ដំណើរបំពេញបេសកកម្មរបស់លោកប្រធានរដ្ឋ បានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅក្នុងកម្មវិធីកិច្ចការបរទេសឆ្នាំ២០២៣ របស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋ បន្តរក្សា និងរួមចំណែកពង្រឹងទិដ្ឋភាពនៃកិច្ចការបរទេសប្រកបដោយសន្តិភាព ស្ថិរភាព និងអំណោយផលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ទន្ទឹមនឹងនោះ បានបញ្ជូនសារសំខាន់ៗអំពីទស្សនវិស័យ និងវិធីសាស្រ្តរបស់វៀតណាម ចំពោះបញ្ហាប្រឈមដែលពិភពលោក និងតំបន់កំពុងប្រឈមមុខ ...

leftcenterrightdel
លោកប្រធានរដ្ឋ Vo Van Thuong ចូលរួមកិច្ចសន្ទនាក្រៅផ្លូវការ និងទទួលអាហារថ្ងៃត្រង់ និងធ្វើការរវាងថ្នាក់ដឹកនាំ APEC

ផ្នត់គំនិតប្រកបដោយបរិយាប័ន្ន សុខដុមរមនា និងមនុស្សធម៌

នៅក្នុងព្រឹត្តិការណ៍នានាដែលមានវត្តមាន លោកប្រធានរដ្ឋ សុទ្ធតែបានលើកឡើងនូវគំនិតរបស់វៀតណាមសំដៅឆ្លើយតបទៅនឹងបញ្ហាបន្ទាន់នៃសេដ្ឋកិច្ចពិភពលោក ជាពិសេសគឺតម្រូវការអំពីផ្នត់គំនិតថ្មីប្រកបដោយបរិយាប័ន្ន សុខដុមរមនា និងមនុស្សធម៌។

មានប្រសាសន៍នៅកិច្ចប្រជុំកំពូលធុរកិច្ច APEC - ព្រឹត្តិការណ៍សំខាន់បំផុតរបស់សហគមន៍ធុរកិច្ចក្នុងតំបន់  លោកប្រធានរដ្ឋវៀតណាម បានអំពាវនាវឲ្យសហគមន៍ធុរកិច្ចបន្តរួមដំណើរជាមួយវៀតណាមក្នុងការពិគ្រោះយោបល់ និងលើកឡើងគោលនយោបាយ និងគំនិតវិនិយោគថ្មី  ការផ្ទេរដំណោះស្រាយ បច្ចេកវិជ្ជាទំនើបៗ និងទម្រង់សេដ្ឋកិច្ចថ្មី... ជាមួយនឹងគោលការណ៍យកគុណភាព ប្រសិទ្ធភាព បច្ចេកវិទ្យាខ្ពស់ និងការការពារបរិស្ថានជាលក្ខណៈវិនិច្ឆ័យកំពូល។

លោកប្រធានរដ្ឋ ក៏បានសង្កត់ធ្ងន់ថា ជោគជ័យរបស់ APEC អាចសម្រេចបានដោយអាស្រ័យលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាព និងភាពជឿជាក់រវាងសមាជិក និងដៃគូអាជីវកម្ម និងប្រជាជន។

លោកប្រធានរដ្ឋសង្ឃឹមថា សមាជិក APEC ទាំងអស់រួមគ្នាលើកតម្កើងស្មារតីនៃកិច្ចសហប្រតិបត្តិការ ទំនួលខុសត្រូវ លើកកំពស់ពហុភាគីនិយម ទុកភាពខុសគ្នាមួយអន្លើ ដើម្បីរួមគ្នាដោះស្រាយការលំបាក ជំនះបញ្ហាប្រឈមនានា ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

“វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីចូលរួមជាសមាជិក APEC និងសហគមន៍ធុរកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ក្នុងការកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់ប្រជាជនទាំងអស់” - ប្រធានរដ្ឋបានអះអាងនិងជឿជាក់ថា ជាមួយការឯកភាព និងការប្តេជ្ញាចិត្តរបស់ទាំងអស់គ្នា APEC នឹងបន្តរួមចំណែកក្នុងជោគជ័យនៃដំណាក់កាលអភិវឌ្ឍថ្មី។

ផ្នត់គំនិតប្រកបដោយបរិយាប័ន្ន សុខដុមរមនា និងមនុស្សធម៌ ត្រូវបានលើកឡើងជាបន្តបន្ទាប់ដោយប្រមុខរដ្ឋវៀតណាមក្នុងរាល់ជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមហាសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីវិបុលភាព (IPEF)។

