ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម ជួបសំណេះសំណាលជាមួយអ្នកមានគុណបំណាច់
កប.អនឡាញ - នាថ្ងៃទី១៧ ខែឧសា នៅទីក្រុងហាណូយ ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម បានជួបសំណេះសំណាលជាមួយគណៈប្រតិភូអ្នកមានគុណបំណាច់ចំពោះបដិវត្តន៍ទីក្រុង Can Tho។
លោកឧត្តមសេនីយ៍ទោ Le Quang Minh អនុប្រធាននយោបាយ អគ្គស្នងការដ្ឋាននយោបាយ កងទ័ពប្រជាជនវៀតណាម បានអញ្ជើញចូលរួមនិងជាអធិបតីក្នុងជំនួបនេះ។
ក្នុងជំនួប លោកឧត្តមសេនីយ៍ទោ Le Quang Minh បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស បានបញ្ជាឲ្យស្ថាប័នមានសមត្ថកិច្ចសហការជាមួយក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋាន ក្នុងការស្រាវជ្រាវ និងធ្វើសេនាធិការជូនបក្ស រដ្ឋ ស្ដីពីការចេញ និងបំពេញឲ្យទាន់វេលានូវឯកសារស្ដីពីរបបគោលនយោបាយសម្រាប់អ្នកមានគុណបំណាច់ចំពោះបដិវត្តន៍និងគ្រួសារនៃយុទ្ធជន។
ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក កងទ័ពទាំងមូលបានចលនាកម្មាភិបាល យុទ្ធជន និងកៀងគរបានជំនួយហិរញ្ញវត្ថុសម្រាប់មូលនិធិ “តបស្នងសងគុណ” ក្នុងថវិកាជិត ៥៥០ ពាន់លានដុងវៀតណាម សាងសង់ផ្ទះតបស្នងសងគុណជាង ៧០០០ ខ្នង ថែទាំវីរអ្នកម្ដាយវៀតណាម ២,៨៧៩ នាក់ ជួយទំនុកបម្រុងកូនយុទ្ធជនពលី និងយុទ្ធជនពិការធ្ងន់ ៧០២ នាក់។ល។ សកម្មភាពពោលខាងលើរបស់កម្មាភិបាល និងយុទ្ធជននៃកងទ័ពប្រជាជនវៀតណាម បានចូលរួមចំណែកជាមួយបក្សទាំងមូល ប្រជាជនទាំងមូលធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅនៃអ្នកទទួលរបបឧបត្ថម្ភគោលនយោបាយពីរដ្ឋ និងអ្នកមានគុណបំណាច់ចំពោះបដិវត្តន៍ ព្រមទាំងអប់រំឲ្យកម្មាភិបាល យុទ្ធជន ជាពិសេសគឺជំនាន់ក្រោយអំពីគុណធម៌ “ផឹកទឹកនឹកដល់ប្រភពដើម” របស់ប្រជាជាតិវៀតណាម៕
បកប្រែដោយ Thuy Anh