និទាឃរដូវថ្មីសម្រាប់ទំនាក់ទំនងវៀតណាម-ចិន
កប.អនឡាញ - នាថ្ងៃទី១២ ខែធ្នូ ប្រជាជនវៀតណាម និងចិនបានស្វាគមន៍ព្រឹត្តិការណ៍មួយដែលដ៏មានអត្ថន័យ និងក្តីសង្ឃឹម គឺដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាមរបស់លោក Xi Jinping អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន និងលោកជំទាវ តបតាមការអញ្ជើញរបស់លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងលោកជំទាវ លោក Vo Van Thuong ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោកជំទាវ។
នាប៉ុន្មានថ្ងៃចុងក្រោយឆ្នាំ២០២៣ នាំមកនូវសញ្ញារីករាយជាខ្លាំងសម្រាប់វៀតណាម និងចិន ដែលជាប្រទេសជិតខាងទាំងពីរ មានចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់។ ទោះបីរងផលប៉ះពាល់ដោយសារការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃស្ថានភាពពិភពលោក និងជំងឺ Covid-19 ក៏ដោយ ក៏ប្រទេសចិននៅតែទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រ និងគួរឲ្យកោតសរសើរក្នុងវិស័យជាច្រើន។ ឥទ្ធិពលរបស់ប្រទេសចិនលើបញ្ហាអន្តរជាតិជាច្រើន និងនៅវេទិកាអន្តរជាតិធំៗក៏ត្រូវបានលើកម្ពស់ផងដែរ។ទន្ទឹមនឹងការអភិវឌ្ឍរបស់ប្រទេសចិន ចាប់តាំងពីដើមអាណត្តិនៃមហាសន្និបាតលើកទី១៣ របស់បក្សកម្មុយនិស្តវៀតណាម រហូតមកដល់បច្ចុប្បន្ន វៀតណាមក៏សម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រើន រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការពារជាតិ សន្តិសុខ ការកសាងនិតិរដ្ឋនៃសង្គមនិយម ការកសាងនិងកែតម្រូវបក្ស បន្តរួមចំណែកយ៉ាងសកម្ម មានទំនួលខុសត្រូវ និងមានកិត្យានុភាពនៅវេទិកាតំបន់ និងអន្តរជាតិ។
កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ១៩៥០ ជាថ្ងៃដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងវៀតណាម-ចិន។ មិនយូរប៉ុន្មានបន្ទាប់ពីការបង្កើតឡើង សាធារណរដ្ឋប្រជាមានិតចិនបានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោកដែលបង្កើតទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (បច្ចុប្បន្នជាសាធារណរដ្ឋសង្គមនិយមវៀតណាម)។ រយៈពេល ៧៣ ឆ្នាំកន្លងទៅ មិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតែជាកត្តាដ៏សំខាន់ក្នុងទំនាក់ទំនងទ្វេភាគីវៀតណាម-ចិន ដែលបង្ហាញពីការជួយគាំទ្រដ៏ស្មោះស្ម័គ្រ និងមានតម្លៃដែលប្រទេសទាំងពីរបានផ្តល់ឲ្យគ្នាទៅវិញទៅមក។ សមិទ្ធផលទាំងឡាយដែលប្រជាជនវៀតណាម និងប្រជាជនចិនសម្រេចបានក្នុងការផ្លាស់ប្ដូរថ្មី កំណែទម្រង់ និងការបើកទូលាយ រួមជាមួយនឹងការរួមចំណែកប្រកបដោយប្រសិទ្ធភាពរបស់ប្រទេសទាំងពីរក្នុងបញ្ហាអន្តរជាតិ ការរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់នាពេលថ្មីៗនេះ បានបង្ហាញឲ្យឃើញបន្ថែមទៀតថា មិត្តភាព និងកិច្ចសហប្រតិបត្តិការ គឺជាបំណងប្រាថ្នារបស់បក្សទាំងពីរ ប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។
ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ទំនាក់ទំនងវៀតណាម-ចិននៅប៉ុន្មានឆ្នាំថ្មីៗនេះ បានបន្តបង្ហាញពីការតភ្ជាប់ជាពិសេសលើកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ ការបរទេស ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន និងការផ្លាស់ប្តូររវាងមូលដ្ឋាននៃប្រទេសទាំងពីរ...
ឆ្នាំនេះ វៀតណាម និងចិនបានរំលឹកខួបលើកទី ១៥ នៃការអនុវត្តក្របខ័ណ្ឌភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ (ឆ្នាំ២០០៨-ឆ្នាំ២០២៣) ដោយការអភិវឌ្ឍជាវិជ្ជមាន និងចំណុចភ្លឺស្វាងក្នុងវិស័យជាច្រើន ជាពិសេសលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ បច្ចុប្បន្ន ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត និងជាទីផ្សារនាំចូលធំទីពីររបស់វៀតណាម និងជាប់ចំណាត់ថ្នាក់ទី ៦ ក្នុងចំណោមប្រទេស និងតំបន់ដែនដីចំនួន ១៤៤ ដែលវិនិយោគនៅវៀតណាម។ ទន្ទឹមនឹងនោះ វៀតណាមជាដៃគូពាណិជ្ជកម្មធំទី៤ និងធំបំផុតរបស់ចិនក្នុងអាស៊ាន។
នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកទី៣ របស់លោក Xi Jinping អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិននៅវៀតណាម។ ដំណើរទស្សនកិច្ចលើកនេះបានបញ្ជាក់ពីការយកចិត្តទុកដាក់ និងការផ្ដល់អាទិភាពកំពូលនៃប្រទេសទាំងពីរក្នុងការជម្រុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិនឲ្យអភិវឌ្ឍយ៉ាងរឹងមាំ ស្ថិរភាព និងនិរន្តរភាព។ ការទទួលស្វាគមន៍លោក Xi Jinping ក៏ត្រូវបានចាត់ទុកជាសកម្មភាពការបរទេសដ៏សំខាន់របស់បក្ស និងរដ្ឋវៀតណាម ហើយក៏ជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ ចំពោះទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។
ប្រជាជននៅរដ្ឋធានី ក៏ដូចជាប្រជាជនវៀតណាមទូទាំងប្រទេសមានសុទិដ្ឋិនិយម ហើយជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះគឺជាឱកាសសម្រាប់ថ្នាក់ដឹកនាំទាំងពីរ ប្រទេសទាំងពីរ រំលឹកឡើងវិញនូវដំណើរការក្នុងរយៈពេល ៧៣ ឆ្នាំនៃទំនាក់ទំនងជាអ្នកជិតខាងល្អ តាមរយៈនោះលើកឡើងវិធានការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ លើកកម្ពស់ទំនាក់ទំនងទ្វេភាគីឡើងកម្រិតថ្មីមួយ ឈានចូលនិទាឃរដូវថ្មីជាមួយនឹងសេចក្តីត្រេកអរ និងសមិទ្ធផលកាន់តែច្រើនថែមទៀត៕
បកប្រែដោយ Thuy Anh