អ្នកយកព័ត៌មាន៖ តើលោករដ្ឋមន្រ្តីអាចនិយាយអំពីលទ្ធផលនៃកិច្ចប្រជុំកំពូលពិសេសរំលឹកខួបលើកទី៥០ នៃទំនាក់ទំនងអាស៊ាន-អូស្ត្រាលីបានទេ?

រដ្ឋមន្ត្រីក្រសួងការបរទេស Bui Thanh Son៖ យើងអាចសង្កេបបានថា នេះគឺជាកិច្ចប្រជុំមួយដែលមានអត្ថន័យពិសេស ព្រោះថា រយៈពេល ៥០ ឆ្នាំគឺជា “តម្រុយមាស” នៃទំនាក់ទំនងអាស៊ាន និងអូស្ត្រាលី ផ្តើមពីនោះកំណត់បានទិសដៅអភិវឌ្ឍទំនាក់ទំនងក្នុងដំណាក់កាលថ្មី។ កិច្ចប្រជុំនេះទទួលបានជោគជ័យយ៉ាងខ្លាំង ដោយមានលទ្ធផលសំខាន់ៗជាច្រើន។

ទីមួយ មេដឹកនាំនៃភាគីទាំងពីរបានលើកកម្ពស់សារៈសំខាន់ និងតម្លៃនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់ភាគីនិមួយៗ ក៏ដូចជាតំបន់ទាំងមូល ដែលក្នុងនោះការជឿទុកចិត្តផ្នែកនយោបាយកំពុងកើនឡើងដោយមិនឈប់ឈរ។ កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌-សង្គម... និងវិស័យថ្មីទាំងអស់ត្រូវបានដាក់ពង្រាយយ៉ាងខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាព។

ទីពីរ ជំរុញកិច្ចសហប្រតិបត្តិការរយៈពេល ៥០ ឆ្នាំ ភាគីទាំងពីរបានឯកភាពលើទិសដៅសំខាន់ៗ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនាពេលខាងមុខ ពោលគឺ (i) បង្កើតការផ្លាស់ប្តូរដ៏រឹងមាំនៃសេដ្ឋកិច្ចសហប្រតិបត្តិការ ជាពិសេសពាណិជ្ជកម្ម និងការវិនិយោគ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ដូចជាការច្នៃប្រឌិត សេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរថាមពល ពាណិជ្ជកម្មតាមអេឡិចត្រូនិក។ (ii) បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ ការពារជាតិ សន្តិសុខ កិច្ចសហប្រតិបត្តិការដែនសមុទ្រ និងសន្តិសុខតាមអ៊ីនធឺណិត។ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាល ពលកម្ម ទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ជាពិសេសរវាងយុវជន និងអ្នកដឹកនាំវ័យក្មេងនៃភាគីទាំងពីរ។

ទី៣៖ ភាគីទាំងពីរបានឯកភាពលើកកម្ពស់វប្បធម៌សន្ទនា និងកិច្ចសហប្រតិបត្តិការ កសាងទំនុកចិត្ត និងទប់ស្កាត់ជម្លោះ ព្រមទាំងតួនាទីនៃច្បាប់អន្តរជាតិ និងពហុភាគីនិយមក្នុងការដោះស្រាយ និងសហប្រតិបត្តិការដើម្បីដោះស្រាយរាល់បញ្ហាប្រឈមនានា។ សង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពដែនសមុទ្រ និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

កិច្ចប្រជុំបានអនុម័តឯកសារសំខាន់ៗចំនួនពីរគឺ "សេចក្តីប្រកាសទីក្រុងមែលប៊ន - ភាពជាដៃគូសម្រាប់អនាគត" និង "សេចក្តីថ្លែងការណ៍ទស្សនវិស័យភាពជាអ្នកដឹកនាំអាស៊ាន-អូស្ត្រាលី-ភាពជាដៃគូដើម្បីសន្តិភាព និងវិបុលភាព" ជាមូលដ្ឋានសម្រាប់អនុវត្តការចាប់ផ្តើមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលីនាពេលខាងមុខ។

leftcenterrightdel
លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ផ្តល់បទសម្ភាសន៍អំពីដំណើរទស្សនកិច្ចរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម

អ្នកយកព័ត៌មាន៖ តើការចូលរួម និងការរួមចំណែករបស់គណៈប្រតិភូវៀតណាមក្នុងកិច្ចប្រជុំនេះយ៉ាងដូចម៉្តេចលោករដ្ឋមន្ត្រី?

