាំងនេះមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជន ដូច្នេះនឹងដោះស្រាយស្ថានភាពបានទាន់ពេល។ កងកម្លាំងស្នូល និងកងទ័ពការពារព្រំដែន ... បានសម្របសម្រួលគ្នាក្នុងការទប់ទល់នឹងគ្រោះធម្មជាតិ ស្វែងរកនិងជួយសង្គ្រោះគ្រោះមហន្ដរាយ ឬ ជម្នះផលវិបាកក្រោយគ្រោះមហន្តរាយធម្មជាតិ ទឹកជំនន់និងខ្យល់ព្យុះ។ ជាក់ស្តែង ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ យោធភូមិភាគទី៥ តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការហ្វឹកហ្វឺនបណ្ដាកងកម្លាំងនៅមូលដ្ឋាន។ ការហ្វឹកហ្វឺនត្រូវបានប្រគល់ឱ្យកងពលតូចវិស្វកម្មលេខ ២៧០ និងកងពលតូចវិស្វកម្មលេខ ២៨០ ។ ខ្លឹមសារនៃការហ្វឹកហ្វឺនស្តីពីការបង្ការនិងទប់ទល់នឹងគ្រោះមហន្តរាយ បានប្រគល់ឲ្យកងកម្លាំងវិស្វកម្មជំនាញ និងបុគ្គលិកបើកបរទូកនៅបញ្ជាការដ្ឋានយោធាខេត្ត ក្រុង។ រីឯបញ្ជាការដ្ឋានយោធាខ័ណ្ឌ និងស្រុករៀបចំការហ្វឹកហ្វឺនដល់កងអនុសេនាធំវិស្វកម្មលើខ្លឹមសារដូចខាងក្រោម៖ ការប្រើប្រាស់អាវពោងក្នុងការទប់ទល់គ្រោះធម្មជាតិ ស្វែងរក និងសង្គ្រោះគ្រោះហន្ដរាយធម្មជាតិ សង្គ្រោះជនរងគ្រោះដោយសារទឹកជំនន់; រៀបចំផែនការចល័តកម្លាំងនិងមធ្យោបាយក្នុងឧបទ្ទវហេតុនៃការរអិលបាក់ដី ស្ទះចរាចរណ៍ ទឹកជំនន់ និងព្យុះកំបុតត្បូង។
នៅតំបន់មួយចំនួនដូចជាខេត្ដ Phu Yen មាន "ក្រុមជួរមុខទប់ទល់នឹងខ្យល់ព្យុះ" ។ ទីក្រុង Da Nang មាន "ក្រុមសង្គ្រោះ " ដោយមានទូកជិត ៣០ គ្រឿង ។ ក្រុមទាំងពីរនេះ មានវត្តមានជាប្រចាំនៅក្នុងតំបន់ទឹកជំនន់ ដែលរួមចំណែកជួយបណ្ដាកម្លាំងបញ្ជូនប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅតំបន់ដែលលិចទឹកទៅកាន់ទីទួលសុវត្ថិភាព។
សម្រាប់ "មធ្យោបាយនៅមូលដ្ឋាន" យោធភូមិភាគនឹងប្រើប្រាស់យានជំនិះពីអង្គភាពវិស្វកម្ម ហើយនៅពេលដែលស្ថានភាពកើតឡើងនោះ អង្គភាពនឹងប្រមូលមធ្យោបាយជាច្រើនដូចជា ឡានដឹកទំនិញ រថយន្តស្ទូច ទូកកាណូ ហើយសូម្បីតែប្រមូលរថក្រោះ រថពាសដែក និងនាវាកងទ័ពជើងទឹកនៅពេលចាំបាច់។
ម្ចាស់ការ និងចល័តយ៉ាងលឿនបំផុត
បញ្ហាសំខាន់មួយដែលរួមចំណែកជួយដល់កងកម្លាំងប្រដាប់អាវុធនៃយោធភូមិន្ទទី៥ ក្នុងការបង្ការ ស្វែងរកនិងទប់ទល់នឹងគ្រោះមហន្តរាយគឺបង្ហាញល្អនូវតួនាទីដឹកនាំបញ្ជានៅមូលដ្ឋាន។ យោធភូមិភាគបានបង្កើតបណ្តាញទូរស័ព្ទទាន់ហេតុការរវាងការិយាល័យកលយុទ្ធ គណៈកម្មការបង្ការ ស្វែងរក និងសង្គ្រោះគ្រោះមហន្តរាយនៃយោធភូមិភាគ ជាមួយស្ថាប័ន អង្គភាព និងបញ្ជាការដ្ឋានយោធាខេត្ដ -ក្រុង និងប្រធាន អនុប្រធានគណកម្មការបង្ការគ្រោះមហន្ដរាយ ស្វែងរកនិងសង្គ្រោះមហន្ដរាយនៅខេត្តក្រុងទាំង១១ នៅភាគកណ្ដាល និងតំបន់ខ្ពង់រាបកណ្តាល Tay Nguyen វៀតណាម។ ទន្ទឹមនឹងនោះ យោធភូមិភាគ ក៏បានបង្កើតទីបញ្ជាការជួរមុខសម្រាប់ការបង្ការគ្រោះមហន្ដរាយ ស្វែងរកនិងសង្គ្រោះគ្រោះមហន្តរាយនៅស្រុក Nui Thanh (ខេត្ដ Quang Nam) នេះជាទីតាំងកណ្តាល និងងាយស្រួលសម្រាប់ដឹកនាំបញ្ជាបណ្ដាមូលដ្ឋានក្នុងការបង្ការគ្រោះធម្មជាតិ និងសង្គ្រោះគ្រោះមហន្តរាយធម្មជាតិដោយម្ចាស់ការ ...
