ក្នុងឱកាសនេះ លោក Pham Sao Mai ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសចិន បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានវៀតណាមអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាអត្ថន័យនិងសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះ។
ស្តីអំពីអត្ថន័យនៃដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមរបស់លោក Xi Jinping អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន លោក Pham Sao Mai បានឲ្យដឹងថា នេះជាដំណើរទស្សនកិច្ចលើកទីបីនៅវៀតណាមរបស់លោក Xi Jinping ក្នុងតួនាទីជាប្រមុខបក្ស និងរដ្ឋចិន ហើយប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួបលើកទី ១៥ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ដំណើរទស្សនកិច្ចនេះជាការបន្តសកម្មភាពផ្លាស់ប្តូរជាន់ខ្ពស់រវាងបក្សទាំងពីរ និងប្រទេសទាំងពីរ បន្ទាប់ពីដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅប្រទេសចិនរបស់លោក Nguyen Phu Trong (ពីថ្ងៃទី ៣០ ខែតុលា ដល់ថ្ងៃទី ១ ខែមករា) បង្ហាញពីការយកចិត្តទុកដាក់របស់បក្ស រដ្ឋចិន និងលោក Xi Jinping ចំពោះទំនាក់ទំនងវៀតណាម-ចិន។
    |
 |
លោក Pham Sao Mai ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន (រូបថត៖ vnanet.vn) |
ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរនឹងពិភាក្សាអំពីទិសដៅសំខាន់ៗដែលជម្រុញឲ្យកាន់តែស៊ីជម្រៅ និងលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិន ពង្រីកប្រពៃណីនៃការផ្លាស់ប្តូររវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ ដើម្បីពង្រឹងទំនុកចិត្តនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ចូលរួមចំណែកជម្រុញឲ្យទំនាក់ទំនងទ្វេភាគីឈានចូលដំណាក់កាលអភិវឌ្ឍថ្មីដែលកាន់តែជាក់ស្ដែង និងមានប្រសិទ្ធភាពថែមទៀត។
លោក Pham Sao Mai បានបញ្ជាក់ថា ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស បានបង្កើតកម្លាំងចលករសម្រាប់ប្រទេសទាំងពីរពង្រឹង និងពង្រីកទំនាក់ទំនងជាអ្នកជិតខាង មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ជម្រុញទំនាក់ទំនងវៀតណាម-ចិនឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព។ នាពេលកន្លងមក ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-ចិន បន្តរក្សាសន្ទុះអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព សម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន។ ជាពិសេសចាប់តាំងពីដើមឆ្នាំនេះមក កិច្ចសហប្រតិបត្តិការដោយផ្ទាល់រវាងប្រទេសទាំងពីរត្រូវបានស្តារឡើងវិញ និងសម្រេចបាននូវវឌ្ឍនភាពវិជ្ជមានជាច្រើន។
ចំពោះទំនាក់ទំនងនយោបាយ ការផ្លាស់ប្តូរនិងជំនួបជាន់ខ្ពស់បានប្រព្រឹត្តទៅយ៉ាងជិតស្និទ្ធ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនុកចិត្តនយោបាយរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។ លោក Vo Van Thuong ប្រធានរដ្ឋ បានចូលរួមវេទិកាជាន់ខ្ពស់សហប្រតិបត្តិការអន្តរជាតិ "ខ្សែក្រវាត់ និងផ្លូវ" (BRF) លើកទីបី ដែលរៀបចំដោយប្រទេសចិន (ខែតុលា ឆ្នាំ២០២៣); លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន និងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Tianjin (ខែមិថុនា ឆ្នាំ២០២៣) និងចូលរួមពិព័រណ៍ចិន-អាស៊ាន (CAEXPO)។ល។
ក្នុងដំណើរទាំងនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរមានជំនួបសំខាន់ៗជាច្រើន ដោយបន្តដាក់ចេញនូវវិធានការសំខាន់ៗ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទស្សនៈរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ បង្កើតកម្លាំងចលករសម្រាប់ជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការដែលនាំមកនូវផលប្រយោជន៍ទៅវិញទៅមក។ កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងបក្សទាំងពីរ រដ្ឋាភិបាលទាំងពីរ រដ្ឋសភាទាំងពីរ រណសិរ្សមាតុភូមិទាំងពីរ ព្រមទាំងរវាងក្រសួង ស្ថាប័នសំខាន់ៗដូចជា ក្រសួងការបរទេស ក្រសួងការពារជាតិ ក្រសួងនគរបាល... និងមូលដ្ឋានជាប់ព្រំដែន ជំនួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ ទទួលបានលទ្ធផលជាក់ស្តែងជាច្រើន។
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្តជាចំណុចភ្លឺក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងចិនក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះសម្រេចបាន ១៣៩.២ ពាន់លានដុល្លារ (សម្រេចបាន ១៨៥ ពាន់លានដុល្លារតាមទិន្នន័យគយចិន)។ ចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម និងទីផ្សារនាំចេញធំទីពីរ ខណៈវៀតណាមជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ចិនក្នុងអាស៊ាន និងជាដៃគូធំទី ៨ របស់ចិនក្នុងពិភពលោក។
កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតដូចជា ទេសចរណ៍ វប្បធម៌ និងការអប់រំនៅតែមានការរីកចម្រើនតទៅទៀត។ ចិនបានបើកឡើងវិញនូវជើងហោះហើរពាណិជ្ជកម្មជាមួយវៀតណាម។ បច្ចុប្បន្ននេះ មានជើងហោះហើរជាង ២០០ រវាងប្រទេសទាំងពីរជារៀងរាល់សប្តាហ៍។ ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ២០២៣ មានភ្ញៀវទេសចរចិនចំនួន ១.៥ លាននាក់ទៅកាន់ប្រទេសវៀតណាម។ ចិនបានផ្ដល់ទិដ្ឋាការថ្មីសម្រាប់និស្សិត និងពលករវៀតណាមដែលត្រឡប់ទៅប្រទេសចិនវិញ។
សន្តិភាពនិងស្ថិរភាពនៅតំបន់ព្រំដែនគោកវៀតណាម-ចិនត្រូវបានរក្សា។ ភាគីទាំងពីរបានសហការយ៉ាងជិតស្និទ្ធដើម្បីអនុវត្តឯកសារច្បាប់ស្តីពីព្រំដែនគោកវៀតណាម-ចិន ពង្រឹងការគ្រប់គ្រងសន្តិសុខ និងសុវត្ថិភាពនៅតាមតំបន់ព្រំដែនគោក និងដោះស្រាយឲ្យបានល្អនូវរាល់បញ្ហាដែលកើតឡើងដោយឈរលើមូលដ្ឋាននៃឯកសារច្បាប់ចំនួន ៣ ស្តីពីព្រំដែនគោក។ ទាក់ទងនឹងបញ្ហាដែនសមុទ្រ ភាគីទាំងពីរសម្រេចបានទស្សនៈរួមស្ដីពីការគ្រប់គ្រងការខ្វែងគំនិតគ្នា រក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ជំរុញយន្តការចរចាអំពីបញ្ហាដែនសមុទ្រ អនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) យ៉ាងពេញលេញ ខិតខំកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) យ៉ាងជាក់ស្តែង និងប្រសិទ្ធភាព។
ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏សហការយ៉ាងសកម្មនៅវេទិកាពហុភាគី ដើម្បីជម្រុញសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងលើពិភពលោក លើកកំពស់តួនាទីជាមជ្ឈភាពរបស់អាស៊ាន និងគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។
លោក Pham Sao Mai បានចាត់ទុកថា វៀតណាម និងចិនមានទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏យូរអង្វែង ដែលត្រូវបានកសាង និងពូនជ្រំដោយថ្នាក់ដឹកនាំ និងប្រជាជនជាច្រើនជំនាន់នៃប្រទេសទាំងពីរ។ ក្នុងបរិបទនៃទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍយ៉ាងល្អប្រសើរ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់លោក Xi Jinping អគ្គលេខាបក្ស ប្រធានរដ្ឋចិន ពិតជានឹងបង្កើតកម្លាំងចលករ និងលើកកំពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម - ចិន បង្កើតមូលដ្ឋានដើម្បីគ្រប់លំដាប់ថ្នាក់ និងគ្រប់ស្ថាប័ននៃភាគីទាំងពីរពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងសកម្ម នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនបក្សទាំងពីរ ប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ៕
បកប្រែដោយ Thuy Anh