ពាណិជ្ជករស្រ្តីវៀតណាម ហ្វីលីពីន និងកាហ្សាក់ស្ថានពង្រឹងការតភ្ជាប់
កប.អនឡាញ - ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលស្ត្រីពិភពលោកលើកទី ៣៥ នៅទីក្រុង Berlin ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៥ គណៈប្រតិភូវៀតណាមដែលចូលរួមកិច្ចប្រជុំនេះ រួមមានប្រតិភូ ៣៥ នាក់មកពីវេទិកាស្ត្រីវៀតណាមនៅអឺរ៉ុប និងពាណិជ្ជករស្ត្រីចំនួន ៣០ នាក់មកពីបណ្តាញអ្នកដឹកនាំស្ត្រីត្រួសត្រាយ WeLead មកពីវៀតណាម បានមានជំនួបធ្វើការតភ្ជាប់ពាណិជ្ជកម្មជាមួយគណៈប្រតិភូមកពីហ្វីលីពីន និងកាហ្សាក់ស្ថាន។
មានប្រសាសន៍នៅក្នុងជំនួប លោកស្រីបណ្ឌិត Phan Bich Thien ប្រធានវេទិកាស្ត្រីវៀតណាមនៅអឺរ៉ុប បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការតភ្ជាប់ស្ត្រីមកពីប្រទេសផ្សេងៗគ្នាក្នុងយុគសម័យឌីជីថលនាពេលបច្ចុប្បន្ននេះ។
    |
 |
លោកស្រីបណ្ឌិត Phan Bich Thien ប្រធានវេទិកាស្ត្រីវៀតណាមនៅអឺរ៉ុប មានប្រសាសន៍នៅក្នុងជំនួប |
ក្នុងយុគសម័យបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិតអភិវឌ្ឍយ៉ាងឆាប់រហ័ស ស្ត្រី ជាពិសេសពាណិជ្ជករស្ត្រីចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យា និងតាមទាន់ជាមួយតម្រូវការថ្មីៗនៃសម័យកាល។ ការតភ្ជាប់មានសារៈសំខាន់ក្នុងការចែករំលែកបទពិសោធន៍ បង្កើតឱកាសសម្រាប់កិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍទៅវិញទៅមក។ ពិធីជួបសំណះសំណាលនឹងដាក់មូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងពាណិជ្ជករស្ត្រីវៀតណាមក្នុងប្រទេសក៏ដូចជានៅអឺរ៉ុប ជាមួយពាណិជ្ជករស្ត្រីកាហ្សាក់ស្ថាន និងហ្វីលីពីននាពេលខាងមុខ។
លោកស្រី Nguyen Thi Tuyet Minh ប្រធាន WeLead បានសម្តែងនូវសេចក្តីរីករាយដែលពាណិជ្ជករស្ត្រីមកពីប្រទេសផ្សេងៗគ្នាមានឱកាសជួបជុំគ្នា និងពិភាក្សាអំពីបញ្ហាជាក់លាក់ ហើយសង្ឃឹមថាប្រតិភូទាំងឡាយដែលចូលរួមក្នុងជំនួបនឹងមានការតភ្ជាប់ដ៏មានប្រយោជន៍។
    |
 |
ប្រតិភូនានាចូលរួមក្នុងជំនួប |
លោកស្រី Raushan Sarsembayeva ប្រធានសមាគមពាណិជ្ជករស្ត្រីកាហ្សាក់ស្ថាន បានថ្លែងអំណរគុណចំពោះភាគីវៀតណាមដែលមានគំនិត និងការរៀបចំយ៉ាងម៉ត់ចត់សម្រាប់ពិធីជួបសំណះសំណាលដ៏មានអត្ថន័យនេះ។ លោកស្រី Raushan Sarsembayeva បានណែនាំអំពីវិស័យដែលជាប្រៀបខ្លាំងរបស់ពាណិជ្ជករស្ត្រីកាហ្សាក់ស្ថាន និងសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការជាមួយវៀតណាម។
រីឯលោកស្រី Rosemarie Rafael ប្រធានក្រុមប្រឹក្សាពាណិជ្ជករស្ត្រីហ្វីលីពីន បានមានប្រសាសន៍ថា វៀតណាម និងហ្វីលីពីនមានភូមិសាស្ត្រជិតស្និទ្ធ ដូច្នេះហើយ វាពិតជាងាយស្រួលសម្រាប់កិច្ចសហប្រតិបត្តិការ។ លោកស្រីក៏បានណែនាំអំពីផែនការសហប្រតិបត្តិការជាក់លាក់ជាមួយវៀតណាមនាពេលខាងមុខ។
នៅក្នុងជំនួប ប្រតិភូទាំងឡាយបានមានការផ្លាស់ប្តូរជាក់លាក់ជាច្រើន បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការតភ្ជាប់ប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ។ សកម្មភាពនេះបានបញ្ជាក់ថា ស្ត្រីវៀតណាមមានភាពស្វាហាប់ ច្នៃប្រឌិតខ្ពស់ ឈានដល់ពិភពលោក ដើម្បីបញ្ជាក់ពីកិត្យានុភាពរបស់វៀតណាមជាមួយមិត្តអន្តរជាតិ៕
បកប្រែដោយ Huyen Trang