រដ្ឋមន្ត្រីក្រសួងការបរទេស Bui Thanh Son៖ តាំងពីដើមមក វៀតណាមបានចូលរួមយ៉ាងសកម្មទាំងក្នុងដំណើរការរៀបចំ ការកសាងរបៀបវារៈ និងការចរចាឯកសារ ព្រមទាំងការចូលរួម និងរួមចំណែកយ៉ាងសំខាន់ដល់ជោគជ័យជារួមនៃកិច្ចប្រជុំ។ ជាពិសេស សេចក្តីថ្លែងការណ៍ដ៏ស៊ីជម្រៅ ទូលំទូលាយ និងជាយុទ្ធសាស្ត្ររបស់លោក Pham Minh Chinh ត្រូវបានប្រទេសដទៃវាយតម្លៃខ្ពស់។

ប្រទេសនានាចាប់អារម្មណ៍នឹងលេខ ៣ ដែលលើកឡើងដោយនាយករដ្ឋមន្ត្រីវៀតណាម។ នោះគឺជារបកគំហើញ ៣ ការពង្រឹង ៣ និងការរួមគ្នា ៣ សម្រាប់ទំនាក់ទំនងអាស៊ាន-អូស្ត្រាលីនាពេលខាងមុខ។

របកគំហើញ ៣ រួមមានរបកគំហើញក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ របកគំហើញនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងកិច្ចសហប្រតិបត្តិការការងារ។ របកគំហើញនៅក្នុងកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងការច្នៃប្រឌិត ដោយផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរបៃតង និងវិស័យដែលកំពុងរីកចម្រើនដូចជាបន្ទះឈីប semiconductor និងបញ្ញាសិប្បនិម្មិត។

ការពង្រឹង ៣ រួមមានការពង្រឹងការជឿទុកចិត្តផ្នែកនយោបាយ ការលើកកម្ពស់វប្បធម៌សន្ទនា និងកិច្ចសហប្រតិបត្តិការ ការលើកកម្ពស់ការកសាងទំនុកចិត្ត និងការទូតទប់ស្កាត់ លើកទឹកចិត្តឱ្យប្រទេសធំៗក្នុងការរួមចំណែកប្រកបដោយការទទួលខុសត្រូវចំពោះតំបន់។ ពង្រឹងកិច្ចសហប្រតិបត្តិការអនុតំបន់ បង្រួមគម្លាតអភិវឌ្ឍន៍សម្រាប់ការអភិវឌ្ឍរួម និងនិរន្តរភាព; ពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌ និងការផ្លាស់ប្តូរប្រជាជន ជាពិសេសរវាងយុវជនជំនាន់ក្រោយនៃភាគីទាំងពីរ ដោយហេតុនេះពង្រឹងមូលដ្ឋានសង្គមយូរអង្វែង និងទំនាក់ទំនងរឹងមាំ។

រួមគ្នា ៣ គឺការកសាងតំបន់សាមគ្គី និងមានភាពធន់; រួមគ្នាលើកកម្ពស់តំបន់ដែលគោរពច្បាប់អន្តរជាតិ និងប្រតិបត្តិការដោយផ្អែកលើច្បាប់។ រួមគ្នាកសាងនិងបង្កើតរចនាសម្ព័ន្ធតំបន់ដែលបើកចំហ រួមបញ្ចូលគ្នា លើកកម្ពស់ពហុភាគីនិយមជាមួយអាស៊ានដើរតួនាទីស្នូល។

ការចូលរួមរបស់វៀតណាមក្នុងកិច្ចប្រជុំនេះ បានរួមចំណែកលើកកំពស់តួនាទីរបស់វៀតណាមក្នុងទំនាក់ទំនងអាស៊ាន-អូស្ត្រាលី ហើយទន្ទឹមនឹងនោះ តាមរយៈអាស៊ាន ជំរុញទំនាក់ទំនងទ្វេភាគីវៀតណាម-អូស្ត្រាលី ឲ្យមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាពថែមទៀតនាពេលខាងមុខ។

អ្នកយកព័ត៌មាន៖ តើលោកអាចចែករំលែកអំពីលទ្ធផលលេចធ្លោនៃដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់របស់នាយករដ្ឋមន្ត្រី និងភរិយាបានទេ?