លោកប្រធានរដ្ឋបាននិយាយថា IPEF ចាំបាច់ត្រូវរក្សាយន្តការសហប្រតិបត្តិការបើកចំហ និងមិនរើសអើង គាំទ្រដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីផ្អែកលើច្បាប់ ស្វាគមន៍ការចូលរួមរបស់ប្រទេសទាំងក្នុង និងក្រៅតំបន់។ គាំទ្រ និងបន្ថែមគំនិតតភ្ជាប់សេដ្ឋកិច្ចជាមួយតំបន់ផ្សេងៗ។ ទន្ទឹមនឹងនោះគឺការគោរព និងការគិតគូរពីភាពខុសគ្នា និងលក្ខណៈពិសេសរបស់ប្រទេសនីមួយៗ...

ទំនាក់ទំនងវៀតណាម-អាមេរិក គឺជាគំរូល្អនៃការផ្សាះផ្សារ និងការកសាង

ក្នុងដំណើរបំពេញបេសកកម្មនេះ លោកប្រធានរដ្ឋ Vo Van Thuong បានជួបពិភាក្សាការងារជាមួយលោកប្រធានធិបតី Joe Biden, បេសកជនពិសេសទទួលបន្ទុកការប្រែប្រួលអាកាសធាតុ លោក John Kerry, អភិបាលរដ្ឋ California និងអភិបាលរងក្រុង Los Angeles។

លោកប្រធានរដ្ឋក៏ទទួលជួបនូវធុរកិច្ចអាមេរិកនាំមុខគេមួយចំនួនដូចជា Boeing និង Apple, អញ្ជើញចូលរួម និងមានប្រសាសន៍នៅក្រុមប្រឹក្សាទំនាក់ទំនងកិច្ចការបរទេសសហរដ្ឋអាមេរិក (CFR) និងបានចូលរួម និងថ្លែងសុន្ទរកថាគន្លឹះនៅតុមូលស្ដីពីការតភ្ជាប់រវាងមូលដ្ឋានវៀតណាម និងធុរកិច្ចអាមេរិកលើបច្ចេកវិទ្យាខ្ពស់ ហើយនិងបានទស្សនាមន្ទីរពេទ្យ និងសាកលវិទ្យាល័យ Stanford...

គួរជាការកត់សម្គាល់ សុន្ទរកថារបស់លោកប្រធានរដ្ឋអំពី ស្ថានភាពពិភពលោក គោលមាគ៌ានយោបាយការបរទេសរបស់វៀតណាម និងទំនាក់ទំនងវៀតណាម-អាមេរិក នៅ CFR ត្រូវបានវាយតម្លៃខ្ពស់ពីភាគីអាមេរិក។

ក្នុងសុន្ទរកថានេះ លោកប្រធានរដ្ឋ Vo Van Thuong បានវាយតម្លៃថា ទំនាក់ទំនងរវាងវៀតណាម និងអាមេរិក មិនដែលមានការរីកចម្រើនល្អដូចសព្វថ្ងៃនេះទេ ហើយជាគំរូក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងអន្តរជាតិអំពីការផ្សះផ្សារ និងកសាងទំនាក់ទំនងឆ្ពោះទៅរកអនាគតក្រោយសង្គ្រាម។ លោកប្រធានរដ្ឋបានមានប្រសាសន៍ថា ទិសស្លោករបស់វៀតណាមក្នុងទំនាក់ទំនងជាមួយអាមេរិកគឺ “ទុកអតីតកាលមួយអន្លើ ជំនះភាពខុសគ្នា លើកកំពស់ភាពស្រដៀងគ្នា សម្លឹងឆ្ពោះទៅអនាគត”។

“ថ្នាក់ដឹកនាំសហរដ្ឋអាមេរិក បានអះអាងពីការគាំទ្រចំពោះ ប្រទេសវៀតណាម “រឹងមាំ ឯករាជ្យ ពឹងផ្អែកលើខ្លួនឯង និងវិបុលភាព”។ យើងកំណត់ថា សហរដ្ឋអាមេរិកជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ក្នុងគោលនយោបាយការបរទេសរបស់ខ្លួន" - លោកប្រធានរដ្ឋ បាននិយាយបែបនេះនៅក្នុងសុន្ទរកថារបស់ខ្លួន។

ផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានអះអាងថា ដំណើរបំពេញបេសកកម្មរបស់លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម បានរួមចំណែកក្នុងការអនុវត្តនូវរាល់លទ្ធផលនៃកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ បន្ទាប់ពីទំនាក់ទំនងវៀតណាម-អាមេរិក ត្រូវបានដំឡើង ជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕

បកប្រែដោយ Minh Trung