ក្រោមប្រធានបទ “ការតភ្ជាប់ និងការកសាងសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងភាពធន់” អង្គប្រជុំបានវាយតម្លៃលើដំណើរនៃកិច្ចសហប្រតិបត្តិការរយៈពេល ៣០ ឆ្នាំរបស់ APEC ចាប់តាំងពីកិច្ចប្រជុំកំពូលលើកដំបូងនៅកោះ Blake សហរដ្ឋអាមេរិក (១៩៩៣-២០២៣) និងពិភាក្សាអំពីទិសដៅសហប្រតិបត្តិការក្នុងដំណាក់កាលថ្មី។ មេដឹកនាំទាំងឡាយក៏បានវាយតម្លៃអំពីស្ថានភាពសេដ្ឋកិច្ចពិភពលោក បញ្ហាប្រឈម និងឱកាសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ លោក Vo Van Thuong បានសង្កត់ធ្ងន់ថា APEC គឺជាវេទិកាសហប្រតិបត្តិការ និងតភ្ជាប់ឈានមុខគេក្នុងតំបន់ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋ។ ពីជោគជ័យរបស់ APEC មេរៀនចំនួន​បីអាចត្រូវបានដកចេញសម្រាប់ពេលអនាគត៖ ទីមួយគឺភាពបើកចំហ និងសុច្ឆន្ទៈរបស់ភាគីទាំងអស់ក្នុងការយល់ច្បាស់និងការយកឈ្នះលើភាពខុសគ្នា ស្វែងរកសំឡេងរួម និងលើកកម្ពស់ផលប្រយោជន៍រួម; ទីពីរគឺចក្ខុវិស័យ និងគំនិតជាយុទ្ធសាស្ត្ររបស់មេដឹកនាំគ្រប់ជំនាន់ដែលបានកំណត់យ៉ាងត្រឹមត្រូវនូវតួនាទីរបស់អាស៊ី-ប៉ាស៊ីហ្វិក និង APEC និងទីបីគឺការគាំទ្រ និងការួមដំណើររបស់សហគមន៍អាជីវកម្ម និងប្រជាពលរដ្ឋ។

leftcenterrightdel
លោកប្រធានរដ្ឋ Vo Van Thuong ចូលរួមកិច្ចប្រជុំចង្អៀតមេដឹកនាំសេដ្ឋកិច្ចនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) (រូបថត៖ vnanet.vn)

អំពីទិសដៅសកម្មភាពរបស់ APEC លោកប្រធានរដ្ឋវៀតណាម បានសង្កត់ធ្ងន់ថា៖ ទី១ គឺរក្សា និងពង្រឹងសមិទ្ធិផលសំខាន់ៗក្នុងសេរីភាវូបនីយកម្ម និងបង្កលក្ខណៈងាយស្រួលសម្រាប់ពាណិជ្ជកម្ម និងវិនិយោគនៅអាស៊ីប៉ាស៊ីហ្វិក និងសកលលោក។ ទីពីរគឺបង្កើតក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ដើម្បីជួយគាំទ្រដល់បណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក ទាញយកផលប្រយោជន៍ពីកាលានុវត្តភាពអភិវឌ្ឍន៍ និងជំរុញកំណើនសេដ្ឋកិច្ច។ APEC ត្រូវផ្តោតលើការលើកកម្ពស់សមត្ថភាព ភាពច្នៃប្រឌិត និងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា  ទន្ទឹមនឹងនោះកសាងហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍ធនធានមនុស្ស គំរូធ្វើបរិវត្ដកម្មឌីជីថល និងគំរូផ្លាស់ប្តូរបៃតង។ ទី៣ គឺសហការកសាងតំបន់ និងខឿនសេដ្ឋកិច្ចនីមួយៗមានភាពធន់ និងត្រៀមខ្លួនឆ្លើយតបនឹងបញ្ហាប្រឈម។ លោកប្រធានរដ្ឋវៀតណាម ក៏លើកច្បាស់ដែរថា ប្រទេសជាសមាជិក APEC គប្បីបើកចំហ ស្មោះត្រង់ និងរក្សាការសន្ទនាស្ថាបនា ដើម្បីបង្កើនការយោគយល់គ្នា បង្រួមភាពខុសគ្នា និងបង្កើតការស្រុះចិត្តគំនិត។

លោកប្រធានរដ្ឋវៀតណាម បានសង្កត់ធ្ងន់ថា ក្រោយរយៈពេល ២៥  ឆ្នាំនៃការចូលរួម APEC និងបញ្ជាក់ពីការសន្យាបន្តរួមចំណែកដល់ការអភិវឌ្ឍនៃAPEC វៀតណាមបានស្នើធ្វើជាម្ចាស់ផ្ទះនូវរាល់សកម្មភាពនៃឆ្នាំ APEC ២០២៧។ ថ្នាក់ដឹកនាំ APEC បានវាយតំលៃខ្ពស់ និងគាំទ្រយ៉ាងខ្លាំងចំពោះសំណើរបស់វៀតណាម និងបានយល់ព្រមដាក់សំណើនេះចូលក្នុងសេចក្តីថ្លែងការណ៍រួមរបស់កិច្ចប្រជុំ។

leftcenterrightdel
លោកប្រធានរដ្ឋ Vo Van Thuong និងមេដឹកនាំសេដ្ឋកិច្ចនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) (រូបថត៖ vnanet.vn)

កិច្ចប្រជុំកំពូល APEC លើកទី៣០ បានបញ្ចប់ដោយជោគជ័យ។ ថ្នាក់ដឹកនាំទាំងឡាយបានអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីប្រកាស “បង្កើតអនាគតប្រកបដោយនិរន្តរភាព និងភាពធន់សម្រាប់ប្រជាពលរដ្ឋទាំងអស់” ដោយបញ្ជាក់ពីតួនាទីដឹកនាំរបស់ APEC ក៏ដូចជាតួនាទីជាវេទិកានាំមុខគេសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ មេដឹកនាំទាំងឡាយបានព្រមព្រៀងគ្នាថានឹងជួបប្រជុំគ្នានៅកិច្ចប្រជុំកំពូល APEC ២០២៤ នៅប្រទេសប៉េរូ និងឆ្នាំ APEC ២០២៥ នៅប្រទេសកូរ៉េខាងត្បូង៕

បកប្រែដោយ Pham Diep