រដ្ឋមន្ត្រីការបរទេស Bui Thanh Son៖ ភ្លាមៗបន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ដែលជាដៃគូយុទ្ធសាស្ត្ររបស់វៀតណាមនៅប៉ាស៊ីហ្វិកភាគខាងត្បូង។ ដំណើរទស្សនកិច្ចនៅប្រទេសទាំងពីរទទួលបានជោគជ័យលើគ្រប់វិស័យ និងជាព្រឹត្តិការណ៍សំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាម និងប្រទេសទាំងពីរ។

នៅប្រទេសអូស្ត្រាលី ចំណុចលេចធ្លោបំផុតនៃដំណើរទស្សនកិច្ចនេះគឺលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រកាសអំពីការលើកកំពស់ទំនាក់ទំនងវៀតណាម-អូស្ត្រាលី ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីអនុវត្តទិសដៅសំខាន់ៗចំនួនប្រាំមួយ រួមមាន៖ (i) ការជឿទុកចិត្តខាងនយោបាយ ការទូតកាន់តែខ្ពស់ជាង និងយុទ្ធសាស្ត្រជាជាង។ (ii) កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគកាន់តែទូលំទូលាយ ជាក់ស្តែង និងមានប្រសិទ្ធភាព។ (iii) ជំរុញកិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្ត-បច្ចេកវិទ្យា ការច្នៃប្រឌិត ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរបៃតងកាន់តែខ្លាំងឡើង។ (iv) កិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ និងស៊ីជម្រៅក្នុងវប្បធម៌ ការអប់រំ-បណ្តុះបណ្តាល បរិស្ថាន និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ (v) ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងទំនាក់ទំនងរវាងរាល់ជំនាន់កាន់តែបើកចំហ និងស្មោះត្រង់។ (vi) ការយោគយល់ និងការចែករំលែកបន្ថែមអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ។ ក្នុងដំណើរទស្សនកិច្ចនេះ ក្រសួង និងស្ថាប័ននៃប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន ១៣ លើវិស័យផ្សេងៗគ្នា។

នៅប្រទេសនូវែលសេឡង់ លោក Pham Minh Chinh បានជួបពិភាក្សាយ៉ាងទូលំទូលាយជាមួយនាយករដ្ឋមន្ត្រី Christopher Luxon និងជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នូវែលសេឡង់មួយចំនួន។ តាមរយៈដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានបង្កើនការជឿទុកចិត្តផ្នែកនយោបាយ ការយោគយល់គ្នាទៅវិញទៅមក ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម កសិកម្ម ការអប់រំ ការផ្លាស់ប្តូរប្រជាជននិងប្រជាជន ហើយជាមួយនោះបានបើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យថ្មីមួយចំនួនដូចជា ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរឌីជីថល...

ភាគីទាំងពីរក៏បានឯកភាពសម្របសម្រួលជំរុញសកម្មភាពជំរុញពាណិជ្ជកម្ម ដើម្បីនាំឱ្យទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានគោលដៅចំនួន ២ ពាន់លានដុល្លារក្នុងឆ្នាំនេះ និងវិធានការស្រាវជ្រាវនាំមកទុនវិនិយោគទ្វេភាគីឡើងដល់ ៥០០ លានដុល្លារនៅឆ្នាំ ២០៣០ ដោយប្តេជ្ញាធ្វើការរួមគ្នាដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ក្នុងឱកាសនេះ ក្រសួង និងស្ថាប័ននានានៃភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួនបីក្នុងវិស័យអប់រំ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ។

ទាំងអូស្ត្រាលី និងនូវែលសេឡង់ បានវាយតម្លៃខ្ពស់ចំពោះកិត្យានុភាព និងតួនាទីដែលកំពុងរីកចម្រើនរបស់វៀតណាមនៅក្នុងតំបន់ និងពិភពលោក ហើយឯកភាពបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ ដើម្បីផលប្រយោជន៍ប្រជាជន ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

អ្នកយកព័ត៌មាន៖ សូមអរគុណលោករដ្ឋមន្ត្រី!

បកប្រែដោយ Minh Trung