“ដោយក្តីគោរព និងការដឹងគុណ ខ្ញុំសូមសរសេរសំបុត្រមួយនេះជូនទៅកាន់ពូៗដែលមានចិត្តសប្បុរសធម៌ ដែលបានជួយខ្ញុំជាច្រើនឆ្នាំមកនេះ។ ថ្វីត្បិតតែអំណោយ និងលុយមិនច្រើនក៏ដោយ ក៏វាជួយឲ្យខ្ញុំអាចទិញសម្ភារៈសិក្សា និងបានទៅសាលារៀន…”។ នោះគឺជាសំបុត្រមួយរបស់ប្អូន Vo Van Trong ដែលរស់នៅភូមិ Tra Phot ឃុំ Phu My ស្រុក Giang Thanh (ខេត្ត Kien Giang) ផ្ញើជូន​ថ្នាក់ដឹកនាំ និងមេបញ្ជាការប៉ុស្តិ៍ការពារព្រំដែន Phu My បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន Kien Giang នៅពេល​ដែល​ប្អូនក្លាយជានិស្សិតឆ្នាំទី១ អនុមហាវិទ្យាល័យវិជ្ជាជីវៈ Kien Giang។

leftcenterrightdel
ពិធីប្រគល់អាហារូបករណ៍របស់កងទ័ពការពារព្រំដែនខេត្ត Kien Giang ដល់សិស្សានុសិស្សកម្ពុជានៅបង្គោលព្រំដែនលេខ ៣០៤/៨ ស្រុក Giang Thanh ខេត្ត Kien Giang

ប្អូន Vo Van Trong គឺជាសិស្សម្នាក់ក្នុងចំណោមសិស្សរាប់សិបនាក់ទទួលបានការជួយឧបត្ថម្ភពីប៉ុស្តិ៍ការពារព្រំដែន Phu My តាមរយៈកម្មវិធី "ជួយឧបត្ថម្ភសិស្សឲ្យបានទៅសាលារៀន" ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២។ យោងតាមលោកវរសេនីយ៍ឯក Danh Tam ប្រធាននយោបាយនៃប៉ុស្តិ៍ការពារព្រំដែន Phu My ដែលជាអង្គភាពឈរជើងក្នុងឃុំចំនួនពីរគឺ Phu My និង Phu Loi នៃស្រុក Giang Thanh មានជនជាតិខ្មែរជិត ៥០% កំពុងរស់នៅ។ ដោយសារស្ថានភាពលំបាក កូនៗរបស់បងប្អូនជនជាតិខ្មែរនៅទីនេះភាគច្រើនត្រូវឈប់រៀននៅត្រឹម​ថ្នាក់ទី១ ទី២ មិនបានទៅរៀនបន្តទេ។ ក្នុងឆ្នាំ ២០១៤ អង្គភាពបានសហការជាមួយគណៈកម្មាធិការប្រជាជនឃុំ Phu My ជួយឧបត្ថម្ភដល់សិស្សសាលាបឋមសិក្សា Phu My ចំនួន ២ នាក់ ក្នុងម្នាក់ៗ ទទួលបាន ៥០០,០០០ ដុងក្នុងមួយខែ ថវិកានេះមកពីការជួយឧបត្ថម្ភពីនាយទាហាន នាយទហានរងនៃប៉ុស្តិ៍។ ដោយមានការជួយឧបត្ថម្ភនេះ សិស្សទាំងពីរនាក់ដែលមានស្ថានភាពលំបាកខ្លាំងនេះអាចទៅសាលារៀន មានកំលាំងចិត្តខិតខំសិក្សារៀនសូត្រ និងទទួលបានលទ្ធផលសិក្សាល្អគ្រាន់បើជារៀងរាល់ឆ្នាំ។ ចាប់តាំងពីពេលនោះមក ជារៀងរាល់ឆ្នាំ អង្គភាពបានជួយឧបត្ថម្ភសិស្សានុសិស្សរាប់សិបនាក់នៅក្នុងតំបន់។

leftcenterrightdel
ថ្នាក់​ដឹក​នាំ​​ប៉ុស្តិ៍ការពារព្រំដែន Phu My ផ្តល់អាហារូបករណ៍ដល់សិស្សកម្ពុជា

អ្នកស្រី Thi Nhi (ម្តាយរបស់ប្អូន Thi Ao សិស្សថ្នាក់ទី ៨ នៃអនុវិទ្យាល័យ Phu My) បាននិយាយទាំងទឹកភ្នែកថា “ប្តីខ្ញុំ និងខ្ញុំបានលែងលះគ្នាជាច្រើនឆ្នាំមកហើយ។ ខ្ញុំ និងកូនរស់នៅជាមួយម្តាយខ្ញុំ។ រាល់ថ្ងៃខ្ញុំទៅលក់ឆ្នោតរកប្រាក់ គ្រួសារខ្ញុំក្រីក្រណាស់។ ជាភ័ពសំណាង កងទ័ពការពារព្រំដែនបានជួយឧបត្ថម្ភលើប្រាក់សិក្សាជារៀងរាល់ខែ ដូច្នេះកូន​ខ្ញុំ​មិនត្រូវខកខានការរៀនឡើយ»។

ដើម្បីឲ្យកម្មវិធី “ជួយឧបត្ថម្ភសិស្សឲ្យបានទៅសាលារៀន” មានប្រសិទ្ធភាព បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន Kien Giang មានវិធាសាស្ត្រ និងកិច្ចខិតខំប្រឹងប្រែងជាច្រើនរៀងៗខ្លួន។ រហូតមកដល់ពេលនេះ គ្រប់អង្គភាព នៃកងទ័ពការពារព្រំដែន Kien Giang សម្រេចបានលើសគោលដៅដែលបានកំណត់។ លោកវរសេនីយ៍ឯក Huynh Van Dong ប្រធាននយោបាយនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន Kien Giang បានមានប្រសាសន៍ថា៖ “ប៉ុន្មានឆ្នាំមកនេះ នាយទាហាន នាយទាហានរងនៃអង្គភាពបានជួយឧបត្ថម្ភសិស្សក្រីក្រជាង ១០០ នាក់ ឲ្យ​ជម្នះការលំបាក ខិតខំសិក្សាបានល្អ ក្នុងនោះជិតពាក់កណ្តាលជាកូនខ្មែរ។ ពួកគេភាគច្រើនជាក្មេងកំព្រាឪពុកម្តាយ។ ចំណុចពិសេសរបស់កម្មវិធីនោះគឺមិនត្រឹមតែជួយដល់សិស្សក្រីក្រនៅតាមមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែយើងថែមទាំងជួយដល់សិស្សកម្ពុជាដែលរស់នៅតាមតំបន់ព្រំដែនទៀតផង។ សកម្មភាពជាក់ស្តែងនេះទទួលបានទំនុកចិត្ត និងសេចក្តីស្រឡាញ់របស់ប្រជាជនកម្ពុជា ពង្រឹងទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា និងកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍៕

បកប្រែដោយ Duy Hoan