កងឆ្មាំសមុទ្រវៀតណាមទទួលគ្រឿងឥស្សរិយយសយុទ្ធជ័យថ្នាក់ទី ២
កប.អនឡាញ - នាព្រឹកថ្ងៃទី៥ ខែកក្កដា កងឆ្មាំសមុទ្រវៀតណាម បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងរយៈពេល៦ ខែដើមឆ្នាំ២០២៥ និងទទួលគ្រឿងឥស្សរិយយសយុទ្ធជ័យថ្នាក់ទីពីរ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា។
ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៥ កងឆ្មាំសមុទ្រវៀតណាមបានរក្សាការប្រចាំការ ការត្រៀមខ្លួនប្រយុទ្ធយ៉ាងតឹងរឹងនៅគ្រប់លំដាប់ថ្នាក់ ក្ដាប់ជាប់ស្ថានភាព និងផ្ដល់យោបល់ទាន់ពេលជូនគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសក្នុងការដោះស្រាយស្ថានការណ៍នៅសមុទ្រប្រកបដោយប្រសិទ្ធភាព កុំឲ្យមានភាពអសកម្ម ឬជាយថហេតុកើតឡើងឡើយ។
កងឆ្មាំសមុទ្រក៏បានសហការយ៉ាងជិតស្និទ្ធជាមួយបណ្ដាកងកម្លាំងអនុវត្ដប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិត្រឹមត្រូវ (IUU)។ ព្រមទាំងចាត់បញ្ជូនកម្មាភិបាល យុទ្ធជន និងមធ្យោបាយចូលរួមជួយសង្គ្រោះគ្រោះមហន្ដរាយ ក៏ដូចជាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងការបំពានច្បាប់ៗល។
ថ្លែងក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានកោតសរសើរចំពោះលទ្ធផលលេចធ្លោរបស់កងឆ្មាំសមុទ្រវៀតណាមក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៥។ នាពេលខាងមុខ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឱ្យកងឆ្មាំសមុទ្រវៀតណាមសហការជាមួយកងកម្លាំងការពារអធិបតេយ្យភាព កម្លាំងអនុវត្ដច្បាប់ប្រយុទ្ធប្រឆាំងការរត់ពន្ធ ក្លែងបន្លំពាណិជ្ជកម្ម បង្ការ និងប្រយុទ្ធប្រឆាំងនឹងចោរសមុទ្រ ការពារការរុករកប្រេង និងឧស្ម័ន ព្រមទាំងរៀបចំផែនការស្វែងរក និងជួយសង្គ្រោះឱ្យបានល្អ។ ទន្ទឹមនឹងនោះ កងឆ្មាំសមុទ្រត្រូវអនុវត្តប្រកបដោយប្រសិទ្ធភាពនូវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្ដន៍ ការធ្វើបរិវត្ដកម្មឌីជីថល កំណែទម្រង់រដ្ឋបាល និងចលនា "អប់រំឌីជីថល" នៅក្នុងកងកម្លាំងទាំងមូល។
    |
 |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ប្រគល់គ្រឿងឥស្សរិយយសយុទ្ធជ័យថ្នាក់ទី២ ជូនកងឆ្មាំសមុទ្រវៀតណាម |
នៅក្នុងកិច្ចប្រជុំនេះ ដោយទទួលការផ្ទេរសិទ្ធិពីលោកប្រធានរដ្ឋ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានប្រគល់គ្រឿងឥស្សរិយយសយុទ្ធជ័យថ្នាក់ទី ២ ជូនកងឆ្មាំសមុទ្រវៀតណាម និងគ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទី ២ ជូនលោកឧត្តមសេនីយ៍ត្រី Vu Trung Kien មេបញ្ជាការរងច្បាប់កងឆ្មាំសមុទ្រវៀតណាម៕
បកប្រែដោយ Thanh Cong