ផ្លាស់ប្ដូរយោបល់ជាមួយយើងខ្ញុំអំពីបទពិសោធន៍ក្នុងការបង្ការគ្រោះធម្មជាតិ ស្វែងរក និងសង្គ្រោះមហន្ដរាយ លោកឧត្តមសេនីយ៍ត្រី Nguyen Quoc Huong មេបញ្ជាការរងយោធភូមិភាគទី៥ បានអះអាងថា៖ “ដើម្បីឆ្លើយតបទៅនឹងគ្រោះធម្មជាតិ ខ្យល់ព្យុះ និងទឹកជំនន់ឲ្យទាន់ពេល អង្គភាពក្រោមឱវាទនៃកងកំលាំងប្រដាប់អាវុធនៃយោធាភូមិភាគបានលើកកម្ពស់ស្មារតីម្ចាស់ការ និងចល័តជួយប្រជាជនឲ្យមានប្រសិទ្ធភាព។
តាមរយៈការស្វែងយល់ជាក់ស្ដែង យើងខ្ញុំឃើញថា នៅតាមមូលដ្ឋានដូចជា ទីក្រុង Da Nang, ខេត្ដ Quang Nam, ខេត្ដ Binh Dinh... ក្រៅពីកងកម្លាំងនៃបញ្ជាការដ្ឋានបង្ការគ្រោះធម្មជាតិ ស្វែងរកនិងសង្គ្រោះគ្រោះមហន្តរាយ គណៈកម្មាធិការប្រជាជនខេត្តបានចាត់បញ្ជូនកម្មាភិបាល និងស្ថាប័នមានសមត្ថកិច្ចចុះត្រួតពិនិត្យ និងដឹកនាំបញ្ជាការបង្ការគ្រោះធម្មជាតិនៅមូលដ្ឋាន។ ទីភ្នាក់ងារនគរបាល បញ្ជាការដ្ឋានយោធាខេត្ត បញ្ជាការដ្ឋានយោធាស្រុក... បានបង្កើតក្រុមជួយសង្គ្រោះ និងត្រៀមរៀបចំមធ្យោបាយ ដើម្បីឆ្លើយតបទាន់ពេលនៅពេលមានស្ថានភាពកើតឡើង។
ក្នុងស្មារតីនៃ "ម្ចាស់ការជាចម្បងបង្អស់" ហើយ "សង្គ្រោះប្រជាពលរដ្ឋគឺជាបទបញ្ជាខ្ពស់បំផុត" ចាប់ពីឆ្នាំ ២០១៤ មក យោធភូមិភាគទី ៥ បានប្រមូលយុទ្ធជន និងកងជីវពលជិត ៣២០,០០០ នាក់; មធ្យោបាយ និងឧបករណ៍ជាង ៦,៦០០ គ្រឿងចូលរួមឆ្លើយតបនឹងគ្រោះមហន្តរាយ និងស្វែងរក សង្គ្រោះគ្រោះមហន្ដរាយ ដោយសម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រើន ការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន និងរដ្ឋ។ បរិច្ចាគទឹកប្រាក់ និងជួយប្រជាជននៅតំបន់ដែលរងការខូចខាតរាប់ពាន់លានដុង...រូបភាពយុទ្ធជននៃ "យោធភូមិភាគទី ៥" ត្រៀមខ្លួនចែករំលែកអាហារ និងសម្លៀកបំពាក់ ជួយជនរងគ្រោះដែលរងគ្រោះដោយសារខ្យល់ព្យុះ រួមចំណែករីកសាយភាយរូបភាពកងទ័ពអ៊ំ ហូ ក្នុងដួងចិត្តប្រជាជន៕
បកប្រែដោយ Pham Diep